ក្រុមហ៊ុនផលិតភេសជ្ជៈធំបំផុតរបស់អាមេរិកCoca-Colaបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញកាលពីត្រីមាសទីបួនឆ្នាំមុន ដោយសារការលក់ធ្លាក់ចុះតិចជាងការរំពឹងទុក ហើយបានសម្តែងការខកចិត្តជាខ្លាំងសម្រាប់ឆ្នាំ២០១៤នេះ ។ក្រុមហ៊ុនផលិតភេសជ្ជៈរបស់អាមេរិកមួយនេះនិយាយថា ដោយសារស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល បានធ្វើឲ្យការប្រើប្រាស់ធ្លាក់ចុះដែលនាំទៅដល់ការធ្លាក់ចុះប្រាក់ចំណូលនៅទូទាំងពិភពលោកចំនួន៣,៦% កាលពីត្រីមាសចុងក្រោយឆ្នាំមុន ។
ការលក់នៅអាមេរិកខាងជើង ដែលស្មើនឹងជិត៥០%នៃប្រាក់ចំណេញ បានធ្លាក់ចុះ៤,២%គិតជាទឹកប្រាក់៥,២៧ពាន់លានដុល្លារ ។ ការលក់ក្នុងតំបន់បានរងនូវសម្ពាធមួយផ្នែកដោយសារអ្នកប្រើប្រាស់លែងត្រូវការភេសជ្ជៈដែលមានកាឡូរីខ្ពស់ ។នាយកប្រតិបត្តិក្រុមហ៊ុនលោកMuhtar Kentនិយាយថា នៅពេលដែលយើងបោះជំហានទៅមុខបន្តទៀតទាំងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជានៅលើពិភពលោកនោះ គោលការណ៍គ្រឹះរយៈពេលវែង ដែលជំរុញពាណិជ្ជកម្មនិងឧស្សាហកម្មរបស់យើងមិនបានផ្លាស់ប្តូរទេ ។
លោកនិយាយថា កំណើនប្រជាជនដែលមានជីវភាពមធ្យម នគរូបនីយកម្មខ្លាំងក្លាជាងមុន និងការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួននៅក្នុងទីផ្សារជុំវិញពិភពលោកនឹងបន្តជំរុញតម្រូវការកាន់តែច្រើនសម្រាប់ភេសជ្ជៈរបស់យើង ។ ប្រាក់ចំណូលដុលសម្រាប់ត្រីមាសទីបួនមានចំនួន១,៧ពាន់លានដុល្លារ ធ្លាក់ចុះ៨,៤%ធៀបនឹងកម្រិតឆ្នាំកន្លងទៅដែលមានចំនួន១,៩ពាន់លានដុល្លារ ។
ក្រុមហ៊ុនMorgan Stanleyនិយាយថា ការប្រែប្រួលរូបិយប័ណ្ណដុល្លារបានទាញទម្លាក់ ប្រាក់ចំណូលប្រតិបត្តិការ៤%សម្រាប់ឆ្នាំ២០១៣ ។
ក្រុមហ៊ុនកូកា កូឡា ប៉ាន់ស្មានថា ផលប៉ះពាល់នៃរូបិយប័ណ្ណនឹងទាញទម្លាក់ប្រាក់ចំណូលឆ្នាំ២០១៤នេះរហូតដល់ទៅ៧% ដោយនៅក្នុងត្រីមាសដំបូងឆ្នាំនេះ នឹងធ្លាក់ចុះ១០% ។ចំណែកអ្នកវិភាគវិញក៏បានសម្តែងការខកចិត្តចំពោះការព្យាកររបស់ក្រុមហ៊ុនដែលថា ខ្លួននឹងចំណាយប្រាក់ពី២,៥ទៅ៣ពាន់លានដុល្លារលើការទិញភាគហ៊ុននៅក្នុងឆ្នាំ២០១៤នេះ ។ ក្រុមហ៊ុនកូកា កូឡានិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយការចំណាយ១ពាន់លានដុល្លារដែលប្រើប្រាស់ដើម្បីវិនិយោគលើផ្នែកទីផ្សារបន្ថែម ៕
ចែករំលែកព័តមាននេះ