រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ត្រូវជនរងគ្រោះជាអ្នករត់ម៉ូតូឌុប និងក្រុមអ្នករត់ម៉ូតូឌុប ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលជនសង្ស័យរូបនោះ ធ្វើសមក្មភាពលួចម៉ូតូបានសម្រេចហើយ លុះពេលយកទៅហាងបញ្ចាំ ក៏ត្រូវម្ចាស់ម៉ូតូចាប់ខ្លួនបានតែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ កុម្ភៈ ២០១៤ នៅចំណុចផ្ទះបញ្ចាំលេខ៧C ផ្លូវលេខ១៨៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ម្ចាស់ម៉ូតូមានឈ្មោះ ខន វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលចោរលួចម៉ាកវីវ៉ា ពណ៌ខ្មៅ ស៊េរី០១២ ពាក់ស្លាកលេខ ខ.3172 កណ1។ ចំណែកជនសង្ស័យ ២នាក់ មានឈ្មោះ ១.ណុប រិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករសំណង់ ២. បួង ណាក់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរសំណង់ដូចគ្នា ទាំង ២នាក់ មានទីលំនៅភូមិត្រពាំងឈូកជាមួយជនរងគ្រោះ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុកាលពីវេលាម៉ោង ១១យប់ ជនរងគ្រោះបានឌុបភ្ញៀវទៅដាក់នៅផ្ទះសំណាក់ម្តុំទឹកថ្លា លុះពេលចុះមកវិញ ស្រាប់តែម្ចាស់ផ្ទះសំណាក់ប្រាប់ថា មានគេយកម៉ូតូទៅបាត់ហើយ។
ភ្លាមៗ ជនរងគ្រោះ និងក្រុមអ្នករត់ម៉ូតូឌុបដូចគ្នា បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជាច្រើនកន្លែង ហើយបានចែកគ្នារកមើលតាមហាងបញ្ចាំម៉ូតូ លុះដល់វេលាម៉ោង ២ និង ៣០នាទី រំលងអាធ្រាត្រ ក៏បានប្រទះឃើញជនសង្ស័យទាំង ២នាក់ នៅចំណុចខាងលើ ក៏ធ្វើការឃាត់ខ្លួន និងប្រគល់ឲ្យសមត្ថកិច្ចនាំទៅប៉ុស្តិ៍ទឹកល្អក់ទី៣ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ