ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនចោទពីបទចោរកម្ម កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៨ កុម្ភៈ ២០១៤ ស្ថិតនៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងយោងទៅតាមពាក្យបណ្តឹងពីស្រ្តីរងគ្រោះឈ្មោះ ម៉ា ស្រីពៅ (ហៅ ចែញ៉ាញ់) អាយុ ៥០ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ខណៈដែលគាត់កំពុងអង្គុយហូបអាហារក្នុងកម្មវិធីឡើងផ្ទះ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៦ កុម្ភៈ នៅចំណុចភូមិក្បាលស្ពាន២ ហើយត្រូវជនសង្ស័យលួចឆក់យកកាបូបតែម្តង។
លោកវរសេនីយ៍ទោ ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា យោងតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទើបសមត្ថកិច្ចជំនាញរបស់លោកឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ១. ឈ្មោះ រ៉ាន់ សំរិទ្ធ (ហៅអាខ្មៅ) ភេទប្រុស អាយុ ១៨ឆ្នាំ និង ២. ឈ្មោះ យ៉ម ប៊ុនធឿន (ហៅអាខួច) ភេទប្រុស អាយុ ១៨ឆ្នាំ ទាំង ២នាក់ រស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការបន្តថា ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានសម្ភារមួយចំនួនមាន ប្រាក់ថៃចំនួន ២៣០០០បាត ទូរសព្ទ័ដៃម៉ាក iphone5 ទឹកមាស ១គ្រឿង។ ចំពោះជនសង្ស័យទាំង ២នាក់ ខាងលើ ត្រូវបានកម្លាំងរបស់លោកឃាត់ខ្លួនចំនួន ២ដង រួចមកហើយ តែនៅពេលដែលពួកគេចេញមកវិញនៅតែមិនរៀងចាល ហើយបានប្រព្រឹត្តល្មើសដដែល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន នាពេលនេះ គឺជាលើកទី៣ ហើយ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ បន្ទាប់មក សមត្ថកិច្ចកងរាជអាវុធហត្ថ បានប្រគល់ទ្រព្យសម្បត្តិជូនទៅដល់ស្ត្រីរងគ្រោះវិញផងដែរ៕
ចែករំលែកព័តមាននេះ