ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាប់គុក​ជាង​៣​ឆ្នាំ ចេញ​មក​វិញ​ឆក់​ខ្សែ​.​ក​ទៀត ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ គឺជា​មុខសញ្ញា​ចោរកម្ម (​ឆក់​) ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​៣​ឆ្នាំ ដោយសារ​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ផ្លូវ ហើយ​ទើបតែ​ចេញ​មក​វិញ ប្រកប​របរ​ថ្មី ជា​អ្នក​ដឹក​ជញ្ជូន​អី​វាន់​អន​ឡាញ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ គឺជា​មុខសញ្ញា​ចោរកម្ម (​ឆក់​) ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ជាង​៣​ឆ្នាំ ដោយសារ​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​តាម​ផ្លូវ ហើយ​ទើបតែ​ចេញ​មក​វិញ ប្រកប​របរ​ថ្មី ជា​អ្នក​ដឹក​ជញ្ជូន​អី​វាន់​អន​ឡាញ បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ ជន​នេះ មិន​រាងចាល​ឡើយ ក៏​ចាប់​យកមុខ​របរ​ចាស់ ដែល​ធ្លាប់​ប្រព្រឹត្ត (​ឆក់​) ឡើង​វិញ ហើយ​បាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​ឆក់​ខ្សែ ក​ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ។ ខណៈនោះ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​របួសស្រាល និង​ស្រែក​ចោ​ៗ ហើយ​ជនសង្ស័យ​យក​ខ្សែ ក​ជិះ​ម៉ូតូ​គេចខ្លួន ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​កំពុង​ឈប់​ស្ងៀម បណ្ដាល​ឲ្យ​ដួល​របួសស្រាល​ដែរ ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន វាយ​ទាត់​ធាក់​ទ្រម​ខ្លួន​រួច​ទើប​ប្រគល់​ឲ្យ​នគរបាល ។

ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង នៅ​វេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ មាស ណិ​ត អាយុ​១៩​ឆ្នាំ មុខរបរ​ដឹក​ជញ្ជូន មាន​ទីលំនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ស៊េរី​ឆ្នាំ​២០២៥ ព​ណ៍​ស បិទ​ស្កុ​ត​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1LU-9224 ហើយ​ម៉ូតូ​នេះ ត្រូវ​បាន​ដកហូត​ទុក ព្រោះ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ឆក់ ។

នគរបាល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយឡែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ​.​ស​.​ផ អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​គុប​ជ្រុង​សេ​៥០ ព​ណ៍​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​1BF-1418 ។ ខ្សែ ក​របស់​ស្ត្រី​រង​គ្រោះ ដែល​ត្រូវ​ជនសង្ស័យ​ឆក់​នោះ គឺជា​ខ្សែ​ក​ប្លា​ទី​ន ទម្ងន់​៧​ជី ដែល​មាន​តម្លៃ​៧៥០​ដុល្លារ មិន​ត្រូវ​បាន​បាត់បង់​នោះ​ទេ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន ក៏​ត្រូវ​កម្លាំង​នគរបាល​ដកហូត​យក​មក​វិញ​បាន រួច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​រូប​នោះ​វិញ​រួច​ហើយ​ដែរ ។

បើ​តាម​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ដែល​កំពុង​ចាំ​ម៉ូយ​នៅ​មុខ​ផ្សារ​ជម្ពូ​វ័ន បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ចេញពី​ទិញ​អី​វាន់ នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន ហើយ​ជិះ​ម៉ូតូ​ម្នាក់ឯង តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ត្រលប់​ទៅ​ផ្ទះ​វិញ​។ លុះ​ពេល​ជិះ​បាន​បន្តិច ក៏​ស្រាប់តែ​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ពីក្រោយ ហើយ​ពេល​ទៅ​ដល់​ទន្ទឹម​គ្នា ក៏​ធ្វើ​សកម្មភាព​ឆក់​ខ្សែ ក​ពី​ស្ត្រី​រង​គ្រោះ បាន​សម្រេច ប៉ុន្តែ​ដាច់​បន្តោង​ជ្រុះ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​បណ្ដាល​ឲ្យ​នាង​ដួល​ម៉ូតូ​រង​របួសស្រាល ។

អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នោះ បាន​និយាយ​បន្ត​ទៀត​ថា ខណៈនោះ​នារី​រង​គ្រោះ បាន​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ចំណែកឯ​ជនសង្ស័យ ក៏​បាន​យក​ខ្សែ ក​ជិះ​គេចខ្លួន ប៉ុន្តែ​ព្រះ​អត់​ជួយ​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​១​គ្រឿង ដែល​កំពុង​ឈប់​ស្ងៀម ។ បណ្ដាល​ឲ្យ​រង​របួសស្រាល​ដែរ ហើយ​បាន​ស្រវា​លើក​ម៉ូតូ​ប្រុង​ជិះ​រត់គេច​ខ្លួន​បន្ត​ទៀត ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ រាប់​សិប​នាក់ ដែល​កំពុង​ស្ថិត​នៅ​ជិត​នោះ នាំ​គ្នា​ចូល​ទៅ​ឃាត់​បាន​។ បន្ទាប់​មក​វាយ​ទាត់​ធាក់​ម្នាក់​១​ដៃ ១​ជើង បញ្ចេញ​កំហឹង​បណ្ដាល​ឲ្យ​ទ្រម​ខ្លួន រួច​ទើប​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ នាំ​យក​ទៅ​សួរនាំ​និង​ចាត់ការ​តាម​ច្បាប់ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ថា ជនសង្ស័យ​រូប​នេះ​គឺជា​មុខសញ្ញា​ចាស់ ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ អ្នកដំណើរ​តាម​ផ្លូវ​ជា​ញឹកញាប់ ហើយ​កាលពី​អំឡុង​ឆ្នាំ​២០២២ កន្លង​ទៅ ធ្វើ​សកម្មភាព​ឆក់ នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ម្ដុំ​ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ព្រំប្រទល់​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ខណៈនោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ចាប់តាំងពី​ពេល​នោះ​រហូត​មក និង​ទើបតែ​ចេញ​មក​វិញ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មិន​រាងចាល ក៏​ឆក់​ខ្សែ​ពី​ស្ត្រី​ខាងលើ​ទៀត ហើយ​ត្រូវ​ចាប់ខ្លួន​បែប​នេះ និង​អាច​ប្រឈម​និង​ការ​ចូល​គុក​សា​ជា​ថ្មី​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ