ខេត្តស្វាយរៀង ៖ អ្នកភូមិប្រមាណជាង២០០នាក់ នៅក្នុងក្រុងស្វាយរៀងផ្ទុះកំហឹងនាំគ្នាទៅស្រែកតវ៉ានៅមុខអគារបង់ប្រាក់អគ្គិសនីស្វាយរៀង មូលហេតុប្រធានអគ្គិសនីឱ្យអតិថិជនបង់ប្រាក់ពិន័យក្នុងម្នាក់១ម៉ឺនរៀល ចំពោះអ្នកមិនព្រមបង់ពិន័យត្រូវផ្តាច់ភ្លើង ហើយចំពោះអ្នករកស៊ី ឬប្រើប្រាស់លើស១០០គីឡូវ៉ាត់ម៉ោងក្នុង១ខែតម្រូវឱ្យបង់ពិន័យរហូត៤ម៉ឺនរៀលឯណោះ ។
ករណីបះបោរតវ៉ានេះកើតឡើងកាលពីថ្ងៃទី១៨ កុម្ភៈ វេលាម៉ោង៨ព្រឹកនៅក្នុងបរិវេណអគារអគ្គិសនីកម្ពុជាខេត្តស្វាយរៀង ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ ទាក់ទិនករណីខាងលើអ្នកស្រីេសង សុភី អាយុ៣៤ឆ្នាំ ជាភរិយាលោកចៅសង្កាត់ស្វាយរៀង បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង៨ព្រឹកមានបុគ្គលិកអគ្គិសនីស្វាយរៀង បានទៅផ្តាច់ភ្លើងអគ្គិសនីផ្ទះអ្នកស្រី ពេលឃើញដូច្នេះគាត់ក៏ស្រែកប្រាប់ថា កុំអាលផ្តាច់ភ្លើង ចាំនិយាយគ្នាសិន តែមន្ត្រីអគ្គិសនីនោះមិនព្រមស្គាប់ បានផ្តាច់ភ្លើងឱ្យងងឹត ឆៅបាយរបស់គាត់អស់ រួចបើកម៉ូតូចេញទៅយ៉ាងព្រងើយដូចកោងកាចពេក ។ អ្នកស្រីប្រពន្ធចៅសង្កាត់ខឹងក៏ជិះម៉ូតូតាមទៅដល់ទីតាំងអគ្គិសនី ស្រាប់តែឃើញអ្នកក្រុងស្វាយរៀងដូចគ្នាមានជាង២០០នាក់ កំពុងស្រែកតវ៉ារកយុត្តិធម៌ដូចគ្នាដែរ ។
ស្ត្រីម្នាក់អាយុ៦៥ឆ្នាំ នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង បានបង្ហាញវិក្ក័យប័ត្រដល់អ្នកសារព័ត៌មានថា គាត់ប្រើប្រាស់ភ្លើងអស់តែ៣.២៥០រៀល គេឱ្យបង់៣.៣០០រៀល ហើយពិន័យ១ម៉ឺនរៀលទៀត គឺច្រើនណាស់សម្រាប់រូបគាត់ជាស្ត្រីមេម៉ាយរកស៊ីលក់នំ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃស្ទើរមិនគ្រប់ ។ គាត់និយាយច្បាស់ថាមិនហ៊ានបើកភ្លើងប្រើផ្តេសផ្តាសទេ បើកតែពេលទៀបភ្លឺ ក្រោកស្ងោរនំ ក្នុង១ខែប្រើអស់៥គីឡូវ៉ាត់ម៉ោង សោះ មិនគួរពិន័យច្រើនដល់ម្លឹងទេ អីក៏អាក្រក់ម្លេ៉ះ ។ ស្ត្រីម្នាក់ទៀតបានបង្ហាញវិក្ក័យបត្រ គាត់ទើបតែបង់បាន១សប្តាហ៍សោះស្រាប់តែគេផ្តាច់ភ្លើង ហើយផាកពិន័យ២ម៉ឺនរៀល ។ វិក្ក័យបត្រ១ផុតកំណត់ថ្ងៃទី១៧ កុម្ភៈ សំបុត្រទី២ ផុតកំណត់ថ្ងៃទី២៤ កុម្ភៈ ហេតុអ្វីមកបង់ពិន័យថ្ងៃទី១៨ កុម្ភៈ ។
មន្ត្រីអគ្គិសនីម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា នេះគឺមកពីលោកប្រធានអគ្គិសនីឡើងថ្មី ចង់បិទបញ្ជីប្រធានចាស់ ឬបិទបញ្ជីឆ្នាំចាស់ ។ កន្លងមកលោកប្រធានចាស់កំណត់ឱ្យបង់សេវា១ខែម្តង គិតពីថ្ងៃទី១៥ ពាក់កណ្តាលខែទៅថ្ងៃទី១៥ ពាក់កណ្តាលខែក្រោយ មានន័យថា ១៥ មករា ទៅ១៥ កុម្ភៈ ។ ចំណែកប្រធានថ្មីបានផ្លាស់ប្តូរយកប្រាក់កន្លះខែម្តងវិញ ទើបខុសទម្លាប់ មានអ្នកលើសថ្ងៃផុតកំណត់ច្រើនគ្នា ។ ម្យ៉ាងភាគច្រើនទើបតែបង់បាន១អាទិត្យ គេឱ្យវិក្ក័យបត្រថ្មីលើស១ថ្ងៃផ្តាច់ភ្លើងតែម្តង ដោយពុំបានបិទផ្សាយពីការផ្លាស់ប្តូររយៈពេលបង់ប្រាក់ឱ្យអតិថិជនបានដឹងមុនសិនទេ វាដូចជាលោកប្រធានថ្មីផ្តាច់ការពេកអីក៏សាហាវម្លេ៉ះ ឬមួយចង់ឱ្យមហាជនស្អប់បក្សកាន់អំណាច ។ ចំពោះការបង់ផាកពិន័យនេះ ចាប់ពី១ម៉ឺនរៀល រហូតដល់៤ម៉ឺនរៀល ទើបផ្ទុះការតវ៉ា ។
ទាក់ទិននឹងករណីខាងលើនេះ ពុំអាចសុំការបំភ្លឺពីលោកម៉ៅ ហួរ ប្រធានមន្ទីរអគ្គិសនីកម្ពុជាខេត្តបានទេ ពេលអ្នកសារព័ត៌មានស្កាត់ទៅជួបស្រាប់តែនាំគ្នារត់ឡើងរថយន្តបើកគេចចេញទាំងប្រធាននិងអនុប្រធានយ៉ាងប្រញាប់ប្រញាល់ទំនងគ្មានពាក្យអ្វីនឹងថ្លែងដោះសារ ។ ការកែទម្រង់ស៊ីជម្រៅរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដូចជាមិនដល់ថ្នាក់ហ្នឹងពេកទេ ។ ឬមួយអាងបានធ្វើប្រធានថ្មីធំម្លឹងៗគ្មានអ្នកណាធំជាងអញ ? ក្នុងរឿងនេះគួរអគ្គនាយកអគ្គិសនីកម្ពុជាជួយបង្រៀនក្រមសីលធម៌ជូនលោកប្រធានថ្មីខេត្តស្វាយរៀងផងទៅ កុំឱ្យអតិថិជនឆាប់ស្អប់ពេក ៕
ចែករំលែកព័តមាននេះ