ប្រទេសយេម៉ែន ៖ ប្រទេសយេម៉ែនដែលរងគ្រោះដោយសង្គ្រាមស៊ីវិលចាប់តាំងពី៥ឆ្នាំមកហើយនោះ កាន់តែធ្លាក់ក្នុងភាពច្របូកច្របល់ខ្លាំងថែមទៀត កាលពីថ្ងៃទី១០សីហាជាមួយការដណ្ដើមកាន់កាប់វិមានប្រធានាធិបតីនៅក្រុងអាដេន ដោយពួកយុទ្ធជនបំបែកខ្លួននិយម ក្រោយការប៉ះទង្គិចគ្នាជាច្រើនថ្ងៃក្នុងទីក្រុងធំនោះ នាភាគខាងត្បូងប្រទេសដែលមុនការបង្រួបបង្រួមជារដ្ឋធានីរបស់យេម៉ែនខាងត្បូង។ច
ចាប់តាំងពីថ្ងៃទី៧សីហាមក មានការប៉ះទង្គិចគ្នារវាងពួកយុទ្ធ្បំបែកខ្លួននិយមនិងកងទាហានរដ្ឋាភិបាល ដែលចាប់តាំងពីឆ្នាំ២០១៥មក ទទួលការជួយទ្រទ្រង់ពីសំណាក់់ក្រុមចម្រុះនាំមុខដោយអារ៉ាប៊ីសាអូឌីត ដើម្បីតស៊ូប្រឆាំងពួកឧទ្ទាមហ៊ូធីគាំទ្រដោយអុីរ៉ង់។
អ្នកនាំពាក្យម្នាក់របស់កងកម្លាំងបំបែកខ្លួនហៅថា កងកម្លាំងខ្សែការពារសន្តិសុខទទួលការបណ្ដុះបណ្ដាលដោយអេមីរ៉ាត់អារ៉ាប់រួម អះអាងប្រាប់AFPថា យើងដណ្ដើមយកវិមានប្រធានាធិបតី ពីកងកម្លាំងឆ្មាំប្រធានាធិបតីដេោយពុំមានការប្រយុទ្ធគ្នា។
ការដណ្ដើមកាន់កាប់វិមានប្រធានាធិបតីនោះគ្រាន់តែជានិមិត្តរូប ព្រោះប្រធានាធិបតីលោកABD RABBO MANSOUR HADI និងនាយករដ្ឋមន្ត្រីរបស់លោក កំពុងស្ថិតនៅអារ៉ាប៊ីសាអូឌីត។
ក្រសួងការបរទេសយេម៉ែនបានចោទប្រកាន់អេមីរ៉ាត់អារ៉ាប់រួមថា ជាអ្នកទទួលខុសត្រូវចំពោះការធ្វើរដ្ឋប្រហាររបស់ពួកបំបែកខ្លូននៅក្រុងអាដេន។ ប្រទេសនោះស្ថិតក្នុងចម្រុះជាមួយអារ៉ាប៊ីសាអូឌីត ដែលជួួយច្បាំងប្រឆាំងពួកឧទ្ទាមហ៊ូធី។ ក្រុមចម្រុះនោះអំពាវនាវនាថ្ងៃទី១០សីហា ឲ្យមានបទឈប់បាញ់គ្នាមួយជាបន្ទាន់នៅក្រុងអាដេននិងឲ្យមានកិច្ចប្រជុំបន្ទាន់មួយរបស់បណ្ដាភាគីទាក់ទិនក្នុងជម្លោះក្នុងទីក្រុងនោះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ