ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ដឹកនាំដោយ លោកវីរសេនីយ៍ត្រី ឆេង វុទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៧ កុម្ភៈ ២០១៤ សហការជាមួយការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយទទួលបានការចង្អុលបង្ហាញ និងបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោកវីរសេនីយ៍ឯក ហេង ប៊ុនទី មេបញ្ជាការរង និងជានាយសេនាធិការ ក៏ដូចជាទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ហ៊ាង និន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន ១កន្លែង ដែលមានទីតាំងស្ថិតនៅក្រុម១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្ទឹងហាវ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនបានចំនួន ៧នាក់ ក្នុងនោះ មានស្រីម្នាក់។ លោកវីរសេនីយ៍ត្រី ឆេង វុទ្ធី បានឲ្យដឹងជំហានដំបូងថា វត្ថុតាងដែលសមត្ថកិច្ចកងរាជអាវុធហត្ថដកហូតបាន មានគ្រឿងញៀនប្រភេទម៉្សៅសថ្លា (ម៉ាទឹកកក) ចំនួន ១៨កញ្ចាប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក (ប្រភេទយ៉ាម៉ា) ចំនួន ១៤០គ្រាប់ ដបសម្រាប់ជក់ ចំនួន១ ថង់ផ្លាស្ទិកសម្រាប់ច្រកថ្នាំមួយចំនួនធំ ដែកកេះ ចំនួន១០។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ចូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ