ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរប្លន់​ម៉ូតូ​ដ៏​កក្រើក​ដី​នៅ​ស្រុក​ប​សេដ្ឋ​និង​ស្រុក​ភ្នំស្រួច ​ត្រូវ​បង្ក្រាប​បាន​ហើយ

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរប្លន់​ម៉ូតូ​ដ៏​កក្រើក​ប្រចាំ​ស្រុក​ប​សេដ្ឋ និង​ស្រុក​ភ្នំស្រួច​ចំនួន​៦​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​បង្ក្រាប​បាន​ហើយ ក្រោយ​ពី​ក្រុម​ចោរប្លន់​ខាងលើ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច​ខ្លួន ។ ការ​បង្ក្រាប​ក្រុម​ចោរប្លន់​ដ៏​កក្រើក​ចំនួន​០២​ស្រុក​បាន​ធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែកញ្ញា…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរប្លន់​ម៉ូតូ​ដ៏​កក្រើក​ប្រចាំ​ស្រុក​ប​សេដ្ឋ និង​ស្រុក​ភ្នំស្រួច​ចំនួន​៦​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​បង្ក្រាប​បាន​ហើយ ក្រោយ​ពី​ក្រុម​ចោរប្លន់​ខាងលើ​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ព្យាយាម​រត់គេច​
ខ្លួន ។

ការ​បង្ក្រាប​ក្រុម​ចោរប្លន់​ដ៏​កក្រើក​ចំនួន​០២​ស្រុក​បាន​ធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​បានការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​ការ​សម្របសម្រួល​នីតិវិធី ពី​ឯកឧត្ដម​ព្រះរាជអាជ្ញា អយ្យការ​អម​សាលា​ដំបូង​ខេត្ដកំពង់ស្ពឺ កំលាំង​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការ​រង​បញ្ជា​ផ្ទាល់​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ អធិការ​នគរបាល​ស្រុក​ភ្នំស្រួច ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​សហការ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ធ្វើការ​កំណត់​មុខ​សញ្ញា​បក្សពួក​ក្រុម​ចោរប្លន់​ខាងលើ (​ក្រុម​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​) ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា បើ​តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​នគរបាល​ស្រុក​ភ្នំស្រួច​ថា កាលពី​វេលា​ម៉ោង​០២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​មុខ​ផ្ទះ​លក់​ចាប់ហួយ​និង​លក់​សាំង ស្ថិត​នៅ​ក្នុងភូមិ​រស្មី​សាមគ្គី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច មាន​ករណី​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​(​មាន​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1GB-9039) ដែល​មាន​ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​ប្រើ កាំបិត​បុ័ងតោ ដាវ និង​ខ្សែ​ក្រ​វ៉ា​ត់​ធ្វើ​សកម្មភាព ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​រួច​មក សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ក្រុម​ចោរប្លន់​ដ៏​កក្រើក​ចំនួន​៦​នាក់ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​៖ ជនសង្ស័យ ទី​១-​មានឈ្មោះ​សេង ឡុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២-​មានឈ្មោះ ផាវ ថេ​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទី​៣-​ឈ្មោះ​អ៊ុ​ន សុខ​គា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​៤-​ឈ្មោះ គឿ​ង ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៥-​ឈ្មោះ សែតឆាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ និង​ទី​៦-​មានឈ្មោះ ភា សំណាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មិន​ទាន់​ស្គាល់​អា​ស័​យ​ដ្ឋា​ន​ក្រុម​ចោរប្លន់​ទាំង​៦​នាក់​នៅឡើយ​នោះ​ទេ​។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​ខាងលើ នគរបាល​ដកហូត​ម៉ូតូ​ចំនួន​០៣​គ្រឿង និង​(​រកឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​០១​គ្រឿង​-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​-​កាំបិត​កែ​ច្នៃ​០១​ដើម​-​ពូថៅ​០២​ដើម​-​ទូរស័ព្ទ​ដៃ​០៣​គ្រឿង​-​កា​តាប​ស្ពាយ​សំរាប់​ដាក់​ពូថៅ​០១ និង​ក្បាំង​ម៉ូតូ​ផ្នែក​ខាង​មុខ​មួយ​ចំនួន​ផង​ដែរ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​បាន​ចំនួន​០៣​លើក​មក​ហើយ​នៅ​ក្នុងភូមិ​សាស្ដ្រ​ខេត្ដកំពង់ស្ពឺ ។ ចំពោះ​ក្រុម​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ នគរបាល​ជំនាញ​បន្ដ​សាកសួរ​និង​ពិនិត្យ​ករណី​នេះ​បន្ថែម​ទៀត​លេ​ី​ករណី​កេ​ី​ត​ហេតុ​ដែល​បង្ក​ឡេ​ី​ង​ដោយ​ក្រុម​ចោរប្លន់​យ៉ាង​សកម្ម​នេះ ។

បច្ចុប្បន្ន ក្រុម​ចោរប្លន់​ដ៏​កក្រើក​ស្រុក​ចំនួន​០២ ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ