ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតបួគីណាហ្វាសូថ្មី ចូលជួបប្រគល់សារតាំងជាផ្លូវការ
រាជធានីភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
រាជធានីភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…
រាជធានីភ្នំពេញ ៖ នៅវិមានព្រឹទ្ធសភា ព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង ។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានដោយដឹងនៅក្រោយជំនួបថា នៅក្នុងជំនួប ក៏ដូចជាការទទួលសារតាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ ឯកឧត្តម Daouda Bitie ជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ។
សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តម ជាឯកអគ្គរដ្ឋទូតនៅពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូ កាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រទេសនេះ បានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល ១៥ឆ្នាំមកហើយ ។
ឯកឧត្តម Daouda Bitie បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់មហាកិត្តិយសដ៏ធំធេងសម្រាប់ឯកឧត្តមផ្ទាល់ និងបានប្រគល់សារតាំងនាឱកាសនេះ ។
ឯកឧត្តមបានជម្រាបជូន សម្ដេចតេជោ ថា ជាមោទនភាពសម្រាប់ឯកឧត្តម ដែលបានបំពេញការងារជាឯកអគ្គរដ្ឋទូតរបស់បួគីណាហ្វាសូ ប្រចាំព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ។
ឯកឧត្តមបាន នាំនូវពាក្យដ៏ថ្លៃថ្លាផ្តាំផ្ញើពីឯកឧត្តមប្រធានាធិបតីរបស់បួគីណាហ្វាសូ ជម្រាបជូន សម្តេចតេជោ ថា ពេលឯកឧត្តមមកបំពេញការងារនៅកម្ពុជា វាជាឱកាសមួយដែលបានរៀនសូត្រពីកម្ពុជា ។
ឯកឧត្តមបានបញ្ជាក់ថាកម្ពុជា និងបួគីណាហ្វាសូ គឺមានប្រវត្តិស្ថិតនៅក្រោមអាណានិគមបារាំងដូចគ្នា ដូច្នេះប្រវត្តិមួយចំនួនមានភាពប្រហាក់ប្រហែលគ្នា ហើយឯកឧត្តមចាប់អារម្មណ៍ផ្ទាល់លើបទពិសោធរបស់សម្ដេចតេជោ ដែលបានដឹកនាំប្រទេសកម្ពុជា នាពេលកន្លងមក ដែលជាបទពិសោធ អាចយកជាគំរូ និងអាចរៀនសូត្របានក្នុងពេលដែលឯកឧត្តមបានបំពេញការងារនៅកម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ហើយសម្ដេចបានបញ្ជាក់ថា សម្ដេចពេញចិត្តក្នុងការចែករំលែកនូវបទពិសោធ ហើយក៏ទទួលស្គាល់ថា បទពិសោធរបស់ប្រទេសកម្ពុជា និងបួគីណាហ្វាសូ មានភាពប្រហាក់ប្រហែលគ្នា ជាពិសេសស្ថិតនៅក្រោមអាណានិគមបារាំង ដែលអាចរៀនសូត្រពីគ្នា ។
សម្ដេចតេជោបានចែករំលែក ពីបទពិសោធ នៃការដឹកនាំប្រទេស ដោយសម្ដេចបញ្ជាក់ថា យើងជាប្រទេសក្រីក្រអ្វី ដែលយើងប្រយ័ត្នបំផុតនោះ គឺជំនួយពីបរទេស ដែលជំនួយខ្លះ នឹងជះផលអវិជ្ជមានផងដែរ ប្រសិនបើយើងខ្វះការគិតគូរឲ្យបានត្រឹមត្រូវ ។
សម្ដេចតេជោក៏បានចែករំលែកទាក់ទងនឹងការវិនិយោគសម្រាប់បរិបទកម្ពុជា កន្លងមក ដោយការវិនិយោគពីបរទេស ពិតជាសំខាន់ហើយ ប៉ុន្តែរឿងដែលសំខាន់បំផុតនោះ គឺការវិនិយោគនៅក្នុងស្រុក ប្រជាជននៅក្នុងស្រុកមានការវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីក្រៅ ពីព្រោះអ្នកវិនិយោគក្រៅប្រទេស នឹងមើលឃើញស្ថានភាពល្អប្រសើរ ស្ថិរភាពនៅក្នុងប្រទេស ទើបគេមកវិនិយោគក្នុងប្រទេសយើង។ សម្ដេចក៏បានចែករំលែកពីការផ្ដល់យោបល់ពីបរទេស ជាពិសេស ប្រទេសអ្នកមានមួយចំនួន ដែលពេលខ្លះការផ្ដល់យោបល់នោះ មិនប្រាកដថា ត្រឹមត្រូវទាំងអស់នោះទេ ។ ដូច្នេះអ្វី ដែលត្រូវប្រុងប្រយ័ត្ននោះយោបល់របស់ពួកគេ ត្រូវតែមានការថ្លឹងថ្លែងឲ្យបានស៊ីជម្រៅ ពីព្រោះកម្ពុជា ក៏បានឆ្លងកាត់បទពិសោធនេះរួចទៅហើយ ដូចជាការផ្ដល់យោបល់ឲ្យកម្ពុជាលក់គយ និងរឿងផ្សេងៗមួយចំនួនទៀត ។
សម្ដេចតេជោ បានបញ្ជាក់ថា ពេលខ្លះប្រទេសអ្នកមានមួយចំនួន ពួកគេគ្រាន់តែមានសំណាង ដែលបានកើតក្នុងប្រទេសអ្នកមាន ប៉ុន្តែមិនប្រាកដថា ពួកគេមានខួរក្បាលល្អជាងយើងអ្នកក្រនោះទេ ។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរវិញ ឯកឧត្តមអគ្គរដ្ឋទូតបាន លើកឡើងចំណុចសំខាន់ ដែលភាគីទាំងពីរ ត្រូវតែពង្រឹងជាមួយគ្នានោះគឺទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយឯកឧត្តមបានលើកឡើងថា ប្រទេសបួគីណាហ្វាសូ មានចំណុចខ្លាំង គឺផ្នែកធនធានរ៉ែ ដែលជាផ្នែកមួយអាចពង្រឹងកិច្ចសហប្រតិបត្តិការបានជាមួយកម្ពុជា។ ជាមួយគ្នានោះ ក៏នឹងមានកិច្ចសហប្រតិបត្តិការផ្នែកយោធាលើការដោះមីនផងដែរ និងចំណុចទាក់ទងទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនទៀត ជាពិសេសការគាំទ្រគ្នាលើឆាកអន្តរជាតិ ។
សម្ដេចតេជោ ក៏បានស្វាគមន៍ផងដែរ ចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងលើចំណុចសំខាន់ទាំងបីខាងលើ តែយ៉ាងណាសម្ដេចតេជោ បានបញ្ជាក់ថា ភាគីទាំងពីរ គួរតែបង្កើតឲ្យមានកិច្ចព្រមព្រៀងឬអនុស្សរណៈ នៃការយោគយល់គ្នាមួយ ដើម្បីពិនិត្យទៅលើចំណុច ដែលត្រូវកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងទិសដៅជាក់លាក់ ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរ ឯកឧត្តម Daouda Bitie ឱ្យបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ