ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភឿថៃ​អំពាវ​នាវ​ឱ្យ​គណ​បក្ស​ប្រជា​ជន​បោះ​ឆ្នោត​ឱ្យ​ខ្លួន ខ្លួន​នឹង​រំលាយ​សភា​ភ្លាម

58 វិនាទី មុន

ទី​ក្រុង​បាង​កក៖ គណបក្ស​ភឿថៃ​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ចាប់​ផ្ដើម​បោះ​ដៃ​ទៅ​រក​សម្ព័ន្ធ​មិត្ត​ចាស់​របស់​ខ្លួន​សា​ជា​ថ្មី​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​សំខាន់​២​កើត​ឡើង​ ទី​១-​ភឿថៃ​ដឹង​ច្បាស់​ថា​សំណើ​ដែល​នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ​ លោក​ភូមិ​ថាម ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​ដើម្បី​រំលាយ​សភា​ត្រូវ​ក្រុម​ប្រឹក្សា​ព្រះ​រាជ​បល្ល័ង្គ​ច្រាន​ចោល​ និង​ទី២-​រដ្ឋ​សភា​ត្រៀម​កោះ​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​ដើម្បី​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ជូន​លោក​អនុ​ទីន​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​៣២​របស់​ប្រទេស​ថៃ​។ ថ្ងៃ​នេះ គណ​បក្ស​ភឿថៃ​ចាប់​ផ្ដើម​អន្ទង​ចិត្ត​គណ​បក្ស​ប្រជា​ជន​ដើម្បី​ឱ្យ​បែក​បែរ​ចិត្ត​ពី​គណ​បក្ស​ភូមិ​ចៃ​ថៃ ហើយ​ងាក​មក​គាំទ្រ​ភឿថៃ​វិញ​ម្ដង​។ ភឿ​ថៃ​ថ្លែង​ថា​បើ​សិន​គណ​បក្ស​ប្រជា​ជន​យល់​ព្រម​​បោះ​ឆ្នោត​គាំទ្រ​​លោក​ឆៃ​កាសេម​ជា​នាយក​រដ្ឋ​មន្ត្រី​…

ទី​ក្រុង​បាង​កក៖ គណបក្ស​ភឿថៃ​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ចាប់​ផ្ដើម​បោះ​ដៃ​ទៅ​រក​សម្ព័ន្ធ​មិត្ត​ចាស់​របស់​ខ្លួន​សា​ជា​ថ្មី​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​សំខាន់​២​កើត​ឡើង​ ទី​១-​ភឿថៃ​ដឹង​ច្បាស់​ថា​សំណើ​ដែល​នាយក​រដ្ឋមន្ត្រី​ចាំ​ផ្ទះ​ លោក​ភូមិ​ថាម ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ​ដើម្បី​រំលាយ​សភា​ត្រូវ​ក្រុម​ប្រឹក្សា​ព្រះ​រាជ​បល្ល័ង្គ​ច្រាន​ចោល​ និង​ទី២-​រដ្ឋ​សភា​ត្រៀម​កោះ​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​ដើម្បី​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ជូន​លោក​អនុ​ទីន​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​៣២​របស់​ប្រទេស​ថៃ​។

ថ្ងៃ​នេះ គណ​បក្ស​ភឿថៃ​ចាប់​ផ្ដើម​អន្ទង​ចិត្ត​គណ​បក្ស​ប្រជា​ជន​ដើម្បី​ឱ្យ​បែក​បែរ​ចិត្ត​ពី​គណ​បក្ស​ភូមិ​ចៃ​ថៃ ហើយ​ងាក​មក​គាំទ្រ​ភឿថៃ​វិញ​ម្ដង​។ ភឿ​ថៃ​ថ្លែង​ថា​បើ​សិន​គណ​បក្ស​ប្រជា​ជន​យល់​ព្រម​​បោះ​ឆ្នោត​គាំទ្រ​​លោក​ឆៃ​កាសេម​ជា​នាយក​រដ្ឋ​មន្ត្រី​ អនាគត​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​ភឿថៃ​សន្យាថា​នឹង​​រំលាយ​សភា​ចោល​ភ្លាម​ៗ​តែ​ម្ដង​។ ពោល​គឺ​មិន​ចាំ​បាច់​រង់​ចាំ​យូរ​ដល់​បួន​ខែ​ដូច​ការ​សន្យា​របស់​លោក​អនុ​ទីន​ទេ​។

ភឿថៃ​សន្យា​ថា​នឹង​រំលាយ​ចោល​ក្រោយ​ពេល​ខ្លួន​ឡើង​ប្រកាសកម្ម​វិធី​នយោបាយ​នៅ​ក្នុង​រដ្ឋ​សភា​រួច​។ នេះ​បើ​យោ​ងតាម​ការ​បញ្ជាក់​របស់​លោក​សារ៉ា​វង្ស​ ធាន​ថង (Sorawong Thienthong) ជា​អគ្គ​លេខា​ធិការ​គណ​បក្ស។​ ​ភឿ​ថៃ​និយាយ​យ៉ាង​ទទូច​នៅ​ព្រឹក​នេះ​ថា​ខ្លួន​នៅ​តែ​មាន​សិទ្ធិ​តែង​តាំង​លោក​ឆៃ​កាសេម​ទៅ​សភា​ដើម្បី​បោះ​ឆ្នោត​ផ្ដល់​សេច​ក្ដី​ទុក​ចិត្ត​ពី​សភា​នៅថ្ងៃស្អែក​។ ភឿថៃ​ថា​លោក​ឆៃ​កាសេម​នឹង​មិន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ជា​សា​ធារណៈ​នៅ​ក្នុង​រដ្ឋ​សភា​ទេ​ព្រោះ​គាត់​មិន​មែន​ជា​អ្នក​តំណាង​រាស្ត្រ​​។

ក្រឡេក​ទៅ​មើល​គណ​បក្ស​ភូមិ​ចៃ​ថៃ និង​ប្រធាន​គណ​បក្ស​នេះ​គឺ​លោក​អនុ​ទីន​វិញ​ម្ដង នៅ​ពេល​នេះ​លោក​គ្មាន​អ្វី​​ដែល​ត្រូវ​ខ្វល់​ខ្វាយ​​ត​ទៅ​ទៀត​ទេ​ព្រោះ​គណ​បក្ស​របស់​លោក​​បាន​ចុះ​អឹម​អូ​យូ (MOU) ជា​មួយ​គណ​បក្ស​ប្រជា​ជន​កាល​ពី​ម្សិល​មិញ​ រួច​ហើយ​ ហើយ​​ត្រៀម​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​។ ដូច្នេះ​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ព្រឹក​មិញ គេ​ឃើញ​ថា​លោក​អង្គុយ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ​។

ថ្វី​ដ្បិត​ចុះ​អឹម​អូ​យូ​ជា​មួយ​គ្នា​​រួច​ហើយ​មែន​ ប៉ុន្តែ​គណ​បក្ស​ប្រជា​ជន​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ចាប់​ផ្ដើម​អល់​អែក​មិន​ដឹង​ថា​តើ​ត្រូវ​យក​មួយ​ណា​ចោល​មួយ​ណា​។ ហេតុ​នេះ ប្រធាន​គណ​​បក្ស​ប្រជា​ជន​ លោក​ណាត់​ថា​ផុង រឿង​ផាន់​យ៉ា​វុទ្ធ​ (Natthapong Ruengpanyawut) បាន​អំពាវ​នាវ​ឱ្យ​ភឿថៃ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ជាង​នេះ​ថា​តើ​ខ្លួន​ពិត​ជា​ចង់​រំលាយ​សភា​មែន​ឬ​យ៉ាង​ណា​ព្រោះ​​ភឿថៃ​បាន​ដាក់​សំណើ​លើក​ទី​មួយឃើញ​ថា​​​បរាជ័យ​​បាត់​ទៅ​ហើយ។​ មូល​ហេតុ​ដែល​គណ​បក្ស​ប្រជា​ជន​ចង់​ដឹង​រឿង​នេះ​យ៉ាង​អន្ទះសា​ព្រោះ​ការ​រំលាយ​សភា​ដើម្បី​បោះ​ឆ្នោត​ឡើង​វិញ​​គឺ​ជា​គោល​ដៅ​ធំ​បំផុត​របស់​ខ្លួន​។

​លោក​ណាត់​ថា​ផុង​ក៏​បាន​ស្នើ​​សុំ​ឱ្យ​គណ​បក្ស​នយោ​បាយ​ចំនួន​២​ដែល​ចង់​ប្ដឹង​​​លោក​លោក​ភូមិ​ថាម​ទៅ​តុលា​ការ​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ​សូម​បោះ​បង់​គំនិត​​នេះ​ចោល​ទៅ​។ ​គណ​បក្ស​ប្រជា​ជន​ក៏​សូម​ការ​យោគ​យល់​អធ្យា​ស្រ័យ​ពី​មនុស្ស​គ្រប់​គ្នា​ដែល​ខ្លួនត្រៀម​បោះ​ឆ្នោត​គាំទ្រ​លោក​អនុ​ទីន​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​។ អនុ​ប្រធាន​គណ​បក្ស​​ប្រជា​ជន​ចាត់​ទុក​ថា​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ​។ មែន​ទែន​ទៅ លោក​ថា​គណ​បក្ស​របស់​លោក​មិន​ចង់​បោះ​ឆ្នោត​ឱ្យ​បេក្ខ​ជន​រូបណា​ទេ​។ ប៉ុន្តែ​ស្ថាន​ការណ៍​ប្រទេស​ជាតិ​តម្រូវ​ឱ្យ​ធ្វើ​អ្វី​ម៉្យាង​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភពពី​ខាវ​សត់​ (Khaosod) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ