ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំបង្ហាញចំណាប់អារម្មណ៍ចំពោះការរំលឹកខួប៨០ឆ្នាំនៃទិវាជ័យជម្នះនៅប្រទេសចិនដែលជាការបិទបញ្ចប់សង្គ្រាមលោកលើកទី២។ នៅក្នុងពិធីនោះ គេឃើញប្រទេសចិនបង្ហាញអាវុធយុទ្ធភ័ណ្ឌទំនើបចុងក្រោយ និងប្រើប្រាស់កងទ័ពដើរក្បួនព្យុះហយាត្រជាងមួយម៉ឺននាក់។ លោកត្រាំថ្លែងថាប្រទេសចិនគួរតែនិយាយឈ្មោះប្រទេសអាមេរិកនៅក្នុងពិធីរំលឹកខួបនោះព្រោះអាមេរិកបានចូលរួមចំណែកសំខាន់ក្នុងការវាយបណ្ដេញកងទ័ពជប៉ុនពីប្រទេសចិន។
លោកត្រាំចាត់ទុកថាការរំលឹកខួបនោះជាព្រឹត្តិការណ៍ដែលរៀបចំបានល្អ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។ លោកថ្លែងដូច្នេះប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន។ កាលពីប៉ុន្មានម៉ោងមុននោះ លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយប្រើភាសាស៊កសៀតថាថ្នាក់ដឹកនាំធំៗដូចជាចិន កូរ៉េខាងជើង និងរុស្ស៊ីកំពុងតែរួមគំនិតគ្នាប្រឆាំងនឹងអាមេរិក។
លោកត្រាំថ្លែងបន្តទៀតថាលោកបានទស្សនាការថ្លែងសុន្ទរកថារបស់លោកស៊ីជីនពីងកាលពីយប់មិញ។ លោកចាត់ទុកលោកស៊ីជីនពីងជាមិត្តសម្លាញ់របស់លោក។ លោកយល់ថាគួរតែរំលឹកឈ្មោះប្រទេសអាមេរិកព្រោះអាមេរិកបានជួយប្រទេសចិនច្រើនណាស់។ នៅក្នុងពិធីរំលឹកខួបនោះ លោកស៊ីជីនពីងបានថ្លែងសុន្ទរកថាទៅកាន់ហ្វូងមនុស្សជាង៥ម៉ឺននាក់នៅលើទីលានធានអានមេន។ លោកក៏បានជិះឡានដែលបើកយឺតៗដើម្បីត្រួតពល និងទស្សនាការដើរក្បួនព្យុហយាត្រាកងទ័ពផងដែរ។ នៅក្នុងឱកាសនោះ ប្រទេសចិនបានបង្ហាញអាវុធយុទ្ធភ័ណ្ឌទំនើបៗចុងក្រោយរបស់ខ្លួន។
កាលពីឆ្នាំ១៩៣៧ កងទ័ពជប៉ុនចាប់ផ្ដើមចូលឈ្លានពានប្រទេសចិនជាបណ្ដើរៗហើយ។ ពោលគឺតាំងពីមុនពេលអាល្លឺម៉ង់វាយប្រហារទ្វីបអឺរ៉ុបទៅទៀត។ ក្រោយមក ជប៉ុន និងអាល្លឺម៉ង់ក៏ចាប់ដៃសហការគ្នាក្នុងនាមជារបបហ្វាស៊ីសនិយមដូចគ្នា។ ការវាយប្រហាររបស់ជប៉ុនចេះតែពង្រីកទៅបណ្ដាប្រទេសនៅទ្វីបអាស៊ីដទៃទៀត ដូច្នេះ ក៏ប្រទាំងប្រទើសជាមួយអាមេរិក។ ហេតុនេះ ជប៉ុនសម្រេចចិត្តវាយប្រហារមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅផឺលហាបឺ (Pearl Harbor)។
ឆ្នាំ១៩៤១ អាមេរិកចូលរួមនៅក្នុងសង្គ្រាមលោកលើកទី២ និងជួយកងទ័ពចិនដើម្បីច្បាំងទល់នឹងកងទ័ពជប៉ុន។ អាមេរិកជាកម្លាំងចលនាសំខាន់ណាស់ក្នុងការយកជ័យជម្នះលើកងទ័ពជប៉ុន។ នៅក្នុងការថ្លែងសុន្ទរកថាកាលពីម្សិលមិញ លោកស៊ីជីនពីងចាត់ទុកព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២ជាកាលានុវត្តភាព (ឬចំណុចរបត់នៃព្រឹត្តិការណ៍) ដ៏សំខាន់មួយដែលធ្វើឱ្យប្រជាជនចិនចេះភ្ញាក់រលឹក និងខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន។
លោកស៊ីបានអរគុណរដ្ឋាភិបាលប្រទេសនានា និងមិត្តភក្ដិបរទេសដែលជួយជ្រោមជ្រែងប្រជាជនចិន។ ប៉ុន្តែនៅក្នុងឱកាសនោះ លោកមិនបានរំលេចឱ្យឃើញតួនាទីរបស់អាមេរិកនៅក្នុងសង្គ្រាមទាល់តែសោះ។ ទំនាក់ទំនងអាមេរិក-ចិនមិនល្អនឹងគ្នាទេព្រោះប្រទេសទាំង២មានទស្សនៈផ្ទុយគ្នាពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង ហើយប្រទេសទាំង២ក៏កំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាថែមទៀត។
ប៉ុន្តែពីសម្បកក្រៅ លោកត្រាំចេះតែធ្វើល្អៗជាមួយថ្នាក់ដឹកនាំចិនដោយអះអាងថាលោកមានទំនាក់ទំនងល្អណាស់ជាមួយលោកស៊ីជីនពីង។ លោករំពឹងថានឹងមានឱកាសជួបលោកស៊ីជីនពីងឆាប់ៗនេះ។ កាលពីម្សិលមិញ លោកត្រាំផ្ញើសារតាមបណ្ដាញសង្គមជូនចំពោះលោកស៊ី។ លោកសូមផ្ដាំផ្ញើពាក្យពេចន៍តាមរយៈលោកស៊ីដើម្បីសួរសុខទុក្ខលោកពូទីន និងលោកគីមជុងអ៊ុនដែលលោកចោទប្រកាន់ថាថ្នាក់ដឹកនាំទាំងបីកំពុងរួមដៃគ្នាដើម្បីប្រឆាំងនឹងអាមេរិក។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ