ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នងការ​ខេត្តសៀមរាប​បកស្រាយ​​រឿង​ឡាន​ប៉ូ​លិស​បើក​បំពាន​ភ្លើង​ក្រហម​បុក​មនុស្ស​ស្លា.ប់ ​

3 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បំភ្លឺ​ថា មូលហេតុ​ដែល​រថយន្ត​Vigo របស់​ស្នងការ​បើក​ឆ្លង​ភ្លើង​ក្រហម​ទៅ​បុក​ម៉ូតូ​ បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​នោះ គឺ​កំពុង​បំពេញ​ប្រតិបត្តិ​តាម​ចាប់​ជន​ជាតិ​ចិន​កាន់កាប់​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ។ ​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា…

ខេត្តសៀមរាប៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បំភ្លឺ​ថា មូលហេតុ​ដែល​រថយន្ត​Vigo របស់​ស្នងការ​បើក​ឆ្លង​ភ្លើង​ក្រហម​ទៅ​បុក​ម៉ូតូ​ បណ្ដាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​នោះ គឺ​កំពុង​បំពេញ​ប្រតិបត្តិ​តាម​ចាប់​ជន​ជាតិ​ចិន​កាន់កាប់​ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ ។

​នៅ​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៥ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌​មាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ក្នុង​ខ្លឹមសារ​ថា «​កាលពី​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ នេះ​មាន​បណ្តាញសារព័ត៌មាន និង​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ថា «ឡាន​អន្តរាគមន៍​តម្រួត​​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បើក​បំពាន​ភ្លើងស្តុប មក​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​ទីតាំង​កន្លែង​កើ​តេ​ហ​តុ​(​ព័ត៌មាន​បឋម​)»។


ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ក្រុមការងារ​ប្រតិកម្ម​រហ័ស និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចេញ​មក​បំភ្លឺ​ជូន​សាធារណជន ដោយ​រៀបរាប់​លម្អិត​យ៉ាង​ដូច្នេះ​ថា «​នៅ​វេលា​ម៉ោង ២១:៤០​នាទី ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច ស្តុ​ប​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​កើតឡើង រវាង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផ្លា​ក​លេខ សៀមរាប 1AA 4589 បើកបរ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ប៉ះ​ជាមួយ រថយន្ត​ម៉ាក TOYOTA Vigo ពណ៌​ខ្មៅ ផ្លា​ក​លេខ នគរបាល 2-0428 បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត (​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​) បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ប្រា​ដក​មែន ។

ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បន្ថែម​ទៀត​ថា ដោយ​រថយន្ត​ម៉ាក TOYOTA Vigo ពណ៌​ខ្មៅ ផ្លា​ក​លេខ នគរបាល 2-0428 ជា​រថយន្ត​របស់​ការិយាល័យ អន្តរា​គមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជាក់ស្តែង (​ករណី​ជនជាតិ​ចិន​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​) នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ព្រមទាំង មាន​បើកភ្លើង​សញ្ញា​អាទិភាព​នៅ​ពីលើ​រថយន្ត​។ ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​អ្នកនាំពាក្យ​អះអាង​ដោយ​សង្កត់ធ្ងន់​ថា ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​ឱ្យ​ការិយាល័យ​នគរបាល ចរាចរណ៍​ផ្លូវគោក​ធ្វើការ​ស្រាវជ្រាវ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

យោង​តាម​ប្រភព​ពី​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក៏​បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២​រូប ដែល​ត្រូវ​បាន​ឃាត់ខ្លួន ពី​បទ​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដោយ​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​២០:៤០​នាទី មាន​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស ជនជាតិ​ចិន ក្នុង​ស្ថានភាព​ស្រវឹងស្រា បាន​ធ្វើ​សកម្មភាព​ដើរ​ចូល​ទៅ​ក្នុង​បរិវេណ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុងភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើងខ្លី ០១​ដើម មិន​ស្គាល់​ម៉ាក ដោះ​បង់​កាំភ្លើង​ចេញ​មក​បង្ហាញ ហើយក៍​ដើរ​ចេញ​ទៅ​វិញ បន្ទាប់​មក​ពេល​ដែល​ប្រជាពលរដ្ឋ​ហៅ​សួរនាំ ជនសង្ស័យ​បាន​បោះ​កាំភ្លើង​នោះ​ចោល​ទៅ​លើ​ផ្លូវ​បេតុង ភ្លាម​នោះ​ប្រជាពលរដ្ឋ​ក៍បាន​នាំ​គ្នា​ចូល​ទៅ​ឃាត់​ជនសង្ស័យ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចាត់​កម្លាំង​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា សហ​ការណ៍​ជាមួយ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះ​ដល់​ត្រួតពិនិត្យ​ភ្លាម និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ LIU YUNYOU ភេទ​ប្រុស កើត​ថ្ងៃ​ទី​០៣.០៤.២០០៣ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EK៥៣៩០៤០៧ រួម​ទាំង​អាវុធ​ខ្លី​ចំនួន ០១​ដើម ម៉ាក​SIG SAUER P365 គ្រាប់​ចំនួន ០៥​គ្រាប់ ក្នុង​នោះ​ដែល​កម្លាំង​សមត្ថកិច្ច​យើង​បាន​បន្ត​ការ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ LI JIAN AN ភេទ​ប្រុស កើត​ថ្ងៃ​ទី​០២.០៩.២០០៣ ជនជាតិ​ចិន ក្នុង​ពេល​ដែល​ជនសង្ស័យ​រូប​នេះ​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​លេខ​១០១១ បុរី​លុ​ច​នី​ដា ដែល​ស្ថិត​នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

កែសម្រួលដោយ