រាជធានីភ្នំពេញ ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការស៊ើបសួរលើជនសង្ស័យជាស្ត្រីស្បែកខ្មៅជនជាតិកុងហ្គោ ពាក់ព័ន្ធនឹងករណីចាក់សម្លាប់ស្ត្រីស្បែកសជនជាតិអង់គ្លេសរួចរាល់ហើយ ដោយជាប់ពាក់ព័ន្ធពីបទឃាតកម្ម ទាក់ទងនឹងរឿងស្នេហាជាន់លេខរៀង ។

យោងតាមរបាយការណ៍ផ្លូវការរបស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១និង៤០នាទី មានករណី ឃាតកម្មដោយប្រើកូនកាំបិតចុងស្រួចចាក់ជនរងគ្រោះស្លាប់នៅសួនច្បារកោះពេជ្រ ក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជនរងគ្រោះឈ្មោះ JESSICA CARIAD HOPKINS ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិអង់គ្លេស មានទីលំនៅផ្ទះលេខ ២៥៧ស្ទួន ផ្លូវលំ ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ជាគ្រូបង្រៀន ។ ចំណែកជនដៃដល់ឈ្មោះ KIDIKILA NGANDA GLODIE ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកុងហ្គោ បម្រើការនៅហាងសាឡន-អ៊ុតសក់«ZOLA» ផ្ទះលេខ១០៥H ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នៅអំឡុងឆ្នាំ២០១៩ ឈ្មោះ POATY DJEMBO CHRISMA VIALLY ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិកុងហ្គោ បានស្គាល់រាប់អានគ្នាជាមួយជនរងគ្រោះ HOPKINS JESSICA CARIAD ហើយរហូតដល់ឆ្នាំ២០២២ ពួកគេទាំងពីរនាក់ក៏រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ដោយរស់នៅផ្ទះជួលលេខ២៥៧ស្ទួន ផ្លូវលំភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រហូតដល់សព្វថ្ងៃនេះ ។ លុះដល់ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ POATY DJEMBO CHRISMA VIALLY ក៏បានស្គាល់រាប់អានគ្នាជាមួយឈ្មោះ KIDIKILA NGANDA GLODIE នៅពេលទៅហូបអាហារនៅភោជនីយដ្ឋានមួយ ហើយចាប់ពីពេលនោះមក ពួកគេក៏ស្រឡាញ់គ្នាជាគូសង្សារ។

ក្នុងពេលពួកគេស្រឡាញ់គ្នាជាសង្សារនេះ បុុរសកុងហ្គោរូបនេះ ក៏បានប្រាប់ស្ត្រីអង់គ្លេសជាគូស្នេហ័ឲ្យដឹងដែរ តែជនរងគ្រោះពុំបានរករឿង ឬខឹងប្រុសស្នេហ៍ទេ ។ ប៉ុន្តែស្ត្រីដៃដល់ពុំបានដឹងថា ប្រុសស្នេហ៍របស់ខ្លួនមានសង្សាររួចហើយនោះឡើយ ។ តាមរបាយការណ៍ឲ្យដឹងទៀតថា លុះនៅខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ POATY DJEMBO CHRISMA VIALLY និងស្ត្រីដៃដល់បានចូលលុយគ្នាបើកហាងកាត់សក់រួមគ្នា គឺហាងសាឡន ZOLA រហូតដល់សព្វថ្ងៃនេះ ។ ពេលធ្វើការងារជាមួយឈ្មោះ POATY DJEMBO CHRISMA VIALLY បានរយៈពេលជាង៣ខែ ទើបជនសង្ស័យដឹងថា ប្រុសស្នេហ៍របស់ខ្លួនមានសង្សាររួចហើយ គឺស្ត្រីស្បែកសអង់គ្លេស ដោយពេលនោះជនរងគ្រោះបានទៅរករឿងឈ្លោះប្រកែកជាមួយខ្លួននៅកន្លែងធ្វើការ ។
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ជនរងគ្រោះបានប្រាប់ប្រុសស្នេហ៍បេះដូង២ថា គាត់បានបាត់រដូវរយៈពេល២ខែហើយ និងបានទៅជួបលោកគ្រូពេទ្យប្រាប់ថា គាត់អាចមានកូន ឲ្យរង់ចាំមើលសិន ។ បន្ទាប់ពីឮជនរងគ្រោះប្រាប់ពីរឿងនេះ បុរសជាប្រុសស្នេហ៍ក៏នាំជនរងគ្រោះទៅជួបលោកគ្រូពេទ្យម្តងទៀត ហើយគ្រូពេទ្យប្រាប់ដូចមុនថា គាត់អាចមានកូន តែត្រូវរង់ចាំមើលសិន ។
បន្ទាប់ពីដឹងរឿងនេះហើយ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បុរសស្បែកខ្មៅរូបនេះ ក៏បានប្រាប់ពីរឿងជនរងគ្រោះមានកូនជាមួយខ្លួនឲ្យជនសង្ស័យបានដឹង ហើយជនសង្ស័យបានសួរបញ្ជាក់ថា និយាយពិត ឬនិយាយលេង ។ ជាមួយនេះ បានប្រាប់ប្រុសស្នេហ៍រូបនេះទៀតថា បើសិនជាជនរងគ្រោះមានកូនមែននោះ ខ្លួននឹងចាកចេញពីបុរសរូបនេះ លែងមានទំនាក់ទំនងគ្នាបន្តទៀត ។

ទាក់ទិននឹងការឈានទៅដល់ការចាក់សម្លាប់ ត្រូវបានស្ត្រីកុងហ្គោរូបនេះរៀបរាប់ថា ខ្លួនបានឃើញប្រុសស្នេហ៍បើកម៉ូតូឌុបជនរងគ្រោះមកដល់មុខម៉ាត ហើយក៏ឈប់ម៉ូតូនិយាយគ្នា ។ ពេលឃើញដូច្នោះ ខ្លួនចាប់ផ្តើមខឹងប្រុសស្នេហ៍ និងជនរងគ្រោះយ៉ាងខ្លាំង ហើយពួកគេនិយាយគ្នារហូតដលា់ម៉ោងប្រហែល១០យប់ ទើបឃើញប្រុសស្នេហ៍ដើរទៅហាងកាត់សក់ ចំណែកជនរងគ្រោះជិះម៉ូតូត្រឡប់ទៅវិញតែម្នាក់ឯង ។
នៅពេលនោះ ខ្លួនបានដើរចេញពីក្នុងម៉ាតមកខាងក្រៅ ហើយស្រែកហៅជនរងគ្រោះឲ្យឈប់ ដើម្បីនិយាយគ្នាពីរឿងប្រុសស្នេហ៍និងជនរងគ្រោះដែលនិយាយគ្នាយ៉ាងយូរនៅមុខម៉ាត តែការហៅនោះ ជនរងគ្រោះមិនបានឮទេ និងជិះម៉ូតូទៅមុខ ។ ដោយសារបែបនេះ ខ្លួនក៏ហៅម៉ូតូកង់បីដែលនៅជិតនោះជិះតាមម៉ូតូរបស់ជនរងគ្រោះ រហូតដល់ជិតមាត់ទន្លេ(មិនដឹងកន្លែងណាច្បាស់ទេ)ទើបតាមទាន់ ហៅជនរងគ្រោះឲ្យឈប់ម៉ូតូ ហើយខ្លួនក៏ឡើងជិះម៉ូតូជាមួយជនរងគ្រោះទៅអង្គុយជជែកគ្នានៅមាត់ទន្លេ(មិនចាំកន្លែង) ។ ការនិយាយគ្នានោះ មានរឿងជាច្រើនពីជីវិតរបស់ពួកគេទាំងពីរនាក់ ទាក់ទិននឹងឈ្មោះ POATY DJEMBO CHRISMA VIALLY ជាប្រុសស្នេហ៍ តែពុំមានការឈ្លោះគ្នាទេ ។

បន្ទាប់មក ជនរងគ្រោះបានហៅខ្លួនទៅជជែកគ្នានៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌ
ចំការមន ដែលនៅទីនោះពុំសូវមានមនុស្ស និងស្ងាត់ល្អ ។ ពួកគេក៏ជិះម៉ូតូឌុបគ្នាទៅកោះពេជ្រ ដោយជនរងគ្រោះជាអ្នកឌុប ហើយពេលទៅដល់កោះពេជ្រ ពួកគេក៏ឈប់ម៉ូតូ រួចចូលទៅអង្គុយនៅលើបង់សួនច្បារក្រុងកោះពេជ្រ ជជែកគ្នាបន្តទៀត ។ ពេលនោះ ពួកគេបានឈ្លោះគ្នានិងជជែកគ្នាខ្លាំងៗ រហូតដល់វេលាម៉ោងប្រហែល១១និង៤០នាទីយប់ ស្រាប់តែជនរងគ្រោះកាន់កូនកាំបិតចុងស្រួចនៅដៃ តែមិនដឹងថាបានកាំបិតពីណាមកទេ ។
ស្ត្រីកុងហ្គោរូបនេះ ឆ្លើយទៀតថា ស្ត្រីអង់គ្លេសបានប្រើកាំបិតគំរាមចាក់លើខ្លួន ហើយខ្លួន
ក៏បានទៅចាប់យកកាំបិតពីជនរងគ្រោះ ។ នៅពេលនោះក៏មានការប្រតាយគ្នា បណ្តាលឲ្យមុតម្រាមចង្អុលដៃស្តាំរបស់ខ្លួន ទើបដណ្តើមយកកាំបិតពីដៃជនរងគ្រោះបាន រួចចាក់ជនរងគ្រោះ
ជាច្រើនកាំបិត តែមិនដឹងថាចាក់ត្រូវកន្លែងណាខ្លះទេ បណ្តាលហូរឈាមប្រឡាក់ដៃអាវរបស់ខ្លួន ។ ចំណែកជនរងគ្រោះ បានដួលទៅលើស្មៅ ទើបខ្លួនបោះកាំបិតចោលនៅទីនោះ និងរត់ទៅហៅម៉ូតូកង់បីជិះគេចខ្លួនទៅផ្ទះជួលរបស់ប្រុសស្នេហ៍ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលាម៉ោងប្រហែល០០និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ។ ប៉ុន្តែ នៅពេលទៅដល់ឃើញផ្ទះជាប់សោមិនមានមនុស្សនៅ ខ្លួនក៏ជិះម៉ូតូកង់បីទៅកន្លែងកាត់សក់ហាងសាឡន ZOLA និងបានយកខោអាវអ្នកធ្វើការជាមួយស្លៀកពាក់ ។

នៅវេលាម៉ោងប្រហែល៣និង៣០នាទីថ្ងៃដដែល ខ្លួនបានជិះម៉ូតូកង់បីត្រឡប់មកផ្ទះរបស់ប្រុសស្នេហ៍ជាផ្ទះជួល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនម្ដងទៀត ហើយរង់ចាំនៅទីនោះរហូតដល់វេលាម៉ោងប្រហែល៤ ទើបឃើញប្រុសស្នេហ៍មកដល់ ។ ពេលនោះខ្លួន និងឈ្មោះ POATY DJEMBO CHRISMA VIALLY ជាប្រុសស្នេហ៍ បានចូលទៅក្នុងផ្ទះស្នាក់នៅជាមួយគ្នា រហូតដល់វេលាម៉ោងប្រហែល១១ថ្ងៃដដែល ទើបខ្លួននិងប្រុសស្នេហ៍ នាំគ្នាជិះម៉ូតូកង់បីទៅហាងកាត់សក់-សាឡន ZOLA និងត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ៕
ចែករំលែកព័តមាននេះ