ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​និង​ស្រុក​កម្ពុជា​ចំនួន​៥ ទទួល​បាន​ពានរង្វាន់​​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន និង​វិញ្ញា​បន​បត្រ​ទទួលស្គាល់​ដី​ស្អាត ទឹក​ស្អាត និង​ខ្យល់​​ស្អាត

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ទីក្រុង​ចំនួន​៣ និង​ស្រុក​ចំនួន​២ របស់​កម្ពុជា បាន​ទទួល​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន (ASEAN ESC AWARD) និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ដី​ស្អាត…

រាជធានី​ភ្នំពេញ ​៖ ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ទីក្រុង​ចំនួន​៣ និង​ស្រុក​ចំនួន​២ របស់​កម្ពុជា បាន​ទទួល​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន (ASEAN ESC AWARD) និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ដី​ស្អាត ទឹក​ស្អាត និង​ខ្យល់​ស្អាត ។

ក្រុង និង​ស្រុក​ដែល​ទទួល​បាន​ពានរង្វាន់រួម​មាន​៖ ១.​ក្រុង​សៀមរាប នៃ​ខេត្តសៀមរាប ទទួល​បាន​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​ឆ្នាំ​២០២៥
២. ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​សេដ្ឋកិច្ច​ច​ក្រា
៣. ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ទឹក​ស្អាត
៤.​ទីប្រជុំជន​ស្រុក​ត្បូងឃ្មុំ នៃ​ខេត្ត​ត្បូងឃ្មុំ វិញ្ញាបនបត្រ​ទទួលស្គាល់​ខ្យល់​ស្អាត
និង​៥. ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទទួល​បាន វិញ្ញាបនបត្រ​ទទួលស្គាល់​ទឹក​ស្អាត​។

ពិធី​ប្រគល់​ពានរង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ដី​ស្អាត ទឹក​ស្អាត និង​ខ្យល់​ស្អាត បាន​ប្រារព្ធ​ធ្វើ​ឡើង ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន លើក​ទី​១៨ នៅ​ទីក្រុង Langkawi ប្រទេស​ម៉ា​ឡេ​ស៊ី ក្រោម​វត្តមាន​របស់​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​សមាជិក តំបន់​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​ជាមួយ​អគ្គ​លេខា​អាស៊ាន ផង​ដែរ​។

ឯកឧត្តម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ ដែល​ទីក្រុង​និង​ទីប្រជុំជន​របស់​កម្ពុជា​មាន​ភាព​ស្អាត និង​ទទួល​បាន​ពានរង្វាន់ និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ទាំងនេះ ដែល​ឆ្លុះ​បញ្ចាំង​នូវ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ការ​ដឹកនាំ​ប្រកបដោយ​ភាព​វាងវៃ​ខ្ពង់ខ្ពស់ និង​មាន​ភាព​ស្វាហាប់ ប្រកបដោយ​ថាមពល របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ព្រម​ជាមួយ​ការ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ច​ក្ក្រា​វិស័យ​បរិស្ថាន ដែល​មាន​សសរស្តម្ភ​ចំនួន​៣​គឺ «​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​»​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​កន្លង​មកនេះ យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន បាន​និង​កំពុង​ដាក់​ចេញ​ការងារ​ជា​អាទិភាព ដើម្បី​ធានា​ឱ្យ​បាន​នូវ​ចីរភាព​បរិស្ថាន និង​សុក្រឹត​កម្ម​បរិស្ថាន​កិច្ច ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​លើកកម្ពស់​សេដ្ឋកិច្ច​បៃតង សំដៅ​ធានា​សម្រេច​គោលដៅ​កម្ពុជា បង្កើន​គម្រប​បៃតង និង​ជា​ប្រទេស​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០​។

ទាក់ទង​នឹង​ភាព​ស្អាត ក្រសួងបរិស្ថាន​បាន​ដាក់​ចេញ​យុទ្ធនាការ​ជា​ច្រើន ដើម្បី​ធ្វើការ​អនុវត្ត​ទប់ស្កាត់​ការ​បំពុលបរិស្ថាន ដោយ​ផ្តោត​លើ​ភាព​ស្អាត​ផ្ទៃដី ភាព​ស្អាត​ផ្ទៃ​ទឹក និង​ភាព​ស្អាត​ផ្ទៃមេឃ ដែល​មានការ​គាំទ្រ និង​ចូលរួម​អនុវត្ត​សកម្មភាព​ពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងបរិស្ថាន និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គ្រឹះស្ថានសាធារណៈ ផ្នែក​ឯកជន អង្គការ​សង្គម​ស៊ី​វិល ដៃគូ​អភិវឌ្ឍន៍ យុវជន​កម្ពុជា ព្រះសង្ឃ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស គឺ​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ផ្ទះ​របស់​យើង សង្គម​យើង ប្រទេស​កម្ពុជា​មាន​ភាព​ស្អាត ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ​ផង និង​បរិស្ថាន​ផង​។

ឯកឧត្តម​បន្ត​ថា​កន្លង​មក​ក្រសួងបរិស្ថាន បាន​ដាក់​ចេញ​ភាព​ស្អាត​ផ្ទៃដី តាម​រយៈ​យុទ្ធនាការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» មាន​អ្នកចូលរួម​សរុប​ជាង ១១​លាន អង្គ​/​នាក់​។ យុទ្ធនាការ «​កម្ពុជា ស្អាត ខ្មែរ​ធ្វើ​បាន​» បាន​ជំរុញ​សកម្មភាព​រួម​គ្នា ចេញ​រើស​សំរាម សំណល់​ប្លា​ស្ទិ​ក ក្នុង​ពេល​តែ​មួយ ដើម្បី​សម្អាត​តាម​ផ្ទះ តាម​មូលដ្ឋាន និង​នៅ​តាម​ដងផ្លូវ​។ រហូត​មក​ដល់​ពេល​នេះ មាន​អ្នកចូលរួម​ក្នុង​យុទ្ធនាការ ជាង ៦​លាន អង្គ​/​នាក់​។ យុទ្ធនាការ​សម្អាត​ផ្លូវជាតិ «​ផ្លូវជាតិ​គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិ​ក​» បាន​និង​កំពុង​ជំរុញ​ឱ្យ​បណ្តា​ក្រុង ស្រុក ខណ្ឌ​នៅ​តាម​ដងផ្លូវ​ជាតិ​មាន​ភាព​ស្អាត គ្មាន​សំរាម និង​សំណល់​ប្លា​ស្ទិ​ករាយ​ប៉ាយ​។

ដើម្បី​ភាព​ស្អាត​ផ្ទៃ​ទឹក ក្រសួងបរិស្ថាន​បាន​ផ្តោត​លើ​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ទឹក ពី​រោងចក្រ សហគ្រាស​។ ក្រសួង​បាន​អនុវត្ត​ច្បាប់​១០០% ដោយ​តម្រូវ​ឱ្យ​ប្រភព​បំពុល ត្រូវ​បំពាក់​និង​ដំណើរការ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ និង​ធ្វើការ​បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ​តាមដាន​សំណល់​រាវ ស្រប​តាម​ច្បាប់​ជា​ធរមាន​។ គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៥ មាន​រោងចក្រ​ចំនួន​៥២ បាន​ចុះ​កិច្ចសន្យា​រួច ក្នុង​នោះ​មាន រោងចក្រ​ចំនួន​៤២ បាន​បំពាក់​ឧបករណ៍​ស្វ័យប្រវត្តិ​នេះ​រួចរាល់ ក្នុង​នោះ​ខេត្តកណ្តាល មាន​ចំនួន​ច្រើន​ជាងគេ ហើយនឹង​ត្រូវ​ប្រកាស​ជា​ខេត្ត​គំរូ​របស់​កម្ពុជា ដែល​បាន​ចូលរួម​អនុវត្ត​ភាព​ស្អាត​ផ្ទៃ​ទឹក នៅ​ពេល​ខាង​មុខ​។

ចំពោះ​ភាព​ស្អាត​ផ្ទៃមេឃ ក្រសួងបរិស្ថាន​បាន​អនុវត្ត​វិធានការ​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ តាម​រយៈ​ការ​បំពាក់​ឧបករណ៍ និង​ស្ថានីយ​តាមដាន​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ស្វ័យប្រវត្តិ នៅ​ទូ​ទាំង​រាជធានី ខេត្ត​ចំនួន ៥៩​ទីតាំង រថយន្ត​ចល័ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចំនួន​៣​គ្រឿង និង​ឧបករណ៍​តាមដាន​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ពី​ផ្កាយ​រណប​ចំនួន​១​គ្រឿង​។

ទិន្នន័យ​ទទួល​បាន​ពី​ឧបករណ៍ និង​ស្ថានីយ​តាមដាន​គុណភាព​ខ្យល់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជូន​សាធារណៈ​បាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួល​បានការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​។ បន្ថែម​ពី​នេះ ក្រសួង​បាន​ដាក់​ចេញ​វិធានការ ស្តី​ពី​ការ​ហាមឃាត់​ការ​ដុត​កម្ទេច​ក្រណាត់ និង​សំណល់​ឧស្សាហកម្ម​គ្រប់​ប្រភេទ​នៅ​ក្នុង​ឡ​ចំហាយ ឡ​កំ​ដៅ ឡឥដ្ឋ ដែល​មិន​មាន​បំពាក់​ប្រព័ន្ធ​សម្អាត និង​កាត់​បន្ថយ​សារធាតុបំពុល​ខ្យល់​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ