ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រាប់​ទូត​បួ​គី​ណា​ហ្វា​សូត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ចំពោះ​យោបល់​របស់​ពួក​ប្រទេស​អ្នកមាន​និង​មានការ​ថ្លឹងថ្លែងឱ្យ​បាន​ស៊ីជម្រៅ​

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​បួ​គី​ណា​ហ្វា​សូ​ ប្រចាំ​នៅ​កម្ពុជា​ថា ​ត្រូវប្រុង​ប្រយ័ត្ន​ចំពោះ​យោបល់​របស់​ប្រទេស​អ្នកមាន​និង​ត្រូវ​តែ​មានការ​ថ្លឹងថ្លែង​ឲ្យ​បាន​ស៊ីជម្រៅ ពីព្រោះ​កម្ពុជា​ក៏​បាន​ឆ្លងកាត់​បទ​ពិសោធ​នេះ​រួច​ទៅ​ហើយ​…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​បួ​គី​ណា​ហ្វា​សូ​ ប្រចាំ​នៅ​កម្ពុជា​ថា ​ត្រូវប្រុង​ប្រយ័ត្ន​ចំពោះ​យោបល់​របស់​ប្រទេស​អ្នកមាន​និង​ត្រូវ​តែ​មានការ​ថ្លឹងថ្លែង​ឲ្យ​បាន​ស៊ីជម្រៅ ពីព្រោះ​កម្ពុជា​ក៏​បាន​ឆ្លងកាត់​បទ​ពិសោធ​នេះ​រួច​ទៅ​ហើយ​ ។

ការ​លើក​ឡើង​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជា​ណា
ចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព សា​ធា​រណរដ្ឋ​ប្រជាមានិត​បួ​គី​ណា​ហ្វា​សូ ប្រចាំ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៥​ នៅ​វិមាន​ព្រឹទ្ធសភា​ ។

យោង​តាម ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប ក៏​ដូច​ជា​ការ​ទទួល​សារតាំង​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​អប​អរសាទរ​ចំពោះ​ឯកឧត្តម Daouda Bitie ជា​ឯកអគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​ប្រជាមានិត​បួ​គី​ណា​ហ្វា​សូ ប្រចាំ​កម្ពុជា​។

សម្ដេច​សង្ឃឹមថា វត្តមាន​របស់​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​បួ​គី​ណា​ហ្វា​សូ កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ បន្ទាប់​ពី​ប្រទេស​នេះ​ បាន​បង្កើត​ទំនាក់​ទំនង​ការទូត​ផ្លូវការ​ជាមួយ​គ្នា​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ។

ឯកឧត្តម Daouda Bitie បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បាន​ផ្ដល់​មហា​កិត្តិ​យស​ដ៏​ធំធេង​សម្រាប់​ឯកឧត្តម​ផ្ទាល់ និង​បាន​ប្រគល់​សាតាំង​នា​ឱកាស​នេះ​ ។ ​ឯកឧត្តម​បាន​ជំរាប​ជូន​​សម្ដេច​តេ​ជោ​ថា ជា​មោទនភាព​សម្រាប់​ឯកឧត្តម​ដែល​បាន​បំពេញការងារ​ជា​ឯកអគ្គរដ្ឋទូត​របស់​បួ​គី​ណា​ហ្វា​សូ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ​។

ឯកឧត្តម​បាន​នាំ​នូវ​ពាក្យ​ដ៏​ល្អ​ផ្តាំផ្ញើ​ពី​ឯកឧត្តម​ប្រធានាធិបតី​របស់​បួ​គី​ណា​ហ្វា​សូ ជម្រាប​សម្តេច​តេ​ជោ​ថា ពេល​ឯកឧត្តម​មក​បំពេញការងារ​នៅ​កម្ពុជា វា​ជា​ឱកាស​មួយ​ដែល​បាន​រៀនសូត្រ​ពី​កម្ពុជា​។

ឯកឧត្តម​បាន​បញ្ជាក់​ថា ​កម្ពុជា និង​បួ​គី​ណា​ហ្វា​សូ និង​កម្ពុជា គឺ​មាន​ប្រវត្តិ​ស្ថិត​នៅ​ក្រោម​អាណា​និគម​បារាំង​ដូច​គ្នា ដូច្នេះ ​ប្រវត្តិ​មួយ​ចំនួន​មាន​ភាព​ប្រហាក់ប្រហែល​គ្នា ហើយ​ឯកឧត្តម​ចាប់​អារម្មណ៍​ផ្ទាល់​លើ​បទ​ពិសោធ​របស់​សម្ដេច​តេ​ជោ ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុ​ជានា​ពេល​កន្លង​មក​ដែល​ជា​បទ​ពិសោធ អាច​យក​ជា​គំរូ​និង​អាច​រៀនសូត្រ​បាន ក្នុង​ពេល​ដែល​ឯកឧត្តម​បាន​បំពេញការងារ​នៅ​កម្ពុជា​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តី​រីករាយ​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋ​ទូត ហើយ​សម្ដេច​បាន​បញ្ជាក់​ថា សម្ដេច​ពេញចិត្ត​ក្នុង​ការ​ចែករំលែក​នូវ​បទ​ពិសោធ​ហើយ ក៏​ទទួល​ស្គាល់​ថា បទ​ពិសោធ​របស់​ប្រទេស​កម្ពុជា និង​បួ​គី​ណា​ហ្វា​សូ មាន​ភាព​ប្រហាក់ប្រហែល​គ្នា ជា​ពិសេស​ ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង ដែល​អាច​រៀនសូត្រ​ពី​គ្នា​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្ដេច​តេ​ជោ​បាន​ចែករំលែក​ពី​បទ​ពិសោធ​នៃ​ការ​ដឹកនាំ​ប្រទេស ដោយ​សម្ដេច​បញ្ជាក់​ថា​​ «យើង​ជា​ប្រទេស​ក្រីក្រ​អ្វី​ដែល​យើង​ប្រយ័ត្ន​បំផុត​នោះ គឺ​ជំនួយ​ពី​បរទេស​ដែល​ជំនួយ​ខ្លះ​នឹង​ជះ​ផល​អវិជ្ជមាន​ផង​ដែរ ប្រសិនបើ​យើង​ខ្វះ​ការ​គិតគូរ​ឲ្យ​បាន​ត្រឹមត្រូវ» ​។

សម្ដេច​តេ​ជោ​ក៏​បាន​ចែករំលែក​ទាក់ទង​នឹង​ការ​វិនិយោគ​សម្រាប់​បរិបទ​កម្ពុជា​កន្លង​មក ដោយ​ការ​វិនិយោគ​ពី​បរទេស​ពិតជា​សំខាន់​ហើយ ប៉ុន្តែ​រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ ការ​វិនិយោគ​នៅ​ក្នុងស្រុក ប្រជាជន​នៅ​ក្នុងស្រុក​មានការ​វិនិយោគ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ពី​ក្រៅ ពីព្រោះ​អ្នក​វិនិយោគ​ក្រៅប្រទេស​នឹង​មើលឃើញ​ស្ថាន​ភាពល្អ​ប្រសើរ ស្ថិរភាព​នៅ​ក្នុង​ប្រទេស ទើប​គេ​មក​វិនិយោគ​ក្នុង​ប្រទេស​យើង​។

សម្ដេច​ក៏​បាន​ចែករំលែក​ពី​ការ​ផ្ដល់​យោបល់​ពី​បរទេស ជា​ពិសេស​ប្រទេស​អ្នកមាន​មួយ​ចំនួន ដែល​ពេល​ខ្លះ​ការ​ផ្ដល់​យោបល់​នោះ​មិន​ប្រាកដ​ថា ត្រឹមត្រូវ​ទាំង​អស់នោះ​ទេ​។ ដូច្នេះ​ អ្វី​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​នោះ​យោបល់​របស់​ពួក​គេ​ត្រូវ​តែ​មានការ​ថ្លឹងថ្លែង​ឲ្យ​បាន​ស៊ីជម្រៅ ពីព្រោះ​កម្ពុជា​ក៏​បាន​ឆ្លងកាត់​បទ​ពិសោធ​នេះ​រួច​ទៅ​ហើយ ដូច​ជា​ការ​ផ្ដល់​យោបល់​ឲ្យ​កម្ពុជា​លក់​គយ និង​រឿង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ ។

សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា​ «ពេល​ខ្លះ​ប្រទេស​អ្នកមាន​មួយ​ចំនួន ពួក​គេ​គ្រាន់តែ​មានសំណាង​ដែល​បាន​កើត​ក្នុង​ប្រទេស​អ្នកមាន ប៉ុន្តែ​មិន​ប្រាកដ​ថា ពួក​គេ​មាន​ខួរក្បាល​ល្អ​ជាង​យើង​អ្នកក្រ​នោះ​ទេ​» ​។

ទាក់ទង​ទៅ​នឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​វិញ ឯកឧត្តម​អគ្គរដ្ឋទូត​បាន​លើក​ឡើង​ចំណុច​សំខាន់​ដែល​ភាគី​ទាំង​ពីរ ត្រូវ​តែ​ពង្រឹង​ជាមួយ​គ្នា​នោះ​គឺ​ទាក់ទង​ទៅ​នឹង វិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ដោយ​ឯកឧត្តម​បាន​លើក​ឡើង​ថា ប្រទេស​បួ​គី​ណា​ហ្វា​សូ​មាន​ចំណុចខ្លាំង គឺ​ផ្នែក​ធនធាន​រ៉ែ ដែល​ជា​ផ្នែក​មួយ​អាច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បានជា​មួយ​កម្ពុជា​។

ជាមួយ​គ្នា​នោះ ក៏​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​លើ​ការ​ដោះ​មីន​ផង​ដែរ និង​ចំណុច​ទាក់ទង​ទៅ​នឹង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សំខាន់​ៗ​ជា​ច្រើន​ទៀត ជា​ពិសេស​ការ​គាំទ្រ​គ្នា​លើ​ឆាក​អន្តរជាតិ ។

សម្ដេច​តេ​ជោ ក៏​បាន​ស្វាគមន៍​ផង​ដែរ ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក្នុង​ការ​ពង្រឹង​លើ​ចំណុច​សំខាន់​ទាំង​បី​ខាងលើ តែ​យ៉ាងណា​សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ គួរតែ​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង ​ឬ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ ដើម្បី​ពិនិត្យ​ទៅ​លើ​ចំណុច​ដែល​ត្រូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ទិស​ដៅ​ជាក់លាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ