ទីក្រុងការ៉ាកាស់៖ បន្ទាប់ពីអាមេរិកបាញ់នាវាដឹកគ្រឿងញៀននៅសមុទ្រការីប៊ីនកាលពីម្សិលមិញបណ្ដាលឱ្យស្លាប់១១នាក់រួចមក វេណេហ្ស៊ូអេឡាចាប់ផ្ដើមបញ្ចេញប្រតិកម្មតបវិញហើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ូអេឡាប្រកាសថ្កោលទោសទង្វើនោះជាទម្ងន់។ លោកចាត់ទុកថានោះជាការសម្លាប់មនុស្សយ៉ាងរង្គាលទាំងខុសច្បាប់ និងក៏ជាការរំលោភច្បាប់អន្តរជាតិផងដែរ។
ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ផ្សាយប្រចាំសប្ដាហ៍ លោករដ្ឋមន្ត្រីកាបេឡូ (Cabello) អះអាងថាទង្វើរបស់អាមេរិកមិនត្រឹមតែគ្មានមូលដ្ឋានគតិយុត្តិប៉ុណ្ណោះទេ ថែមទាំងមានចរិតឃោរឃៅទៀតផង។ លោករិះគន់ថាទីក្រុងវ៉ាស៊ីនតោនប្រើស្តង់ដារពីរ។ ពេលខ្លះប្រដៅប្រទេសដទៃអំពីបញ្ហាសិទ្ធិមនុស្ស និងពេលខ្លះខ្លួនឯងសម្លាប់មនុស្សឆៅៗតែម្ដង។ រដ្ឋមន្ត្រីរូបនេះបានបង្ហាញរូបភាពនាវាដែលត្រូវបានបាញ់កម្ទេច និងដាក់ជាសំណួរថាតើមានមូលដ្ឋានច្បាប់ឯណាដែលអនុញ្ញាតឱ្យបើកប្រតិបត្តិការវាយប្រហារបែបនេះ?
ការវាយប្រហារនោះជាករណីដំបូងបំផុតចាប់តាំងអាមេរិកបញ្ជូននាវាចម្បាំងទៅដាក់ពង្រាយនៅសមុទ្រការីប៊ីនភាគខាងត្បូង (Caribbean) ដើម្បីចាត់ការក្រុមជួញដូរគ្រឿងញៀន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោករូប៊ីយ៉ូ (Rubio) ចាត់ទុកថានោះជាទង្វើសមហេតុផលបំផុតដើម្បីចាត់វិធានការក្ដៅទៅលើពួកឈ្មួញគ្រឿងញៀនដែលលោកចាត់ទុកថាជាពួកភេរវកម្ម។ លោកត្រាំអះអាងថានៅលើកប៉ាល់នោះមានគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់។
មន្ត្រីជាន់ខ្ពស់អាមេរិកថ្លែងថាយុទ្ធនាការនេះមិនបញ្ចប់ត្រឹមហ្នឹងទេ ប៉ុន្តែត្រូវបន្តធ្វើដូចភ្លៀងរលឹម។ យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក យុទ្ធនាការកម្ចាត់គ្រឿងញៀនលើកនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបិទច្រកផ្លូវដឹកជញ្ជូនគ្រឿងញៀនទោះបីរដ្ឋាភិបាលវេណេហ្ស៊ូអេឡាអះអាងថាខ្លួនគ្មានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះក៏ដោយ។
រដ្ឋមន្ត្រីអាមេរិករូបនេះថ្លែងបន្តទៀតថាកងទ័ពអាមេរិកនៅការីប៊ីនបើសិនពួកគេចង់ចុះចាប់កប៉ាល់ដឹកគ្រឿងញៀននោះក៏បានដែរ។ ប៉ុន្តែលោកត្រាំបញ្ជាឱ្យបាញ់កម្ទេចកប៉ាល់នោះតែម្ដងដើម្បីទុកជាសារដាស់តឿនក្រុមឈ្មួញគ្រឿងញៀនដទៃទៀតជាលក្ខណៈអារកមាន់គំរាមស្វា។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ