ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​ប្តូរផ្តាច់​ធ្វើការ​យ៉ាង​សកម្ម​ដោយ​ប្រើ​យន្តការ​គ្រប់​លំដាប់ថ្នាក់​ដែល​មាន​ជា​ធរ​មាន ដើម្បី​តវ៉ា​ទៅ​កាន់​ភាគី​ថៃ​ចំពោះ​បញ្ហា​ព្រំ​ដែន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ករណី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​ដែល​បាន​កើតឡើង​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​យ៉ាង​សកម្ម ដោយ​ប្រើ​យន្តការ​គ្រប់​លំដាប់ថ្នាក់​ ដែល​មាន​ជា​ធរមាន ដើម្បី​តវ៉ា​ទៅ​កាន់​ភាគី​ថៃ និង​ជូនដំណឹង​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ តាម​គ្រប់​មធ្យោបាយ​ការទូត​ដោយ​ស្រប​តាម​ច្បាប់​អន្តរជាតិ…

រាជធានី​ភ្នំពេញ ​៖​ ករណី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​ដែល​បាន​កើតឡើង​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​យ៉ាង​សកម្ម ដោយ​ប្រើ​យន្តការ​គ្រប់​លំដាប់ថ្នាក់​ ដែល​មាន​ជា​ធរមាន ដើម្បី​តវ៉ា​ទៅ​កាន់​ភាគី​ថៃ និង​ជូនដំណឹង​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ តាម​គ្រប់​មធ្យោបាយ​ការទូត​ដោយ​ស្រប​តាម​ច្បាប់​អន្តរជាតិ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា​ ក្រោម​ការ ដឹកនាំ​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​យ៉ាង​ប្តូរផ្តាច់​បំផុត​តាម​គ្រប់​មធ្យោបាយ​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ «ចំពោះ​ករណី​ដែល​បាន​កើតឡើង​នៅ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​ភាគី​ថៃ​បាន​ធ្វើ​សកម្មភាព​ជា​ឯកតោភាគី ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៥ មក បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ និង​អាស្រ័យ​ផល​ជា​យូរលង់​មក​ហើយ​» ​។

អ្នកនាំពាក្យ​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​យ៉ាង​សកម្ម ដោយ​ប្រើ​យន្តការ​គ្រប់​លំដាប់ថ្នាក់​ដែល​មាន​ជា​ធរមាន ដើម្បី​តវ៉ា​ទៅ​កាន់​ភាគី​ថៃ និង​ជូនដំណឹង​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ តាម​គ្រប់​មធ្យោបាយ​ការទូត​ដោយ​ស្រប​តាម​ច្បាប់​អន្តរជាតិ​រួម​មាន ​៖

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ធ្វើ​កំណត់​ទូត​តវ៉ា ចំនួន​៣​លើក​ទៅ​កាន់​ក្រសួង​ការ​បរទេស​ថៃ និង​បាន​លើក​ឡើង​ក្នុង​វេទិកា​នានា និង​ជាមួយ​អង្គការ​អន្តរជាតិ​ជា​ច្រើន
​លើក រួម​ទាំង​អង្គការសហប្រជាជាតិ​ជាដើម​ ។

ជាមួយ​គ្នា​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច និង​ពិនិត្យ​ផ្ទាល់ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​អង្គទូត ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា អង្គការ​មិនមែន​រដ្ឋាភិបាល​នានា ទៅ​កាន់​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ និង​កន្លែង ដែល​រង​គ្រោះ​ពី​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ កាលពី​ចុងខែ​កក្កដា​កន្លង​ទៅ​ ។​ កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈ​កម្មា​ធិ​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ចំនួន​១​លើក និង​គណៈកម្មាធិការ ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) ចំនួន​៤​លើក កាលពី​ពេល​កន្លង​ទៅ ដោយ​ភាគី​កម្ពុជា​បាន​លើក​ឡើង ជា​ចម្បង អំពី​កិច្ច​ការពារ​បូរណភាព​ទឹកដី​នេះ​ដែរ​ ។​

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ធ្វើ​លិខិត​កំណត់​ទូត​តវ៉ា​ចំនួន​៣​លើក ក្នុង​នាម​គណៈកម្ម​ការ ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ទៅ​កាន់​សម​ភាគី​ថៃ​ ។ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បាន​ធ្វើ​លិខិតតវ៉ា​ចំនួន​២​លើក ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​របស់ ប្រទេស​ថៃ​ ។​ ជាមួយ​គ្នា​នេះ ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ជា​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​ធ្វើ​កិច្ច​ការងារ​ជាមួយ​ដៃគូ​របស់​ខ្លួន ដោយ​បាន​ដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​ជា​បន្ទាន់​លើ​សកម្មភាព​ឯកតោ​ភាគី​របស់​ភាគី​ថៃ ជូន​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​ទទួល​បាន​ទីជម្រក​សមរម្យ ការិ​យាល័យ​ឧត្តម ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ការិយាល័យ​ឧត្តមស្នងការ​អង្គការសហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ គណៈកម្មការ​អន្តររដ្ឋាភិ​បាល​អាស៊ាន​ទទួល​បន្ទុក សិទ្ធិ​មនុស្ស (​អាយ​ឆា​) ទាំង​១០​ប្រទេស និង​ស្ថាប័ន​ជាតិ​សិទ្ធិ​មនុស្ស​ឯករាជ្យ​ផ្សេង​ៗ​ទៀត​ ។

ក្រៅពី​នោះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី តែងតែ​លើក​ឡើង​ពី​បញ្ហា​នេះ នៅ​រាល់​ជំនួប ជាមួយ​ថ្នាក់ដឹកនាំ​បរទេស​សំខាន់​ៗ ដោយ​ជំរុញ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី អនុលោម​តាម​កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និង​ច្បាប់​អន្តរ​ជាតិ​ ។ នា​ពេល​ថ្មី​ៗ​នេះ ក្នុង​ដំណើរ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​បូក កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ដល់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ធាន​ជើង ប្រទេស​ចិន សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​លើក​បញ្ហា​នេះ​ជាមួយ ឯកឧត្តម ស៊ី ជី​ន​ពីង ប្រធា​នាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម វ៉ាង ហ៊ូ​នឹង ប្រធាន​សភា​ប្រឹក្សា នយោ​បាយ​ប្រជាជន​ចិន ឯកឧត្តម អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង ឯកឧត្តម អាន​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​។

សម្តេច​ធិ​បតី​បាន​ស្នើ​សុំ​ឱ្យ​មាន​កិច្ច​អន្តរាគមន៍ ដើម្បី​ជំរុញ​ឱ្យ​មានការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធ​ភាព ​និង​ពេញលេញ​នូវ​បទ​ឈប់​បាញ់ តាម​រយៈ​វត្តមាន​ចាំបាច់​នៃ​យន្តការ​តាមដាន​ដោយ​ភាគី​ទី​បី ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ ច្បាប់​អន្តរជាតិ និង​បញ្ឈប់​ការ​ពង្រីក​តំបន់​ជម្លោះ ការ​ប្រើប្រាស់​យោធា​ចូល​កាន់កាប់​ដោយ​ខុសច្បាប់ និង​បណ្តេញ ប្រជាពលរដ្ឋ​ស៊ី​វិល​ដោយ​បង្ខំ​ចេញពី​តំបន់​ដែល​បាន​និង​កំពុង​រស់នៅ​ជា​យូរលង់​មក​ហើយ ដើម្បី​ទប់ស្កាត់​សកម្មភាព បង្កហេតុ និង​បញ្ចៀស​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ ដែល​អាច​ឈាន​ដល់​ការ​ផ្ទុះអាវុធ​សារ​ជា​ថ្មី និង​ការ​ប្រឈម​មុខ​ដាក់​គ្នា ប្រកបដោយ​គ្រោះថ្នាក់​។

ចំណែក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ប្រើប្រាស់​យន្តការ​ការទូត​យ៉ាង
​សកម្ម​នៅ​គ្រប់​ជំនួប ជាមួយ​មេដឹកនាំ​បរទេស ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​អនុលោម​តាម​ច្បាប់​អន្តរជាតិ ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​កម្ពុជា​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូម​បញ្ជាក់​ជូន​សាធារណជន​ជ្រាប​ថា ការ​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព ទឹកដី គឺជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​អតីតកាល នៅ​ពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​។ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី អនុលោម​តាម​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​បូរណភាព​ទឹកដី និង​រក្សា​បាន​នូវ​សុខ​សន្តិភាព​ដែល​ជា សេចក្តី​ត្រូវការ​ចាំបាច់​របស់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ