រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់លើកដំបូងរវាងកីឡាករសូយ យក្សតឿ និងកីឡាករឯម ខ្លឹមខ្មៅ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៦ កុម្ភៈ ប៊ិះនឹងធ្វើឱ្យអ្នកគាំទ្រកីឡាករដែលគេគិតថានឹងឈ្នះភាគច្រើនខកចិត្ដ ។ បើទោះជាលទ្ធផលចុងក្រោយឯម ខ្លឹមខ្មៅ អាចឈ្នះពិន្ទុ ប៉ុន្ដែសន្ទុះខ្លាំងក្លារបស់សូយ យក្សតឿ ក៏ធ្វើឱ្យឯម ខ្លឹមខ្មៅ រងការព្រមាន និងដៀលត្មះមិនតិចដែរក្នុងការប្រកួតពេលនោះ ។
មុនការប្រកួតចាប់ផ្ដើមយ៉ាងហោចណាស់៨០%នៃក្រុមអ្នកទស្សនា និងអ្នកវិភាគសុទ្ធតែយល់ថាកីឡាករបង្គោលក្រហមឯម ខ្លឹមខ្មៅ មកពីក្លិបឫទ្ធិពោធិ៍សែនជ័យនឹងផ្ដួលកីឡាករបង្គោលខៀវសូយ យក្សតឿ មកពីក្លិបពោធិ៍ជ័យកីឡាស្រួលដូចបកចេក ។ ការយល់ឃើញនេះដោយសំអាងថា ឯម ខ្លឹមខ្មៅ គឺជាជើងខ្លាំងស៊េរីមុន និងធ្លាប់វាយដណ្ដើមបានខ្សែក្រវាត់ដល់ទៅ២ នាពេលកន្លងមក ។ បើទោះខ្សែក្រវាត់ទី១ ត្រូវរបូតទៅឱ្យកីឡាករផល សោភ័ណ្ឌ និងខ្សែក្រវាត់ទី២ ត្រូវរបូតទៅឱ្យកីឡាកររឿង សោភ័ណ្ឌ ប៉ុន្ដែគ្មានអ្នកណាមិនដឹងនោះទេថាគេមានសមត្ថភាពខ្ពស់ និងបានធ្វើឱ្យអ្នកដណ្ដើមយកខ្សែក្រវាត់បានទទួលទៅដោយវេទនាបំផុត។ ដោយឡែកសម្រាប់កីឡាករសូយ យក្សតឿ វិញនៅមិនទាន់មានក្រេឌីតទាំងនោះទេ ។
នៅក្នុងពិភពកីឡាប្រដាល់សន្ទុះនៃភាពល្បីល្បាញរបស់គេដ្បិតថាមានការទទួលស្គាល់ ប៉ុន្ដែទាំងល្បិច ទាំងស្នៀត និងបទពិសោធន៍នៅស្ទើរឆ្ងាយណាស់ ។ ផ្ទុយពីការគ្រោងទុក កីឡាករសូយ យក្សតឿ ដែលត្រូវមនុស្ស៨ក្នុងចំណោម១០នាក់ យល់ថាទៅមិនរួច បែរជាអាចធ្វើឱ្យឯម ខ្លឹមខ្មៅ បាក់មុខ និងឈានដល់ការព្រមានទៀតផង ។ នៅក្នុងទឹកទី១និងទឹកទី២ កីឡាករបង្គោលខៀវសូយ យក្សតឿ បានវាយសម្រុកត្រូវចំគោលដៅទៅលើកីឡាករបង្គោលក្រហមយ៉ាងចាស់ដៃ ដោយសូម្បីតែម៉ាត់ ជង្គង់ និងទាត់ឆ្វេងស្ដាំ ក៏ធ្វើឱ្យអ្នកទស្សនា ពិសេសក្រុមអ្នកភ្នាល់ថា ឯម ខ្លឹមខ្មៅ ឈ្នះបុកពោះតាំងពីទឹកទី១ ។ បង្គោលក្រហមរកវិធីបំបែកភាពខ្លាំងរបស់គូប្រកួតមិនបានទេ ពិសេសនៅពេលចូលកៀកក៏ចូលមិនបាន ព្រោះត្រូវលោកអាជ្ញាកណ្ដាលបំបែកចេញរហូតនោះ ។ កីឡាករបង្គោលក្រហមត្រូវគេដឹងថា ខ្លាំងក្នុងពេលចូលកៀក ពិសេសចំពោះការវាយកែងបក និងអុកជង្គង់ គឺទាល់តែចូលឱបក្រៀក ទើបអាចបញ្ចេញបាន ។
ដូច្នេះគ្រាន់តែចប់ទឹកទី២ ឯម ខ្លឹមខ្មៅ ទទួលការស្ដីបន្ទោសតែម្ដងពីសំណាក់គ្រូបង្វិក និងក្រុមអ្នកគាំទ្រយ៉ាងគំហុក ។ ការស្ដីបន្ទោសនោះ បានផ្ដោតខ្លាំងដែលឯម ខ្លឹមខ្មៅ មិនអាចធ្វើឱ្យសូយ យក្សតឿ ទ្រមខ្លួនបាន ដោយសូម្បីតែសូយ យក្សតឿ ត្រូវគេមើលឃើញថាមិនមែនជាដៃគូរបស់គេទាល់តែសោះ ទាំងបទពិសោធន៍ កម្រិតប្រកួត និងសន្ទុះដៃជើង ។ សម្រែកស្ដីបន្ទោសបានជំរុញឱ្យឯម ខ្លឹមខ្មៅ វាយលុកបានល្អជាងមុន ហើយធ្វើឱ្យទឹកទី៣ ក្លាយជាទឹកឈ្នះដាច់របស់កីឡាករបង្គោលក្រហមរូបនេះ ។ មិនត្រឹមតែដួលច្រងាប់ច្រងិលប៉ុណ្ណោះទេ សូម្បីតែមុខ និងថ្គាម ក៏សូយ យក្សតឿ ត្រូវឯម ខ្លឹមខ្មៅ វាយសន្ធាប់ចំបានល្អដែរ ។ ទោះបីយ៉ាងណានៅទឹកទី៤ កីឡាករសូយ យក្សតឿ បានសម្រេចក្នុងការធ្វើឱ្យកីឡាករឯម ខ្លឹមខ្មៅ រយះបរិវេណខ្ទង់ច្រមុះវិញ ដែលស្ថានភាពនេះបានបញ្ឆេះកំហឹងរបស់អ្នកទស្សនាភាគច្រើនកាន់តែខ្លាំង ។ គ្រាន់តែអាជ្ញាកណ្ដាលជូតឈាមក្នុងម៉ោងសម្រាកមិនទាន់ចប់ផង គេឮសម្រែកពីសំណាក់គ្រូបង្វិក និងអ្នកគាំទ្រ២-៣នាក់ជះមកព្រមគ្នាតែម្ដង ។ សំឡេងស្ដីបន្ទោសដែលគេឮច្បាស់ជាងគេគឺការព្រមាន ប្រសិនបើគេមិនអាចដណ្ដើមយកជ័យជម្នះក្នុងការប្រកួតនេះទេ ។
អ្នកបញ្ចេញកំហឹងនោះ ព្រមានដោយសំឡេងគំហកខ្លាំងថា «បើវ៉ៃប៉ុណ្ណឹងមិនឈ្នះ ឈប់ឡើងរេញ ហើយឈប់ប្រដាល់ ទៅធ្វើស្រែទៅ…ឆ្កួតអីក៏ឆ្កួតម៉្លេះ ជង្គង់ និងកែងម៉េចមិនប្រើ…» ។ នៅមានសម្រែករិះគន់ និងការព្រមានច្រើនទៀត ដែលគេឃើញជះសន្ធាប់ទៅលើកីឡាកររូបនេះ ដែលកោះសន្ដិភាពសុំសិទ្ធិមិនលើកមកនិយាយ ។ សំឡេងស្ដីបន្ទោសលាយឡំនឹងភាពដៀលត្មះនេះ គ្រាន់តែជាកំហឹងដែលខឹងនឹងឯម ខ្លឹមខ្មៅ ធ្វើអីមិនកើតទាំងស្រុងទៅលើកីឡាករសូយ យក្សតឿ ប៉ុណ្ណោះ ។ អីុចឹងហើយទើបគេឃើញកីឡាករបង្គោលក្រហមបានឆ្លើយតបនឹងភាសាបន្ដុះបង្អាប់ទាំងនេះ ដោយការបញ្ចេញថ្វីដៃគួរឱ្យកោតសរសើរនៅទឹកចុងក្រោយ ។ សន្ទុះប្រឹងប្រែងរបស់ឯម ខ្លឹមខ្មៅ បានធ្វើឱ្យផ្ទុះសំឡេងទះដៃយ៉ាងកងរំពង ហើយក៏ត្រូវគេឃើញសំឡេងនោះកាន់តែខ្ទរញ័រសាលប្រដាល់តែម្ដង នៅពេលដែលការវាយលុកបានរុញឱ្យកីឡាករសូយ យក្សតឿ អស់ខ្យល់ពេញបន្ទុក ហើយទប់ទាំងលំបាកបំផុតទម្រាំផុតទឹកទី៥ ។ រវាងគូនេះ កីឡាករឯម ខ្លឹមខ្មៅ ឈ្នះដោយពិន្ទុ ប៉ុន្ដែលទ្ធផលនេះ បើគ្មានការប្រឹងប្រែងនៅទឹកទី៣ និងទឹកចុងក្រោយបន្ដិចទេ គឺពិតជាបាក់មុខ និងត្រូវអ្នកគាំទ្រជះកំហឹងដោយមិនសំចៃមាត់ ជាពិសេសគ្រូបង្វិក និងអ្នកឱ្យទឹកគេតែម្ដង ។
ចំពោះលទ្ធផលគូផ្សេងកីឡាករពេជ្រ វីរៈ មកពីក្លិបរការខ្នុរគុនខ្មែរបង្ក្រាបគ្រឿងញៀន ត្រូវសន្លប់ក្នុងទឹកទី៤ ក្រោមដៃកីឡាករធន ប្រាក់ពេជ្រ មកពីមជ្ឈមណ្ឌលកីឡាខេមរភូមិន្ទ ។
កីឡាករឯម ចំណាប់ មកពីក្លិបឫទ្ធិពោធិ៍សែនជ័យ ឈ្នះកីឡាករយ៉ា ពុទ្ធារី មកពីក្លិបកុសលកីឡា ។ កីឡាករម៉ន លីហួរ មកពីក្លិបព្រែកឯងកីឡា វាយកីឡាករឆាយ ម៉េត មកពីក្លិបសំរោងកោងកីឡាខេត្ដបាត់ដំបង ឱ្យសន្លប់ក្នុងទឹកទី២ និងកីឡាករប៉ូ វណ្ណស័ក្ដ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវសន្លប់ក្រោមដៃកីឡាករឃឹម ពេជ្រចិន្ដា មកពីក្លិបសំរោងកោងកីឡាខេត្ដបាត់ដំបង ក្នុងទឹកទី២ ។ នៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក្នុងថ្ងៃដដែល កីឡាករឯម វុត្ថា មកពីក្លិបឫទ្ធិពោធិ៍សែនជ័យ បានសម្រេចយកឈ្នះលើកីឡាករផល សុផាត មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយពិន្ទុ ៕
ចែករំលែកព័តមាននេះ