សារសំខាន់​នៃ​ការ​ជំរុញ​អ្នកទេសចរ​ក្នុង​ស្រុក


រាជធានី​ភ្នំពេញ​៖ លោក​ជួន ជ័យ​សត្យា ប្រធាន​នាយកដ្ឋាន​ជំរុញ​ទេសចរណ៍​ក្នុងស្រុក និង​អប់រំ​ការ​យល់​ដឹង​ជា​សាធារណៈ​នៃ​ក្រសួងទេសចរណ៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បាន​ថ្លែង​ថា ការ​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​ជាតិ​ឲ្យ​កាន់តែ​មាន​លំនឹង ។ បើ​ទោះបីជា​មាន​បញ្ហា ផ្សេង​ៗ​នៅ​លើ​ពិភពលោក​ក៏​ដោយ ក៏​ភ្ញៀវ​ក្នុងស្រុក​មិន​ភ័យ​ខ្លាច ហើយ​នៅ​តែ​បន្ត​ដើរ​លេង​កម្សាន្ត​ដដែល ខុស​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​អាច​នឹង​ថយ​ចុះ ហើយ​មិន​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​ទេ បើសិនជា​មាន​បញ្ហា​ពិភពលោក​អ្វីមួយ​កើតឡើង ។

ប្រភព​ដដែល​លើក​ឡើង​ថា​ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ក្រសួងទេសចរណ៍ បាន និង​កំពុង លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ឈ្វេងយល់​ពី​តំបន់​ទេសចរណ៍​ក្នុងស្រុក​ឲ្យ​កាន់តែ​ទូលាយ​បន្ថែម​ទៀត​ដើម្បី​បណ្តុះ​ស្មារតី​ពួក​គាត់​ឲ្យ​ចេះ​ស្រឡាញ់​ទឹកដី​មាតុភូមិ អភិរក្ស​ធនធាន​ទេសចរណ៍ វប្បធម៌ ធម្មជាតិ និង​បរិស្ថាន ។ ផ្តើម​ពី​នោះ​ប្រជាពលរដ្ឋ​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក​កាន់តែ​ច្រើន​ថែម​ទៀត ។ ការ​លើកទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឈ្វេងយល់​ពី​តំបន់​ទេសចរណ៍​ក្នុងស្រុក​នេះ ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ​ពី​តំបន់​​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស និង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ព្រមទាំង​បំផុស​ឲ្យ​ប្រជា​សហគមន៍​ខិតខំ​បង្កើត​ផលិតផល​ទេសចរណ ៍ថ្មី​ៗ​ឲ្យ​បាន​ច្រើន ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​នេះ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​កម្មវិធី​ប្រឡង​ប្រណាំង​រៀបចំ​បង្កើត​ខ្សែ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ក្នុងស្រុក ក្រោម​ប្រធានបទ​«​កញ្ចប់​ទស្សនកិច្ច​មាតុភូមិ​ខ្ញុំ​»​ទៅ​កាន់​តំបន់ឆ្នេ​សមុទ្រ ។

កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​ស្គាល់​ពី​ទឹកដី និង​គោលដៅ​ទេស​ចរណ៍ ពិសេស​បណ្តុះ​ស្មារតី​ស្រឡាញ់​ទឹកដី​មាតុភូមិ​កម្ពុជា និង​បាន​យល់​ដឹង​ពី​ការ​អភិរក្ស​ធនធាន​ទេសចរណ៍ វប្បធម៌ ធម្មជាតិ និង​បរិស្ថាន ក៏​ដូច​ជា​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ក្នុង​មូលដ្ឋាន តាម​រយៈ​ការ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដោយ​ផ្ទាល់​ពី​វិស័យ​ទេសចរណ៍ ។

ជា​រៀង​រាល់​ឆ្នាំ​កម្ពុជា​មាន​អ្នកទេសចរ​ក្នុងស្រុក​ដើរ​កម្សាន្ត​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​១៦​លាន​នាក់ ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ជាតិ​កាន់តែ​រីក​ចម្រើន និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​ដោយ​យោល​រាប់​លាន​នាក់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ