ខេត្តបន្ទាយមានជ័យ ៖ រថយន្តសេរីឆ្នាំ១៩៩៣មួយគ្រឿង ត្រូវចោរលួចពីក្រុងប៉ោយប៉ែតកាលពីវេលាទៀបភ្លឺថ្ងៃទី១៧ កុម្ភ: ២០១៤ប៉ុន្តែជាអកុសលពេលទៅដល់ក្រុងសិរីសោភ័ណ ក៏ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បុកបង្គោលគីឡូម៉ែត្រតាមដងផ្លូវរថយន្តខ្ទេចអស់ស្ទើរទាំងស្រុង ទើបម្ចាស់ដឹង ។
រថយន្តដែលចោរលួចនេះ ម៉ាកកាមរីចង្កូតស្ដាំ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២E.៤៩៩៧ ជារបស់ឈ្មោះប៉ែន វឌ្ឍនា ភេទប្រុសអាយុ៣៤ឆ្នាំ ជាអាជីវករលក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ តាមឈ្មោះប៉ែន វឌ្ឍនា ជាម្ចាស់រថយន្តបានឲ្យដឹងតាមទូរស័ព្ទថា កាលពីវេលាម៉ោងប្រហែល១០យប់ថ្ងៃទី១៦ កុម្ភ: ២០១៤ ខ្លួនបានចតរថយន្តចោលមុខផ្ទះ ហើយភ្លេចដកសោរថយន្ត ស្រាប់តែព្រឹកឡើងបាត់រថយន្តតែម្ដង មិនដឹងនរណាយកទៅណាទេ។
ទោះជាយ៉ាងណា ម្ចាស់រថយន្តរូបនេះប្រាប់ថា ខ្លួនបានទទួលព័ត៌មានពីសមត្ថកិច្ចក្រុងសិរីសោភ័ណនៅព្រឹកថ្ងៃទី១៧ នេះថា រថយន្តត្រូវជនមិនស្គាល់អត្តសញ្ញាណបើកបរបុកបង្គោលគីឡូម៉ែត្រតាមដងផ្លូវជាតិលេខ៦ ឆ្ពោះទៅខេត្តសៀមរាបធ្លាក់ស្នាមភ្លោះក្នុងភូមិសាលាក្រៅ សង្កាត់ភ្នាត ក្រុងសិរីសោភ័ណ ធ្វើឲ្យរថយន្តខូចខ្ទេចស្ទើរទាំងស្រុង កាលពីវេលាម៉ោងជាង២ទៀបភ្លឺព្រឹកថ្ងៃទី១៧នេះហើយអ្នកបើកបរបានគេចខ្លួនបាត់។
ម្ចាស់រថយន្តបន្តទៀតថា ពេលនេះរថយន្តរបស់ខ្លួនត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការនគរបាលក្រុងសិរីសោភ័ព ។លោកស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណ ប្រាប់តាមទូរស័ព្ទថា ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើពិតជាកើតមានមែនប៉ុន្តែលោកថា រថយន្តនោះមិនដឹងជារបស់នរណានៅឡើយទេ ព្រោះកន្លែងកើតហេតុមិនឃើញនរណាម្នាក់ឡើយ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕
ចែករំលែកព័តមាននេះ