​ដឹងហើយ… រោងចក្រ​ដែលកម្មករ​ចូល​ធ្វើការ​ តែមិនដែលឃើញចេញវិញ


ខេត្តកំពត ៖ បន្ទាប់​ពី​សារព័ត៌មាន​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​ កាលពី​ពេល​ថ្មី​ៗ​នេះ​នូវ​ព័ត៌មាន​អំពី​រោងចក្រ​មួយដែល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​មាន​ច​ម្ង​ល់​ថា តើ​រោងចក្រ​មួយនេះ ​គេ​ធ្វើ​អ្វី​បានជា​កម្មករ​ចូល​ហើយ​ឥត​ឃើញ​ចេញ​មក​ក្រៅ​វិញ​សោះ ប្រៀប​ដូច​ជា​មាន​អាថ៌​កំបាំង​អ្វីមួយ ។ ការ​ព្យាយាម​រក​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ រហូត​ដល់​អាជ្ញាធរ​ស្រុក​ ក៏​មិន​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ណាមួយ​ឱ្យ​ច្បាស់លាស់​ដែរ ។ គួររំលឹកថា៖ ល្បី​ថា រោងចក្រ​មួយ​ចម្លែក​… មាន​កម្មករ​ចូល​ធ្វើការ តែ​មិនឃើញ​ចេញ (​មាន​វី​ដេ​អូ)

ទោះបីជា​បែប​ណា ក្រោយ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ពី​រោងចក្រ​ក្បែរ​ជើងភ្នំ​នេះ ដែល​សូ​ម្បីតែ​ឈ្មោះ​ក៏​មិនដឹង​ថា​ឈ្មោះ​អ្វី​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​ សីហា គេ​ឃើញ​មន្ត្រី​អធិការកិច្ច​នៃ​មន្ទីរការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដឹកនាំ​ដោយលោក អុ​ឹ​ង ប៉ូ​ហេង ប្រធាន​មន្ទីរ លោក​អភិបាល​ស្រុក​កំពង់ត្រាច និង​លោក​អធិការ​នគរបាល​ស្រុក រួម​នឹង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំ បាន​ទៅ​ពិនិត្យ​ទីតាំង​ក្នុង​រោងចក្រ ដែល​លេចឮ​ព័ត៌ មាន​មិន​ប្រក្រតី​ថា មាន​កម្មករ​ចូល​ទៅ​ក្នុង​រោងចក្រ​ហើយ​មិនឃើញ​ចេញ​មកក្រៅ​វិញ ។

ជុំវិញ​ការ​ផ្សាយ​ព័ត៌មាន​រសើប​ខាងលើ ភ្នា​ក់ងារ​កោះសន្តិភាព​បាន​ទៅ​ដល់ទី​តាំង​រោងចក្រ​ ដើម្បី​ថត​យក​រូបភាព និង​បាន​សម្ភាសន៍​ជាមួយ​តំណាង​រោងចក្រ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ ខណៈ​ក្រុមការងារ​អធិ​ការ​កិច្ច​របស់​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ដល់ទី​តាំង​រោង​ចក្រ​នេះ ។ លោក គិត សុធា ប្រធាន​ផ្នែក​រដ្ឋបាល​រោង​ចក្រ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ ​ពី​ដើម​ជា​រោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ក្បែរ​ជើងភ្នំ​ប្រាសាទ ក្នុង​ឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ។ ដោយសារ​ថៅកែ​រោងចក្រ​មុន​ក្ស័យធន រោងចក្រ​នេះ​បាន​បិទទ្វារ​ឈប់​ដំណើរការ​ជិត​២​ឆ្នាំ​មក​ហើយ លុះ​នៅ​កំឡុង​ខែធ្នូ ឆ្នាំ​២០១៨ ម្ចាស់​ទីតាំង​រោងចក្រ​ទាក់ទង​រកអ្នក​វិនិយោគ ក៏​បាន​ទាក់ទង​មក​ក្រុមហ៊ុន​សគ្រាស​របស់​លោក ។

ពេល​នោះ​ ក្រុមហ៊ុន​សហគ្រាស​របស់​លោក​ ក៏​បាន​រៀបចំ​រុះរើ និង​ជួសជុល​អគារ​រោងចក្រ​នេះ ​ពី​រោងចក្រ​កាត់ដេរ​មក​ជា​សហគ្រាស​ផលិត​បារី​វិញ ។ ការ​ជួសជុល​បន្ទប់​អគារ​នៅ​ខាងក្នុង​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ហើយ​រួចរាល់​ទេ ប៉ុន្តែ​ជួសជុល​បណ្តើរ ដំឡើង​ម៉ាស៊ីន​ផលិតបារី​បណ្តើរ ។ លោក​ប្រធាន​រដ្ឋបាល​រោងចក្រ បាន​បញ្ជាក់ អំពី​ចំនួន​កម្មករ​កម្មការិនី និយោជិត​ដែល​កំពុងបម្រើ​ការងារ​ក្នុង​សហគ្រាស​ផលិត​បារី​ឈ្មោះ ហួរ សេង​ធាន នេះ​មាន​ចំនួន​១០៣​នាក់ ហើយខាង​សហគ្រាស​បាន​សង់​បន្ទប់​ស្នាក់​នៅ ដែល
អ្នកមាន​គ្រួសារ​នៅ​បន្ទប់​មួយ​ៗ​ដូច​គ្នា និង​អ្នកនៅ​លីវ​ក៏​មាន​បន្ទប់​ស្នាក់​នៅ​ក្នុង​បរិវេណ​រោងចក្រ​នេះ​ដែរ ។ ចំពោះ​ការ​ហូប​ចុក ថៅកែ​សហគ្រាស​ឧបត្ថម្ភ​អាហារ​៣​ពេល​ក្នុង​មួយ​ថ្ងៃ ។

ដោយឡែក ប្រពន្ធ​កម្មករ​ដែល​ស្នាក់​នៅ​ក្នុង​បរិវេណរោងចក្រ​នេះ​តែ​មិន​បាន​ធ្វើការ​ជាមួយ​ប្តី គឺ​អ្នក​គ្រប់​គ្រង​មាន​សង់រោង​ជា​ស្តង់​សម្រាប់​លក់​ភេសជ្ជៈ​និង​ចំណីអាហារ​ផ្សេង​ៗ ។ លោក គិត សុធា ឲ្យ​ដឹង​ទៀត​ថា ការ​សុំ​ច្បាប់​អនុញ្ញាត​បង្កើត​សហគ្រាស​ធុន​មធ្យម​ផលិត​បារី​នេះ បាន​ដាក់​ទៅ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​មន្ទីរ​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២ខែសីហា ថ្មី​ៗ​កន្លង​ទៅ ។ ជា​មួយ​គ្នា​នេះ ដោយសារ​តែ​សហគ្រាស​ផលិត​បារី​របស់​លោក​មិនទាន់​ដំណើរការ ទើប​ខាង​សហគ្រាស​មិន​ទាន់រើស​កម្មករ​កម្មការិនី​បន្ថែម ។ ចំពោះ​កម្មករ​កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​សហគ្រាស​នេះ គឺ​ប្រធាន​សហគ្រាស​យក​ពី​សាខា​នៅ​ភ្នំពេញ​ខ្លះ និង​នៅ​ក្នុងស្រុក​កំពង់ត្រាច​ខ្លះ ។ មូលហេតុ​មិន​ទាន់​រើស​ច្រើន ដោយសារ​ពេល​នេះ​យក​អ្នកចេះ​ពី​សហគ្រាស​នៅ​ភ្នំពេញ​មក​ជួយ​បង្រៀន​អ្នក​ថ្មី ពេល​អ្នក​ថ្មី​ចេះ យើង​រើស​បន្ថែម​ឲ្យ​អ្នក​ចូល​មុន​ជួយ​បង្រៀន​អ្នក​ចូល​ថ្មី ទើប​សហគ្រាស​លោក​ដំណើរការ​បាន ។

លោក​បាន​បញ្ជាក់​ថា ក្រុម​កម្មករ​ឬ​ជាង​ដែល​កំពុងធ្វើការ​ងារ​ក្នុង​សហគ្រាស​នេះ បើ​ពេល​សម្រាក​ពី​ការងារ បងប្អូន​ចង់ទៅ​ហូប​ចំណីលេង​នៅ​ខាងក្រៅ​បរិវេណ​សហគ្រាស មាន​រថយន្ត​ដឹក​បងប្អូន​ទៅ​ជា​ក្រុម ដែល​សហគ្រាស​ធ្វើ​នេះ ​គឺ​ដើម្បី​ការពារ​សុវត្ថិភាព​បងប្អូន ពីព្រោះ​បងប្អូន​ភាគច្រើន​ដែល​បម្រើ​ការងា​សហគ្រាស​នៅ​ភ្នំពេញ​ដែល​យក​មក​បង្រៀន​អ្នក​ថ្មី​នៅ​ក្នុង​សហគ្រាស​នេះ សុទ្ធតែ​មក​ពី​តាម​ខេត្ត​ឆ្ងាយ​ៗ​។ហេតុ​ដូច្នេះ​ហើយ ទើប​សហគ្រាស​រៀបចំ​ឲ្យ​មានកន្លែង​ស្នាក់​នៅ អាហារ​ហូប​ចុក ទឹក ភ្លើង​គឺសហគ្រាស​ជា​អ្នក​រា​៉​ប់
រង ៕ ​(សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ