ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា រោងចក្រ​មួយ​ចម្លែក​… មាន​កម្មករ​ចូល​ធ្វើការ តែ​មិនឃើញ​ចេញ (​មាន​វី​ដេ​អូ)

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ថ្មី​ៗ​នេះ​បន្ទាប់​ពី​សារព័ត៌មាន (​កោះសន្តិភាព​) បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មាន​រោងចក្រ​មួយ ប្រជាជន និង​អាជ្ញាធរ​ឃុំ​ឆ្ងល់​ថា តើ​រោងចក្រ​មួយ​នេះ​គេ​ធ្វើ​អ្វី​បានជា​ឃើញ​កម្មករ​ចូល ហើយ​ឥត​ឃើញ​ចេញ​មក​ក្រៅ​វិញ…

ខេត្តកំពត ៖ ថ្មី​ៗ​នេះ​បន្ទាប់​ពី​សារព័ត៌មាន (​កោះសន្តិភាព​) បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា មាន​រោងចក្រ​មួយ ប្រជាជន និង​អាជ្ញាធរ​ឃុំ​ឆ្ងល់​ថា តើ​រោងចក្រ​មួយ​នេះ​គេ​ធ្វើ​អ្វី​បានជា​ឃើញ​កម្មករ​ចូល ហើយ​ឥត​ឃើញ​ចេញ​មក​ក្រៅ​វិញ ប្រៀប​ដូច​ជា​មាន​អាថ៌​កំបាំង​អ្វីមួយ ។

ដោយ​មាន​លេចឮ​ព័ត៌មាន​រសើប​ដូច្នេះ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ ២០១៩ គេ​ឃើញ​មន្ត្រី​អធិការកិច្ច​មន្ទីរ​ការងារ មាន​លោក​អ៊ឹ​ង ប៉ូ​ហេង ប្រធាន​មន្ទីរ​ការងារ លោក​អភិបាលស្រុក​កំពង់ត្រាច និង​លោក​អធិ​ការ​នគរបាល​ស្រុក រួម​នឹង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ បាន​ចុះ​ពិនិត្យ​ទីតាំង​ក្នុង​រោងចក្រ​ដែល​លេចឮ​ព័ត៌មាន​មិន​ប្រក្រតី​ថា មាន​កម្មករ​ចូល​ទៅ​ក្នុង​រោងចក្រ ហើយ​មិនឃើញ​ចេញ​មក​ក្រៅ​វិញ​។

ជុំវិញ​បញ្ហា​ការ​ផ្សាយ​ព័ត៌មាន​រសើប​ខាងលើ ភ្នាក់ងារ​កោះសន្តិភាព​បាន​ចុះ​ទៅ​ដល់ទី​តាំង​រោងចក្រ ដើម្បី​ថត​យក​រូបភាព និង​សុំ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នកតំណាង​រោងចក្រ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៩ ខណៈ​ក្រុមការងារ​អធិការកិច្ច​របស់​មន្ទីរ​ការងារ​ខេត្ត​រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ដល់ទី​តាំង​រោងចក្រ​ខាងលើ​នេះ​ដែរ​។

លោក គិត សុធា ប្រធាន​ផ្នែក​រដ្ឋបាល​រោងចក្រ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា រោងចក្រ​នេះ​ពី​ដើម​ជា​រោង​ចក្រ​កាត់ដេរ​សំលៀក​បំពាក់ ទីតាំង​ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ក្បែរ​ជើងភ្នំ​ប្រាសាទ ក្នុង​ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ។ រោងចក្រ​នេះ​ដោយ​ថៅកែ​ក្ស័យធន ក៏​បាន​បិទទ្វារ​ឈប់​ដំណើរការ​ជិត​ពីរ​ឆ្នាំ​មក​ហើយ នៅ​កំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ម្ចាស់​ដី​ទីតាំង​រោងចក្រ​បាន​ទំនាក់ទំនង​រក​អ្នក​វិនិយោគ​ក៏​បាន​ទំនាក់​ទំនង​ក្រុមហ៊ុន​សហគ្រាស​របស់​លោក ពេល​នោះ​ក្រុមហ៊ុន​សហគ្រាស​របស់​លោក​ក៏​បាន​រៀបចំ​រុះរើ និង​ជួសជុល​ក្នុង​អគារ​រោងចក្រ​នេះ​ពី​រោងចក្រ​កាត់ដេរ​មក​ជា​សហគ្រាស​ផលិត​បារី​វិញ ។ ហើយ​ការ​ជួសជុល​បន្ទប់​អគារ​នៅ​ខាងក្នុង​មិន​ទាន់​ហើយ​រួចរាល់​នោះ​ទេ ប៉ុន្តែ​ជួសជុល​បណ្តើរ​តំឡើង​ម៉ាស៊ីន​ផលិត​បារី​បណ្តើរ។

លោក​ប្រធាន​រដ្ឋបាល​ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​ចំនួន​កម្មករ​កម្មការិនី និយោជក​ដែល​កំពុង​បំរើ​ការងារ​ក្នុង​សហគ្រាស​ផលិត​បារី​ដែល​មានឈ្មោះ​ហួរ សេង​ធាន នេះ មាន​ចំនួន​១០៣​នាក់ ក្នុង​ចំនួន​១០៣​នាក់​ខាង​លើ ប្រធាន​សហគ្រាស​បាន​សង់​បន្ទប់​ស្នាក់​នៅ អ្នកមាន​គ្រួសារ​នៅ​បន្ទប់​មួយ​ៗ​ដូច​គ្នា និង​អ្នក​នៅ​លីវ​ក៏​មាន​បន្ទប់​ស្នាក់​នៅ​ក្នុង​បរិវេណ​រោងចក្រ​នេះ​ដែរ ។ ក្នុង​នោះ​ដែរ កម្មករ កម្មការិនី​ដែល​បំរើ​ការងារ​ក្នុង​សហគ្រាស​ផលិត​បារី ចំពោះ​របប​ការ​ហូប​ចុក ថៅកែ​សហគ្រាស​ឧបត្ថម្ភ​អាហារ​ហូប​ចុក​បី​ពេល​ក្នុង​មួយ​ថ្ងៃ​។ ដោយឡែក​ប្រពន្ធ​កម្មករ​ដែល​ស្នាក់​នៅ​ក្នុង​បរិវេណ​រោងចក្រ​នេះ មិន​បាន​ធ្វើការ​ជាមួយ​ប្តី គឺ​អ្នក​គ្រប់គ្រង​មាន​សង់រោង​ជា​ស្តង់​សំរាប់​លក់​ភេសជ្ជ និង​ចំណីអាហារ​ផ្សេង​ៗ​ជូន​ដល់​កម្មករ​ដែល​ធ្វើ​ការងារ​ក្នុង​សហគ្រាស​នេះ​ផង​ដែរ ។

លោក​ប្រធាន​រដ្ឋបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​សុំ​ច្បាប់​អនុញ្ញាត​បង្កើត​សហគ្រាស​ធន់​មធ្យម​ផលិត​បារី​នេះ មន្ទីរ​ឧស្សាហ៍កម្ម​សិប្បកម្ម​ខេត្ត​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​មន្ទីរ​បាន​សម្រេច​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ ២០១៩​នេះ ជាមួយ​គ្នា​នេះ​ដែរ ដោយសារ​តែ​សហគ្រាស​ផលិត​បារី​របស់​លោក​មិន​ទាន់​ដំណើរការ ទើប​ខាង​សហគ្រាស​មិន​ទាន់​រើស​កម្មករ កម្មការិនី​បន្ថែម​។ ចំពោះ​កម្មករ កម្មការិនី​ដែល​កំពុង​បំរើ​ការងារ​ក្នុង​សហគ្រាស​នេះ គឺ​ប្រធាន​សហគ្រាស​យក​ពី​សាខា​នៅ​ភ្នំពេញ​ខ្លះ និង​នៅ​ក្នុងស្រុក​កំពង់​ត្រាច​ខ្លះ មូលហេតុ​មិន​ទាន់​រើស​ច្រើន ដោយសារ​ពេល​នេះ​យក​អ្នកចេះ​ពី​សហគ្រាស​នៅ​ភ្នំពេញ​មក​ជួយ​បង្រៀន​អ្នក​ថ្មី ពេល​អ្នក​ថ្មី​ចេះ យើង​រើស​បន្ថែម​ឲ្យ​អ្នក​ចូល​មុន​ជួយ​បង្រៀន​អ្នក​ចូល​ថ្មី ទើប​សហគ្រាស​លោក​ដំណើរការ​បាន​។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុម​កម្មករ ឬ​ជាង​ដែល​កំពុងធ្វើការ​ងារ​ក្នុង​សហគ្រាស​នេះ បើ​ពេល​សំរាក​ពី​ការងារ​បងប្អូន​ចង់ទៅ​ហូប​អី លេង​នៅ​ខាងក្រៅ​បរិវេណ​សហគ្រាស គឺ​មាន​រថយន្ត​ដឹក​បងប្អូន​ទៅ​ជា​ក្រុម ដើម្បី​ទៅ​ហូប​អី លេង​កំសាន្ត សហគ្រាស​ធ្វើ​នេះ​ដើម្បី​ការពារ​សុវត្ថិភាព​បងប្អូន ពីព្រោះ​បងប្អូន​ភាគច្រើន​ដែល​បំរើ​ការងា​សហគ្រាស​នៅ​ភ្នំពេញ ដែល​យក​មក​បង្រៀន​អ្នក​ថ្មី​នៅ​ក្នុង​សហគ្រាស​នេះ សុទ្ធតែ​មក​ពី​តាម​ខេត្ត​ភាគច្រើន ហេតុ​ដូច្នេះ​ហើយ​ទើប​សហគ្រាស​រៀបចំ​ឲ្យ​មាន​កន្លែង​គ្រួសារ​ស្នាក់​នៅ អាហារ​ហូប​ចុក ទឹក ភ្លើង សហគ្រាស​ជា​អ្នក​រាប់​រង​ទាំងអស់​។

គួរ​រំលឹក​ថា ៖ រោងចក្រ​ចម្លែក​! កម្មករ​ចូល​គ្មាន​ចេញ​… ឃើញ​ត្រឹម​ហែក​ជ​ញ្ចាំ​ង​លូក​តែ​ដៃ (​វី​ដេ​អូ​) ៕(​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ