ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តប៉ៃលិនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុក ដាក់ខ្ពស់ ចំពោះវិ ស័យកីឡាគ្រប់ប្រភេទ ដែលធ្វើវិស័យកីឡានៅទូទាំងប្រទេស មានការរីកចម្រើនយ៉ាងខ្លាំង ព្រមទាំងបានទទួលជ័យលាភី ជាបន្តបន្ទាប់លើឆាកអន្តរជាតិ ហើយសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃ កំណើតទី២ របស់ប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា ដែល មិន អាចកាត់ថ្លៃបាន។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសប្បុរសជន ដែលបានចូលរួមនិងឧបត្ថម្ភគាំទ្រ ក្នុងការលើកស្ទួយវិស័យ កីឡាក្នុងខេត្តរបស់យើង ឱ្យមានការរីកចម្រើន ជាពិសេសបានផ្តល់ឱកាស ដល់សិស្សានុសិស្សបានបង្ហាញនូវសមត្ថភាពដែលបង្កើននូវបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួន ឱ្យក្លាយជាកីឡាករដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ ក្នុងនោះផង ដែរ ក៍សូមជម្រុញដល់មន្ទីរអប់រំ ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡា “ឱ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា (បើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ) ត្រូវបណ្តុះបណ្តាលធន ធាន មនុស្ស (កីឡាករ) ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។
នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករ ទាំង អស់ ត្រូវខិតខំ ប្រកួត តាម លក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះ ថាការប្រកួត តែងតែមានចាញ់ និងឈ្នះ ហើយជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជៀស ឱ្យឆ្ងាយ ពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយនាំគ្នាលេងកីឡាដើម្បីសុខភាព នឹងក្លាយខ្លួនជាទំពាំងស្នងឫស្សីសម្រាប់ ប្រទេសជាតិនាពេលអនាគត់។
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹងថា៖ ការប្រកួតមានរយៈ ពេល ១០ ថ្ងៃ (ចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែមីនាឆ្នាំ២០២៦) ដោយមានសាលាចូលរួមប្រកួតចំនួន ២៧សាលា កីឡាករសរុប ៩១២ នាក់, កីឡាការី ៤៤៦ នាក់, ក្នុងនោះមាន៖ សាលាបឋមសិក្សាចូលរួមប្រកួតចំនួន ១៧ សាលា កីឡាករ សរុប ៤៨០នាក់ ស្រី១៩៤ នាក់ និងសាលាមធ្យមសិក្សាចូលរួមប្រកួតចំនួន ១០ សាលា កីឡាករសរុប ៤៣២នាក់ ស្រី២៥២ នាក់។ ហើយក្រោយពីបញ្ចប់ការប្រកួត លទ្ធផលគឺ ១.វិញ្ញាសាបាល់បោះនារីផ្នែកមធ្យមសិក្សា ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យហ៊ុន សែន សាលាក្រៅ, និងចំណាត់ថ្នាក់លេខ៣ អនុវិទ្យាល័យ បយ៉ាខា។ វិញ្ញាសាបាល់បោះផ្នែកយុវជនចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ ពន្លឺប៉ៃលិន។ ២.វិញ្ញាសាបាល់ទះ ផ្នែកនារីមធ្យមសិក្សាចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ សន្តិភាព។ ៣. ផ្នែកមធ្យមសិក្សា ចំពោះផ្នែកនារីលើវិញ្ញាសារ បាល់ទាត់ ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ អនុវិទ្យាល័យ ភ្នំកុយ, ចំណាត់ថ្នាក់លេខ៣ អនុវិទ្យាល័យ ភ្នំយ៉ាត។ ចំពោះផ្នែកវិញ្ញាសារបាល់ទាត់ផ្នែកយុវជន ចំណាត់ថ្នាក់លេខ១ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, ចំណាត់ថ្នាក់លេខ២ វិទ្យាល័យ មរតក ប៊ុន សុថា ផ្សារព្រំ, ចំណាត់ថ្នាក់លេខ៣ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ៕












ចែករំលែកព័តមាននេះ