លោកអេដឌី ហឺន អ្នករៀបចំការប្រកួតបានឱ្យដឹងថា ជំនួបលើកទី២ រវាងកីឡាករប្រដាល់អង់គ្លេសខាល ហ្វ្រច់ និងចច ហ្គ្រូវ ត្រូវបានកំណត់ធ្វើនៅថ្ងៃទី៣១ ខែឧសភាខាងមុខនៅសង្វៀន TBC ចក្រភពអង់គ្លេស ។
ការជួបគ្នារវាងពួកគេលើកទី១ កាលពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំកន្លងទៅនៅសង្វៀន Phones4u Arena ក្រុងមែនឆេសស្ទ័រ ចក្រភពអង់គ្លេស ហ្វ្រច់ ទទួលបានជ័យជម្នះលើ ចច ហ្រ្គូវ ដោយបច្ចេកទេសក្នុងទឹកទី៩ ការពារបានខ្សែក្រវាត់ស្ថាប័ន IBF/WBA ក្នុងប្រភេទទម្ងន់ super-middleweight ។ យ៉ាងណាក៏ដោយ ជ័យជម្នះរបស់ហ្វ្រច់ នាពេលនោះបាននាំឱ្យមានការតវ៉ាជាហូរហែ ។ ដូច្នេះជំនួបលើកទី២ នេះ គេសង្ឃឹមថា នឹងអាចលុបបំបាត់ការតវ៉ារបស់អ្នកគាំទ្រកីឡាករចច ហ្គ្រូវ បាន ។
ហ្វ្រច់ វ័យ៣៦ឆ្នាំ ដែលមានឯតទគ្គកម្មប្រកួតឈ្នះ៣២លើក ចាញ់២លើក មិនដែលស្មើ ផ្តួលដៃគូឱ្យសន្លប់២៣លើកបានបញ្ជាក់ថា នៅក្នុងជំនួបលើកទី២នេះ រូបគេចាំបាច់ធ្វើឱ្យបានល្អជាងលើកទី១ ។ គេនិយាយថា ៖ «កាលពីលើកទី១ ខ្ញុំវ៉ៃអន់ខ្លាំងណាស់ ។ ខ្ញុំមិនបានគោរព ចច ហ្រ្គូវ ក្នុងនាមជាកីឡាករម្នាក់ហើយដែលបញ្ហានេះបានធ្វើឱ្យខ្ញុំបាត់បង់ចំណុចខ្លាំងដែលខ្ញុំធ្លាប់ប្រើយកឈ្នះកីឡាករលូស៊ាន ប៊ូត និងមីកគែល កេស្ល័រ ។ ពេលនេះ ខ្ញុំពិតជាអន្ទះសាចង់ជួប ចច ហ្គ្រូវ ឱ្យបានឆាប់»។
ចំណែកចច ហ្គ្រូវ ដែលបច្ចុប្បន្នមានវ័យទើប២៥ឆ្នាំបានសម្តែងនូវក្តីរីករាយជាខ្លាំង និងថា វាជាពិតជាស័ក្តិសមដែលខ្លួនត្រូវទទួលបានឱកាសឡើងប្រកួតសងសឹក ។ គេបានថ្លែងថា ៖«ខ្ញុំមានអារម្មណ៍ធូរស្រាលនៅពេលទទួលបានឱកាសដ៏អស្ចារ្យនេះ ។ ខ្ញុំពិតជារន្ធត់ខ្លាំងណាស់ដែលខាល ហ្វ្រច់ ព្រមទទួលយកការប្រកួតម្តងទៀត ។ ខ្ញុំសូមគោរពនូវភាពក្លាហានរបស់គេ ។ ឥឡូវនេះ ខ្ញុំកំពុងតែត្រៀមខ្លួនធ្វើយ៉ាងណាផ្តួលគេឱ្យខាងតែបាន »។ នៅក្នុងការប្រកួត ២០លើក ហ្គ្រូវ យកឈ្នះ១៩លើក ចាញ់១លើក មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់១៥លើក ៕
ចែករំលែកព័តមាននេះ