កីឡាការិនីជើងខ្លាំងរបស់អាល្លឺម៉ង់ Agel-ique Kerber កំពុងស្ថិតលើផ្លូវឆ្ពោះទៅទទួលបានពានជើងឯកវាយកូនបាល់កម្មវិធី Qatar Open បន្ទាប់ពីនាងបានឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ទី១៥ ខែកុម្ភៈ ម្សិលមិញ ។
ក្នុងនាមជាកីឡាការិនីលំដាប់ទី៦ របស់កម្មវិធី Kerber បានប្រើបច្ចេកទេសដ៏ល្អរបស់ខ្លួនបំបាក់គូប្រជែងមកពីស៊ែប៊ី គឺនាង Jelena Jankovic ក្នុងលទ្ធផល៦-១និង៧-៦ ទទួលបានសំឡេងអបអរពីអ្នកគាំទ្ររាប់ពាន់នាក់ក្នុងទីក្រុងដូហា ប្រទេសកាតា ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ នាងបានបញ្ជាក់ថា៖«ខ្ញុំពិតជាមិនរំពឹងថា ខ្លួនខ្ញុំអាចធ្វើបានល្អនិងឈ្នះការប្រកួតនោះទេ ។ ខ្ញុំគិតថា ការប្រកួតរបស់ខ្ញុំពិតជាល្អនិងមានភាពក្លៀវក្លា ។ ដូច្នេះ ខ្ញុំគ្មានការភ្ញាក់ផ្អើលនោះទេដែលនាង Jankovic ទទួលបរាជ័យ» ។
គិតពីពេលចាប់ផ្តើមរដូវកាលថ្មីមកទល់នឹងពេលនេះ នាង Kerber បានឆ្លងកាត់ការប្រកួតអស់ចំនួន២០លើកមកហើយ ។ ទោះជាយ៉ាងនេះក្តី នាងធ្លាប់ដណ្តើមបានពានជើងឯក WTA Tour តែ៣លើកប៉ុណ្ណោះក្នុងអាជីព ។ នៅវគ្គផ្តាច់ព្រ័ត្រ នាងនឹងប៉ះជាមួយអ្នកឈ្នះរវាងនាង Agnieszka Radwanska និងនាង Simon Halep ។
ដោយឡែកព្រមពេលជាមួយគ្នានោះ នៅទីក្រុង Memphis សហរដ្ឋអាមេរិកវិញ កីឡាករជើងខ្លាំងរបស់ជប៉ុន Kei Nishikori បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រកម្មវិធី US National Indoor Championships បន្ទាប់ពីបានយកឈ្នះកីឡាករម្ចាស់ផ្ទះ Michael Russel ក្នុងលទ្ធផល ៦-៣និង៦-២ ។ នេះជាលើកទី២ហើយដែលរូបគេបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រកួតនៅក្រុង Memphis នេះ ។ កាលឆ្នាំ២០១៣ Nishikori បានបំបាក់កីឡាករអេស្ប៉ាញ Feliciano Lopez លើកពានជើងឯកសមាគម ATP Tour ជាលើកទី៣ក្នុងអាជីព ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះលើកនេះ Nishikoriបានបញ្ជាក់ថា៖«ការទទួលបានជ័យជម្នះក្នុងរូបភាពណាក៏ដោយគឺសុទ្ធតែល្អ។ និយាយដោយស្មោះត្រង់ទៅ ខ្ញុំពិតជាសប្បាយចិត្តដែលអាចចូលដល់វគ្គផ្តាច់ព្រ័ត្រជាថ្មីម្តងទៀត ។ ខ្ញុំអាចសម្របខ្លួនទៅនឹងអាកាសធាតុនៅទីនេះបានយ៉ាងឆាប់រហ័ស ។ នេះជាការចាប់ផ្តើមរដូវកាលយ៉ាងល្អមួយ ។ វាជាការល្អដែលបានត្រឡប់ប្រកួតនៅទីនេះជាថ្មី» ៕
ចែករំលែកព័តមាននេះ