ខេត្តបន្ទាយមានជ័យ៖ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់បស់លោកឧត្តមសេនីយ៏ត្រី ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរៈសេនីយ៏ទោ ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនំាកម្លំាងចុះឃាត់ខ្លួនយុវជនម្នាក់ពីបទប្លន់គិតទុកជាមុនទៅលើនារីជាសង្សារ ដែលបានប្រព្រឹត្តកាលពីថ្ងៃបុណ្យសង្សារទី១៤កុម្ភៈកន្លងទៅ ។
ការឃាត់ចាប់ខ្លួនយុវជនសង្ស័យបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៥ កុម្ភៈ ២០១៤ នៅចំណុចភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈយុវជនសង្ស័យកំពុងដើរក្នុងភូមិ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរៀបរាប់ពីដំណើររឿងឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤កុម្ភៈ ២០១៤ ដែលយុវវ័យនិយមហៅថ្ងៃបុណ្យសង្សារនោះ យុវជនឈ្មោះ ផើន ប៊ុនធឿន អាយុ១៩ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ បាននំាសង្សារដែលស្រលាញ់គ្នាជាងមួយឆ្នាំមកហើយឈ្មោះ ផ.ក អាយុ ១៦ឆ្នាំ រស់នៅសង្កាត់ប៉ោយប៉ែតជាមួយគ្នាទៅដើរលេងតំាងពីព្រឹករហូតដល់យប់ទើបលួងលោមនារីជាសង្សាររួមរក្សនៅលើវាលស្មៅចំណុចដើមស្រល់ក្បែរកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ។
សេចក្តីរាយការណ៏បានបន្តថា ក្រោយពេលរួមរក្សរួចយុវជនសង្ស័យបានធ្វើសកម្មភាពវ៉ៃ ដោះអាវរឹតកប្លន់យកគ្រឿងអលង្ការនិងលុយមួយចំនួន បណ្តាលឲ្យនារីរងគ្រោះសន្លប់រួចអូសទម្លាក់ចូលលូបង្គន់៥កង់ ដែលមានជម្រៅ៣ម៉ែត្រ ។
លុះដល់ម៉ោង៥ទាបភ្លឺថ្ងៃទី១៥ កុម្ភៈ ២០១៤ នារីរងគ្រោះបានដឹងខ្លួនស្រវេស្រវាវារឡើងពីលូ ស្រែកឲ្យអ្នកភូមិជួយ រួចបានទៅដាក់ពាក្យបណ្តឹងនិងឈានដល់ការឃាត់ចាប់ខ្លួនយុវជនសង្ស័យតែម្តង ។
នៅថ្ងៃទី១៦ កុម្ភៈនេះ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ