រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ជាអ្នកដឹកជញ្ជូនអីវ៉ាន់ ក្រុមហ៊ុន Grabfoof ដែលបានលោតទឹកពីលើស្ពានជ្រោយចង្វារ កាលពី២ថ្ងៃមុន បានអណ្ដែតហើយកាលពីវេលានៅវេលាម៉ោង១២ និង៣៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចច្រាំងទន្លេសាបក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សពបុរសរូបនោះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ សុក កែវសត្យា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកដឹកជញ្ជូនអីវ៉ាន់ក្រុមហ៊ុន Grabfoof មានទីលំនៅភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះមានវិបត្តិអ្វីនោះឡើយ បានជាគិតខ្លីបែបនេះ ។ ប៉ុន្តែបើតាមព័ត៌មានក្រៅផ្លូវការបានប្រាប់ឲ្យដឹងថា ដោយសារតែបញ្ហាសេដ្ឋកិច្ចរឿងលុយ ។
គួរបញ្ជាក់ថា កាលពីវេលាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បុរសមានវិបត្តិរូបនោះ ស្លៀកពាក់ឯកសណ្ឋានក្រុមហ៊ុន បានជិះម៉ូតូមួយគ្រឿង ដោយដឹកកេះ Grabfoof ឡើងទៅលើស្ពានជ្រោយចង្វារ ទាំងភ្លៀងរលឹម ក្នុងទិសដៅពីលិចទៅកើតនៅពេលទៅដល់កណ្ដាលស្ពាន ក៏បានលោតចុះទៅក្នុងទន្លេ ហើយលិចបាត់បន្សល់ទុកម៉ូតូ និងស្បែកជើង។ បន្ទាប់មក នគរបាលមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ និងទាក់ទងទៅក្រុមគ្រួសារ ។
តាមឪពុកមា បានឲ្យដឹងថា ក្មួយរបស់គាត់ ជាកូនកំព្រាឪពុកម្ដាយរស់នៅជាមួយជីដូន, ក្រោយមកក្មួយ បានចេញទៅជួលបន្ទប់ស្នាក់នៅម្នាក់ឯង និងធ្វើការជាអ្នកដឹកជញ្ជូនអីវ៉ាន់ ។
តាមឪពុកមា បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានទទួលដំណឹងថា ក្មួយបានលោតទឹក បន្សល់ទុកម៉ូតូហើយគាត់ក៏ធ្វើដំណើរស្វែងរកសាកសព អស់រយៈពេល ២ថ្ងៃ ទើបទទួលដំណឹងថា សពបានអណ្ដែតឡើង ។
តាមការត្រួតពិនិត្យលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ អមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានបានថា បុរសរូបនោះស្លាប់ដោយលង់ទឹក (ដោយលោតពីលើស្ពានជ្រោយចង្វារ) ៕


ចែករំលែកព័តមាននេះ