ខេត្តបន្ទាយមានជ័យ៖ តាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ជើងគោក ខេត្ត បន្ទាយមានជ័យ បានបង្ហាញឲ្យឃើញថា៖ ក្នុងរយៈពេល ៣ខែ នៃត្រីមាសទី១ឆ្នាំ២០១៤ ចាប់គិតពីថ្ងៃទី១១ ធ្នូ ២០១៣ ដល់ថ្ងៃទី១០ កុម្ភៈ ២០១៤ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្ត កើតមានចំនួន៥៩ករណី បណ្តាលឲ្យមនុស្ស ស្លាប់ចំនួន២១នាក់ របួសធ្ងន់ចំនួន៤៩នាក់ (ស្រីចំនួន ៩នាក់) របួសស្រាលចំនួន៣៤នាក់ (ស្រីចំនួន ១៤នាក់) និងខូចខាតរួមមាន៖ ម៉ូតូខូចធ្ងន់ចំនួន៣២គ្រឿង ស្រាល ចំនួន៣០គ្រឿង រថយន្តតូចខូចធ្ងន់ចំនួន៩គ្រឿង ស្រាលចំនួន១៥គ្រឿង រថយន្តធុនធំខូចធ្ងន់ចំនួន៥គ្រឿង ស្រាលចំនួន៦គ្រឿង យានផ្សេងៗខូចធ្ងន់ចំនួន៣គ្រឿង ស្រាល៤គ្រឿង។
របាយការណ៏ដដែលបានបង្ហាញទៀតថា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ទាំង ៥៩ករណីខាងលើ គឺបណ្តាលពីកត្តាមនុស្សចំនួន៥៥ករណី ក្នុងនោះល្បឿនចំនួន២៦ករណី ស្មើ៤៨%,មិនគោរពសញ្ញា១ករណី ស្មើ៤%, មិនគោរពសិទ្ធិអាទិភាពចំនួន៦ករណី ស្មើ១៥% ប្រជែងគ្រោះថ្នាក់ចំនួន៨ករណី ស្មើ១៥%, បត់ឆ្វេង -ស្តាំមិនប្រយ័ត្ន ចំនួន៨ករណី ស្មើ៧%, ស្រវឹងចំនួន៥ករណី ស្មើ១១% និងផ្សេង១ករណី។ កត្តាយាយន្តចំនួន២ករណី ខូចហ្វ្រាំង១ករណី,ផ្ទុះឬ ដាច់កង់១ករណី។កត្តាអាកាសធាតុ (ភ្លៀង) ចំនួន២ករណី។ បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលមានគ្រោះថ្នាក់ចំនួន៣១ គ្រឿង និងអ្នកចូលរួមគ្រោះថ្នាក់ចំនួន១២៣នាក់ ។
របាយការណ៏បានបញ្ជាក់ទៀតថា បើប្រៀបធៀបទៅនឹងត្រីមាសទី១ឆ្នាំ២០១៣ កើនចំនួន៨ករណី ប៉ុន្តែមនុស្សស្លាប់ថយចុះចំនួន៧នាក់ ៕
ចែករំលែកព័តមាននេះ