ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាប់ក្នុងរូងភ្នំ៣យប់៤ថ្ងៃ ដោយកៀបដងខ្លួននិងជើងជាប់ថ្មខណៈគាត់ឡើងកើបអាចម៍ប្រចៀវហើយរអិលជើងធ្លាក់ កើតឡើងតាំងពីថ្ងៃទី០៤ សីហា ម្ល៉េះ ហើយក្រុមគ្រួសារទើប ដឹងដំណឹងនិងប្រទះឃើញគាត់វិញនៅថ្ងៃទី០៧ សីហា ផ្អើលនិងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍សង្គ្រោះ ។ ក្នុងនោះដែរម្ដាយជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងប្ដឹងមកសមត្ថកិច្ចថា គាត់បានបាត់កូនប្រុស ឈ្មោះបូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបងរយៈពេល៤ថ្ងៃមកហើយ ។
ជួបជាមួយស្ត្រីជាប្រពន្ធជនរងគ្រោះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានឱ្យកោះសន្តិភាពដឹងថា នាងមានឈ្មោះឃឿន សុឃា អាយុ២៩ឆ្នាំ មានកូនស្រី២នាក់ (កូនបងអាយុ១០ឆ្នាំ ប្អូនអាយុ១ខួបកន្លះ) ដោយប្តីបានប្រកបមុខរបរកើបអាចម៍ប្រចៀវលក់តាមតម្រូវការម៉ូយដែលកុម្ម៉ង់ទិញ ដោយត្រូវឡើងរកតាមរូងភ្នំ ដែលនៅជួរនោះមានភ្នំចំនួន៣ដង្ហែគ្នា គឺភ្នំចក្រ ភ្នំបារាំងធ្លាក់ និងភ្នំហុងទឹងនេះ ដែលមានរូងហើយមានអាចម៍ប្រចៀវអាចប្រមូលបានតាមតម្រូវការរបស់ម៉ូយ ដែលក្នុងមួយថ្ងៃអាចកើបបានតាមបាតរូងភ្នំបាន២ការ៉ុង (១ការ៉ុងពី៣០ ទៅ៤០គីឡូក្រាម) ហើយសន្សំទុកនៅទីនោះ លុះដល់គ្រប់តាមផែនការ កន្លះខែអាចជញ្ជូនចេញមកលក់ម្តងឲ្យម៉ូយកុម្មង់ទិញក្នុង១គីឡូក្រាមតម្លៃ៤០០រៀល ដែលម៉ូយ
ខ្លះយកពី១តោនទៅដល់៣តោន ហើយលក់រាយខ្លះឲ្យកសិករដាំដំណាំនៅជិតៗនោះយកទៅធ្វើជីផងដែរ ។
ប្រពន្ធបន្តថា នៅពេលគ្មានម៉ូយកុម្ម៉ង់ទិញ ពេលទំនេរប្តីខ្លួន ក៏ចេញទៅស៊ីឈ្នួលបាញ់ថ្នាំដំណាំសម្លាប់សត្វល្អិតនៅក្នុងប្រទេសថៃ ហើយបើមានគេរកកុម្ម៉ង់ទិញជីអាចម៍ប្រចៀវ ទើបវិលមកដើរស្វែងរកតាមរូងភ្នំតាមធម្មតា ដែលបានប្រកបរបរនេះប្រមាណ២ឆ្នាំកន្លងមកហើយ ដោយមានគ្នា២នាក់ ។ តែមួយរយៈពេលឆ្នាំចុងក្រោយនេះ បានធ្វើតែម្នាក់ឯង ។
នាងបន្តថា ចំពោះគ្រឿងបុរាណនិងឆ្អឹងដែលបានឃើញនៅក្នុងគំនរអាចម៍ប្រចៀវ តែមិនបានដឹងថា ជាអ្វីនោះទេ ចេះតែប្រមូលទុកយកមកផ្ទះកាលពីថ្ងៃអាទិត្យមុន ដោយមានកងដៃចំនួន១០ និងឆ្អឹងចំនួន២ដុំ ដែលបានយកមកផ្ទះលាងទឹកហើយឃើញប្រែពណ៌ទៅតាមពន្លឺថ្ងៃពីខ្មៅ ទៅជាក្រហមទៅវិញ ចេះតែឆ្ងល់ទើបយកទៅសួរមិត្តភក្តិ ហើយត្រូវមិត្តភក្តិម្នាក់បានយកទៅ ដើម្បីសួរគេបន្ត ហើយមិនឃើញយកមក
វិញ។ ប្រភពបន្តថា លុះគ្រប់គ្នាបានដឹងរឿងនេះក៏ភ្ញាក់ផ្អើល និងនិមន្តព្រះសង្ឃ និងចាស់ទុំមកបង្ហាញរឿងទៅ ទើបទៅយករបស់បុរាណនោះ មកទុកនៅកន្លែងក្នុងរូងនេះវិញ ដោយបានតែ៩កង ព្រោះនៅមួយកងទៀតមិត្តភក្តិមិនទាន់យកមក ។
លុះដល់យកកងពីមិត្តភក្តិបានមកវិញបានគ្រប់១០ យកទៅដាក់គ្រប់ចំនួន ទើបគាប់ជួន ក៏មានកម្លាំងអន្តរាគមន៍៧១១ទៅដល់ដែរ បានជួយសង្គ្រោះតាមជំនាញបានយ៉ាងជោគជ័យតែម្តង ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ