ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​​​ឆេរ​​​រថយន្ត​​​ម៉ោង​12​​យប់​ ពល​​រដ្ឋ​​​ស្លូត​​​ត្រង់​​ភ័យ​​ខ្លាច នៅ​ចំណុច​ផ្លូវ​បំបែក​​​ស្រែ​​អំបិល

11 ឆ្នាំ មុន

ខេត្តកោះ​កុង​ ៖ ព្រឹក​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ពល​រដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ និង​ភរិយា​ មាន​មុខ​របរ​លក់​ដូរ​ បាន​ទូរ​ស័ព្ទ​ប្រាប់​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ទាំង​មិន​ទាន់​បាត់​ភ័យ​ខ្លាច​នៅ​ឡើយ​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​១២​ កុម្ភៈ​ រូប​គាត់​ និង​ភរិយា​ បាន​ជិះ​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​កូន​មិត្ត​ភក្តិ​នៅ​ឯ​ទីរួម​ខេត្ត​កោះកុង​ ។

ខេត្តកោះ​កុង​ ៖ ព្រឹក​ថ្ងៃ​ទី​១៣​ កុម្ភៈ​ ពល​រដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ និង​ភរិយា​ មាន​មុខ​របរ​លក់​ដូរ​ បាន​ទូរ​ស័ព្ទ​ប្រាប់​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​ទាំង​មិន​ទាន់​បាត់​ភ័យ​ខ្លាច​នៅ​ឡើយ​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​១២​ កុម្ភៈ​ រូប​គាត់​ និង​ភរិយា​ បាន​ជិះ​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​កូន​មិត្ត​ភក្តិ​នៅ​ឯ​ទីរួម​ខេត្ត​កោះកុង​ ។​ បន្ទាប់​ពី​ពិសា​ភោជ​នា​ហារ​រួច​នៅ​វេលា​ម៉ោង​ប្រហែល​៩​ និង​៣០​នាទី​យប់​ ពួក​គាត់​ក៏​បាន​ជិះ​រថយន្ត​របស់​ខ្លួន​ម៉ាក​កាមរី​បាឡែន​ ត្រឡប់​មក​ផ្ទះ​វិញ​ ។​

នៅ​វេលា​ម៉ោង​ប្រមាណ​១១​ និង​៤៥​នាទី​យប់​ គាត់​បាន​មក​ដល់​ចំណុច​ផ្លូវ​បំបែក​ស្រែ​អំបិល​ ដែល​ត្រង់​ចំណុច​នេះ​បែក​ជា​២​ គឺ​ម្ខាង​បែក​ទៅ​រាជ​ធានី​ភ្នំពេញ​ និង​ម្ខាង​ទៀត​បែក​ទៅ​ខេត្ត​ព្រះ​សីហនុ​ និង​នៅ​តែ​ប្រហែល​១០០​ម៉ែត្រ​ទៀត​ ដល់​ផ្លូវ​ជាតិ​លេខ​៤​ ។​ ពួក​គាត់​បាន​និយាយ​ម្តង​ម្នាក់​ថា​ ពេល​ពួក​គាត់​មក​ដល់​ចំណុច​ខាង​លើ​ ស្រាប់​តែ​ឃើញ​មាន​រថយន្ត​បាឡែន​មួយ​គ្រឿង​ ឈប់​ចំ​កណ្តាល​ទ្រូង​ផ្លូវ​បំបែក​ទៅ​រាជ​ធានី​ភ្នំពេញ​ ព្រម​ទាំង​មាន​មនុស្ស​ឈរ​ក្បែរ​រថយន្ត​កាន់​ពិល​បញ្ចាំង​ភ្លើង​សំដៅ​មក​រក​ពួក​  គាត់ ។ ចំណែក​ផ្លូវ​បំបែក​ទៅ​ខាង​ស្តាំ​គឺ​ជា​ផ្លូវ​បំបែក​ទៅ​ខេត្ត​ព្រះ​សីហនុ​ ក៏​មាន​រថយន្ត​សុីរ៉ែន​ ពណ៌​ខ្មៅ​ ឈប់​នៅ​ប្រប​នឹង​ចិញ្ចើម​ផ្លូវ​ និង​មាន​ឡូហ្គោ​កង​រាជ​អាវុធ​ហត្ថ​បិទ​នៅ​លើ​រថយន្ត​ទៀត​ផង​ និង​មាន​មនុស្ស​ឈរ​កាន់​ដំបង​ភ្លើង​បញ្ជា​ចរា​ចរណ៍​ ចំនួន​២​នាក់​ ឈរ​ចំ​កណ្តាល​ផ្លូវ​ ធ្វើ​ឱ្យ​ពួក​គាត់​លែង​ហ៊ាន​បើក​រថយន្ត​ទៅ​មុខ​ ព្រោះ​ខ្លាច​បុក​មនុស្ស​ទាំង​២​នាក់​នោះ​ ។​

បន្ទាប់​មក​ក៏​មាន​បុរស​វ័យ​កណ្តាល​ម្នាក់​ កាន់​ដំបង​ភ្លើង​បញ្ជា​ចរា​ចរណ៍​ ដើរ​សំដៅ​មក​រក​មាត់​ទ្វារ​ខាង​អ្នក​បើក​បរ​ ពេល​នោះ​គាត់​បាន​ចុច​កញ្ចក់​ចុះ​បន្តិច​ រួច​សួរ​ទៅ​កាន់​បុរស​នោះ​វិញ​ថា​ លោក​ជា​សមត្ថ​កិច្ច​ខាង​ណា​ ហើយ​ឃាត់​រថយន្ត​ខ្ញុំ​មាន​ការ​អ្វី​ ?​ បុរស​នោះ​ក៏​ឆ្លើយ​មក​វិញ​ថា​ សុំ​ចុះ​ចេញ​ពី​រថយន្ត​ ដើម្បី​ត្រួត​ពិនិត្យ​ក្នុង​រថយន្ត​ និង​ក្នុង​គូទ​រថយន្ត​ ។​ ទាំង​២​នាក់​ប្តី​ប្រពន្ធ​ ដោយ​ឮ​គេ​បញ្ជា​ឱ្យ​ចុះ​ដើម្បី​ឆែក​ឆេរ​រថយន្ត​បែប​នេះ​ ពួក​គាត់​ក៏​សម្រេច​បើក​រថយន្ត​ចេញ​យ៉ាង​លឿន​ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​តែ​ម្តង​ ព្រោះ​ខណៈ​នោះ​មនុស្ស​រារាំង​ផ្លូវ​ទាំង​២​នាក់​ ពុំ​បាន​ឈរ​នៅ​ពី​មុខ​រថយន្ត​ដូច​ពី​ដំបូង​ទេ​ ។​ ពល​រដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​បាន​បាន​រៀប​រាប់​ទៀត​ថា​ ពេល​នោះ​ពួក​គាត់​បើក​រថយន្ត​ទាំង​ភ័យ​ញរ​អស់​ហើយ​ ព្រោះ​ពេល​គាត់​បើក​ចេញ​បាន​បន្តិច​ ក៏​មាន​រថយន្ត​កាមរី​បាឡែន​ ពណ៌​ស​ បើក​ដេញ​ពី​ក្រោយ​ តែ​ដោយ​រថយន្ត​គាត់​ដាច់​ឆ្ងាយ​ពី​រថយន្ត​នោះ​ គាត់​នឹក​ឃើញ​ផ្ទះ​មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​នៅ​ហួស​ផ្សារ​វាលរេញ​បន្តិច​ ក៏​បើក​ចូល​ទៅ​ទីនោះ​តែ​ម្តង​ ព្រម​ជាមួយ​នោះ​ដែរ​ រថយន្ត​កាមរី​បាឡែន​ដែល​បើក​ដេញ​តាម​ ក៏​គេច​ខ្លួន​បាត់​ ។​

លុះ​ដល់​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​១៣​ កុម្ភៈ​ ទើប​ពួក​គាត់​ ពឹង​ឱ្យ​មិត្ត​ភក្តិ​បើក​រថយន្ត​ឡិច​សុីស​៤៧០​ ជូន​មក​ដល់​ខេត្ត​កំពង់​ស្ពឺ​វិញ​ ។​ ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ បាន​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ទៀត​ថា​ ពួក​គាត់​មិន​ហ៊ាន​ដាក់​ពាក្យ​បណ្តឹង​សំដៅ​ជន​ប្រព្រឹត្ត​អំពើ​មក​លើ​រូប​គាត់​ថា​ ជា​ករណី​អ្វី​ទេ​ ប៉ុន្តែ​ពួក​គាត់​សំណូម​ពរ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​កោះ​កុង​ និង​ខេត្ត​ព្រះ​សីហនុ​ វែក​មុខ​ស្រាវ​ជ្រាវ​រក​ជន​ដែល​បាន​ធ្វើ​សកម្ម​ភាព​ស្រដៀង​នឹង​ចោរ​ចាប់​ជំរិត​ និង​ចោរ​ប្លន់​ដែល​មាន​រូប​ភាព​រថយន្ត​សុីរ៉ែន​ ដូច​សមត្ថ​កិច្ច​ខាង​លើ​នេះ​ មក​ផ្តន្ទា​ទោស​ បើ​ទោះ​ជា​សមត្ថ​កិច្ច​ពិត​ប្រាកដ​ ក៏​សកម្ម​ភាព​នេះ​គេ​ហៅ​ថា​​ជា​សកម្ម​ភាព​មនុស្ស​សង្គម​ងងឹត​ដែរ​ ។​ ដោយ​យល់​ថា​ នៅ​ចំណុច​កើត​ហេតុ​ខាង​លើ​នេះ​ ស្ថិត​ក្នុង​ទឹក​ដី​ខេត្ត​កោះ​កុង​ កោះ​សន្តិ​ភាព​បាន​ទាក់​ទង​តាម​ទូរស័ព្ទ​ទៅ​លោក​វរសេនីយ៍​ឯក​ ស្រេង​ ហុង​ មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ប្រាប់​អំពី​សកម្ម​ភាព​ខាង​លើ​នេះ​ដែរ​ តែ​លោក​បដិសេធ​ថា​ កម្លាំង​របស់​លោក​ពុំ​ដែល​ចេញ​ធ្វើ​សកម្ម​ភាព​នៅ​ពេល​យប់​ទេ​ ជា​ពិសេស​យប់​ថ្ងៃ​ទី​១២​ កុម្ភៈ​ គឺ​មិន​បាន​ដឹង​ឡើយ​ ។​

អ្នក​រស់​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ​ខាង​លើ​ បាន​ទូរ​ស័ព្ទ​ប្រាប់​កោះ​សន្តិ​ភាព​ថា​ នេះ​ពុំ​មែន​ជា​ករណី​លើក​ទី​១​ទេ​ ដែល​ក្រុម​ខាង​លើ​ធ្វើ​សកម្ម​ភាព​ដោយ​ប្រើ​រូប​ភាព​សមត្ថ​កិច្ច​ តែ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​រកសុី​ ឬ​អ្នក​ធ្វើ​ចរា​ចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៤៨​ ដើម្បី​ទម្លាក់​កំហុស​មក​លើ​សមត្ថ​កិច្ច​ខេត្ត​កោះ​កុង​ តែ​ពួក​គេ​ជា​សមត្ថ​កិច្ច​នៅ​ក្រោម​អាណា​ចក្រ​ខេត្ត​ព្រះ​សីហនុ​ ៕​