រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានប្រើប្រាស់ច្បាប់ស្ដីពីសញ្ជាតិ។ នេះបើរាជក្រមចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។
សូមជម្រាបថា ព្រឹទ្ធសភាសម្រេចអនុម័តសេចក្តីព្រាងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិជាស្ថាពរដោយសម្លេង៥៤រូបនៃចំនួនសមាជិព្រឹទ្ធសភាទាំងមូល ។
ការអនុម័តច្បាប់ស្តីពីសញ្ជាតិរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប ។
ព្រឹទ្ធសភាបានឲ្យដឹងថា មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មិងស្មាធិ៍ដើម្បីគោរព វិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ ។
សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួល និងបន្ថែមរបបគតិយុត្តអំពីការបាត់សញ្ជាតិខ្មែរ តាមរយៈការដកសញ្ជាតិខ្មែររបស់ជនដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា ឬនៅក្រៅប្រទេស ដើម្បីឱ្យស្របតាមមាត្រា៣៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ ក៏ជាឧបករណ៍គតិយុត្តដ៏សំខាន់ដែលធានាធម្មនុញ្ញភាព ធានាការពារ សន្តិភាព អធិបតេយ្យជាតិ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលបំផ្លាញឧត្តមប្រយោជន៍ជាតិ សេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏បង្ហាញឱ្យឃើញ អំពីភាពរឹងមាំនៃក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងកិច្ចការពារជាតិផងដែរ។
គួរធ្វើការកត់សម្គាល់ថា នាពេលថ្មីៗនេះ ប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពតានតឹង និង កំពុងប្រឈមនឹងការឈ្លានពានទឹកដីពីសំណាក់រដ្ឋបរទេស បែរជាមានជនអគតិដែលមានសញ្ជាតិខ្មែរ មួយចំនួនតូច ជាពិសេសក្រុមដែលកំពុងរស់នៅក្រៅប្រទេស បាននិងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លីនចូលរួមនិងគប់គិតជាមួយនឹងបរទេសប្រព្រឹត្តអំពើក្បត់ជាតិនិងធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្តរបស់ប្រជារាស្ត្រនិងសន្តិសុខជាតិ ព្រមទាំងឧត្តមប្រយោជន៍របស់ជាតិ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំកសាងខឿនការពារជាតិ និង អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
កាលពីសម័យសង្គមរាស្ត្រនិយម ច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ដែលប្រកាសឱ្យប្រើតាម ព្រះរាជក្រមលេខ ៣៧៧/៦៨ ប.រ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ក៏បានកំណត់អំពីការបាត់ សញ្ជាតិខ្មែរ ក្នុងករណីបុគ្គលនោះត្រូវបានតុលាការកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធង្សនា ក្បត់ជាតិ ឬប្រទូសរ៉ាយនឹងភាពសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ។ ទន្ទឹមនឹងនេះនៅលើពិភពលោកនាពេលបច្ចុប្បន្ន មានប្រទេសប្រមាណ១៥០ប្រទេសដែល មានច្បាប់ដកសញ្ជាតិ ហើយនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ គឺប្រទេសចំនួន៩មានច្បាប់ នេះរួចទៅហើយ លើកលែងតែកម្ពុជាតែប៉ុណ្ណោះ។
សេចក្តីស្នើច្បាប់នេះរៀបចំឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន១២០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧៕
ចែករំលែកព័តមាននេះ