ខេត្តកំពង់ឆ្នាំង ៖ រថយន្ដឡិចស៊ីស៤៧០ មួយគ្រឿងដឹកឈើប្រណីតប្រភេទនាងនួន បានបុកគោយន្ដកន្ដ្រៃដឹកឈើអារពីក្រោយបណ្ដាលឱ្យធ្លាក់ចូលវាលស្រែទាំង២គ្រឿង សំណាងល្អពុំមាននរណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងហេតុការណ៍នោះទេ ដែលកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៤ កុម្ភៈ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំរលាប្អៀរ ។ ក្រោយពេលកើតហេតុ គេឃើញមន្ដ្រីនគរបាល មន្ដ្រីយោធា និងមន្ដ្រីរដ្ឋបាលព្រៃឈើបានទៅដល់កន្លែងកើតហេតុ ។
មន្ដ្រីនគរបាលស្រុករលាប្អៀរដែលបានទៅពិនិត្យនៅកន្លែងកើតហេតុឱ្យដឹងថា អ្នកបើកគោយន្ដកន្ដ្រៃឈ្មោះ ធុន ធា អាយុ ៣២ឆ្នាំ មានទីលំនៅភូមិក្រាំងព្រះស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បើកគោយន្ដកន្ដ្រៃដឹកឈើអារជាច្រើនពេញគោយន្ដ តាមបណ្ដោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកឡិចស៊ីស៤៧០ ពណ៌ស្ករ ដែលស្លាកលេខម្ចាស់កាច់ចោលក្រោយកើតហេតុ បានបើកមកពីក្រោយ រួចបុកគោយន្ដពីក្រោយបណ្ដាលឱ្យធ្លាក់ចូលវាលស្រែខាងស្ដាំដៃ ។ ចំណែករថយន្ដជ្រុលបុកបង្គោលសរសរមួយដើមខ្ទេចមួយកំណាត់មុខ ហើយជ្រុលធ្លាក់ខាងស្ដាំដៃដែរ ។
ក្រោយកើតហេតុ មុនពេលរត់ចេញទៅ អ្នកបើកបររថយន្ដម៉ាកឡិចស៊ីសដែលមិនស្គាល់អត្ដសញ្ញាណ បានកាច់ស្លាកលេខរថយន្ដ ហើយគេចខ្លួនបាត់ ។ មន្ដ្រីនគរបាលគ្រប់ជំនាញបានទៅដល់ពិនិត្យក្នុងរថយន្ដម៉ាកឡិចស៊ីសឃើញមានឈើប្រណីតប្រភេទនាងនួនចំនួន៦ដុំ និងឃើញឈើចំនួន២ដុំទៀត ត្រូវបានជញ្ជូនទៅលាក់ទុកក្នុងភូមិប្រជាពលរដ្ឋក្បែរនោះ ដែលសរុបឈើទាំងអស់មានចំនួន៨ដុំ មានមុខកាត់៣តឹក៤ជ្រុង និងមានប្រវែង២ម៉ែត្រ ស្មើនឹង១,៥ម៉ែត្រគូប ។
បើតាមការពិនិត្យរបស់សមត្ថកិច្ចនិយាយថា ឈើប្រណីតមួយចំនួនតូចត្រូវបានគេលួចយកចេញមុនពេលសមត្ថកិច្ចទៅដល់ ។ រថយន្ដនិងឈើទាំងនោះត្រូវបានស្ទូចយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ជុំវិញការដឹកជញ្ជូនឈើប្រណីតលើផ្លូវជាតិលេខ៥ ត្រូវគេមើលឃើញថា នៅមានសកម្មភាពយ៉ាងផុសផុល ដោយពុំសូវឃើញមានការបង្ក្រាបឡើយ លើកលែងតែមានគ្រោះថ្នាក់ចរាចរណ៍ម្ដងៗ ដូចករណីខាងលើនេះទើបដឹង ។ តាមប្រភពអ្នករកស៊ីឈើនិយាយថា បានបង់លុយគ្រប់កន្លែងអស់ហើយ ។ ចំណែកការដឹកជញ្ជូននោះទៀតសុទ្ធតែរថយន្ដស៊េរីទំនើបៗ បើកុំតែភ្លាត់ស្នៀត គឺអាចដឹកបញ្ជូនដោយរលូនទាំងយប់ទាំងថ្ងៃ ៕
ចែករំលែកព័តមាននេះ