រាជធានីភ្នំពេញ ៖ បុរសម្នាក់ម្ដាយទើបតែស្លាប់បាន៣ថ្ងៃ និងទើបតែធ្វើបុណ្យសពរួចប៉ុណ្ណោះ ខណៈជិះម៉ូតូទៅលេងផ្ទះមិត្តភក្ដិ បានវ៉ាជែងខាងស្ដាំរថយន្តធុនធំ១គ្រឿង ក៏ធ្លាក់ជង្ហុកបណ្ដាលឲ្យដួល។ ពេលនោះក៏ត្រូវរថយន្ត១គ្រឿងខាងលើកិនបណ្ដាលឲ្យខ្ទេចក្បាលនិ ងខ្ទេចខ្លួនស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ចំណែកយុវជនម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូឌុបគាត់របួសបាក់ភ្លៅ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះឈ្នះ ត្រង់ចំណុចជិតស្ពានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះឈ្មោះ ខឿន វណ្ណដា អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅម្ដុំផ្សារព្រៃទទឹង ផ្លូវជាតិលេខ៣ និងមានទីលំនៅភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ចំណែកអ្នកឌុបរបួសបាក់ភ្លៅឈ្មោះ ផល ឧត្ដម អាយុជាង២០ឆ្នាំ
ស្នាក់នៅម្ដុំផ្សារព្រៃទទឹងផ្លូវជាតិលេខ៣ ជាមួយគ្នា ។
បើតាមបុរសម្នាក់ ដែលត្រូវជាសាច់ញាតិអ្នកស្លាប់បាននិយាយថា គ្រួសាររបស់ជនរងគ្រោះឈ្មោះ ខឿន វណ្ណដា នោះជួបទុក្ខជាន់លើទុក្ខ ដោយសារតែម្ដាយបង្កើតរបស់គាត់ទើបតែស្លាប់បាន៣ថ្ងៃ ហើយទើបតែធ្វើបុណ្យសពរួចប៉ុណ្ណោះ និងជិតដល់ថ្ងៃធ្វើបុណ្យ៧ថ្ងៃទៅហើយ ស្រាប់តែពេលនេះ លោកខឿន វណ្ណដា ត្រូរថយន្តកិនស្លាប់ទៀត។ នៅវេលាព្រឹកថ្ងៃកើតហេតុលោក ខឿន វណ្ដា បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1O-1565 ចេញពីផ្សារព្រៃទទឹង ផ្លូវជាតិលេខ៣ ទៅលេងមិត្តភក្ដិ នៅឯភ្នំប្រសិទ្ធ ។
បុរសនោះបានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះឈ្មោះ ផល ឧត្ដម គឺជាអ្នកឌុប ហើយក៏មានមិត្តភក្ដិ ២នាក់ផ្សេងទៀត ជិះម៉ូតូ១គ្រឿងទៀតទៅជាមួយផងដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែជួបគ្រោះអកុសល ត្រូវរថយន្តកិនបណ្ដាលស្លាប់តាមក្រោយម្ដាយបែបនេះតែម្ដង រីឯឈ្មោះ ផល ឧត្ដម ដែលជាអ្នកបើកបរម៉ូតូរបួសធ្ងន់ ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញជនរងគ្រោះទាំង២នាក់នោះជិះម៉ូតូ១គ្រឿងខាងលើឌុបគ្នា ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវ៉ាជែងខាងស្ដាំរថយន្តធន់ធំពណ៍ពាក់ស្លាកលេខភ្នំពេញ 3B-3429 សណ្ដោងកន្ទុយរ៉ឺម៉កដឹកទំនិញ១គ្រឿង។ ខណៈនោះបានធ្លាក់ជង្ហុក បណ្ដាលឲ្យដួល ហើយក៏ត្រូវបានរថយន្តធុនយក្ស ១គ្រឿងនោះ កិនស្លាប់អ្នកអង្គុយក្រោយ រីឯអ្នកឌុបរងរបួសធ្ងន់តែម្ដង ។
នគរបាលបានប្រាប់ថា ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ចំណែកអ្នកស្លាប់ត្រូវបានប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅឯខេត្តកំពង់ឆ្នាំង។ បន្ទាប់មក នគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅវាស់វែង និងនាំយករថយន្ត និងម៉ូតូ ទៅរក្សាទុករង់ចាំការចាត់ការតាមច្បាប់ ៕



ចែករំលែកព័តមាននេះ