ខេត្តឧត្តរមានជ័យ ៖ ជារឿងមួយគួរឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលស្រ្តីវ័យក្មេងមួយរូបដោយគ្រាន់តែគូដណ្ដឹងរបស់នាងស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏បានចងកធ្វើអត្ដឃាតស្លាប់ទៅតាមគូដណ្ដឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ កុម្ភៈ មុនមួយថ្ងៃនៃទិវាក្ដីស្រឡាញ់ចូលមកដល់ នៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រាំងប្រាសាទ ។
តាមក្រុមគ្រួសាររបស់នាងបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា មុនពេលចងកធ្វើអត្តឃាតគឺនាងមានឥរិយាបថធម្មតា ប៉ុន្តែនិយាយហាក់ប្លែកខុសពីធម្មតា ដូចជាសុំមើលរឿងភាគថៃជាលើកចុងក្រោយជាដើម ។ ពេលដែលនាងចងកសម្លាប់ខ្លួន គឺក្រុមគ្រួសារទៅចម្ការនៅសល់មនុស្សក្នុងផ្ទះតែប៉ុន្មាននាក់ប៉ុណ្ណោះ ហើយក៏គ្មានអ្នកណានឹកស្មានថា នាងហ៊ានធ្វើដល់ថ្នាក់នេះដែរ ។ ក្រោយហេតុការណ៍កើតឡើងក្រុមគ្រួសារបានបញ្ជូននាងទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកត្រពាំងប្រាសាទ តែដោយអាការៈធ្ងន់ធ្ងរពេកណាស់ទៅហើយនាងក៏បានស្លាប់តែម្តង ។
ក្រុមគ្រួសារនិយាយថា នាងដែលចងកសម្លាប់ខ្លួននេះឈ្មោះកាន គីមយា៉ អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យវេស្ទើន ឪពុកឈ្មោះហ៊ា កាន អាយុ៦៥ឆ្នាំ ម្តាយឈ្មោះ ស៊ុន សឿន អាយុ៥៦ឆ្នាំ ។ នាងមានបងប្អូន៤នាក់ ហើយនាងជាកូនប្អូនពៅ ។
ទាក់ទិននឹងហេតុការណ៍ចងកសម្លាប់ខ្លួននេះត្រូវបានប្រាប់ឱ្យដឹងថា នាងមានគូដណ្តឹងឈ្មោះ ងឹម រតនា អាយុ២៣ឆ្នាំ ជាយោធា ប៉ុន្តែគ្រោះអកុសល ងឹម រតនា ជាគូដណ្តឹងបានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ជិះម៉ូតូបុករថយន្តដែលចតនៅចិញ្ចើមថ្នល់កាលពីថ្ងៃទី១៩ ធ្នូ ។ ចាប់តាំងពីគូដណ្តឹងស្លាប់ចោលទៅ នាង កាន គីមយ៉ា មានអារម្មណ៍មិនសូវល្អ ជួនកាលមកយំឱបផ្នូរគូដណ្តឹង ហើយពេលខ្លះបានប្រាប់ក្រុមគ្រួសារថា បើនាងស្លាប់សូមយកសពនាងមកកប់ក្បែរផ្នូរគូដណ្តឹងផង ៕
ចែករំលែកព័តមាននេះ