រាជធានីភ្នំពេញ ៖ រថយន្តកាមរីហាយប្រ៊ីត ១គ្រឿង ម្ចាស់ស្រវឹងស្រាបើករេពេញផ្លូវទៅបុករ៉ឺម៉កម៉ូតូ ១គ្រឿង ក្រឡាប់ចាក់មនុស្ស បណ្តាលឲ្យស្រ្តីម្នាក់បែកក្បាលរងរបួសធ្ងន់ធ្ងរ និងមនុស្ស ៥នាក់ទៀត រងរបួសស្រាល ហើយរថយន្តក៏ជ្រុលទៅបុកបង្គោលភ្លើង ១ដើមទៀត ដែលនៅចិញ្ចើមផ្លូវ បណ្តាលឲ្យទ្រេតធ្លាក់ប្រអប់ភ្លើងពេញផ្លូវ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទី យប់ថ្ងៃទី១៤ កុម្ភៈ នៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខផ្ទះលេខ១៦៤៣ ស្ថិតក្នុងភូមិឃ ក្រុមទី៣ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ សុវណ្ណ រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកហិរញ្ញវត្ថុ ស្រវឹងស្រាជោកជាំ ជិះរថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ករ អត់ស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច បើករេពេញផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតបុករ៉ឺម៉កម៉ូតូ ១គ្រឿង បណ្តាលឲ្យមនុស្ស ៦នាក់ រងរបួសធ្ងន់ស្រាល រួចជ្រុលទៅបុកបង្គោលភ្លើង ២ដើមទៀត បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ផ្ទុះពោង២ បែកកញ្ចក់ក្រោយ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កខាងលើត្រូវប្រជាពលរដ្ឋចាប់បានវាយឡើងទ្រោមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមច្បាប់ ចំណែកអ្នកជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់មែត៕
ចែករំលែកព័តមាននេះ