រាជធានីភ្នំពេញ ៖ មានករណីបុរសម្នាក់បើករថយន្តម៉ាក LEXUS RX350 សង្ស័យច្រលំជាន់ហ្គែរ ស្មានថាជាហ្វ្រាំងថយក្រោយមួយទំហឹង កាត់ទទឹងផ្លូវ ជ្រុលទៅបុករថយន្ត KIA ដែលចតចោលបណ្តាលឱ្យក្រឡាប់រថយន្ត KIA ។ រីឯរថយន្តឡិចស៊ីស បានកល់កង់ បាស់គូទឡើងលើ ដូចគេថតរឿងកុន សំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសឡើយ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត KIA MORNING ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CB-7525 ឈប់ចតនៅមុខហាងកាត់សក់១កន្លែង លើកំណាត់ផ្លូវលេខ៥៣ ។ លុះមួយសន្ទុះក្រោយមក ក៏មានរថយន្ត១គ្រឿងទៀត ម៉ាក LEXUS RX350 ពណ៌ស បើកបរដោយបុរសម្នាក់ សង្ស័យច្រឡំជាន់ហ្គែរ ស្មានថាជាហ្វ្រាំងថយក្រោយមួយទំហឹង កាត់ទទឹងផ្លូវ ជ្រុលទៅបុករថយន្ត KIA ដែលចតចោលនោះ បណ្តាលឱ្យក្រឡាប់រថយន្ត KIA ។ រីឯរថយន្តឡិចសុីស បានកល់កង់ បណ្តាលអោយបាស់គូទឡើងលើ ដូចគេថតរឿងកុន សំណាងល្អមិនមានរងរបួសដល់មនុស្សណាម្នាក់នោះទេ ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ក្នុងនោះភាគីខាងរថយន្តឡិចស៊ីស បានសងសំណងការខូចខាតទៅកាន់ភាគីខាងរថយន្ត KIA ដើម្បីបញ្ចប់រឿងតែម្តង ៕




ចែករំលែកព័តមាននេះ