រាជធានីភ្នំពេញ ៖ ដើម្បីបង្កើតនូវភាពស្និទ្ធស្នាលក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ២០១៤ សប្បុរសជន រួមមាន ក្រុមយុវជននៃសមាគមយុវជនក្រសួងធនធានទឹក និងឧតុនិយម និងលោកអភិបាលខណ្ឌមានជ័យ បានដឹកនាំប្រតិភូយកអំណោយទៅចែកជូនដល់កុមារកំព្រានៅក្នុងសមាគមរស្មីកុមារកម្ពុជា និងក្រុមជនពិការ នៃសមាគមសំនៀងតន្រ្តីជនពិការ ដែលរៀបចំឡើងនៅក្នុងបរិវេណសមាគមរស្មីកុមារកម្ពុជា ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ពិធីនេះ មានការចូលរួមពីសំណាក់ លោក គួច វ៉េងស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និង លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ និងមានការចូលរួមពីមន្រ្តីរាជការនៅសាលាខណ្ឌមានជ័យ និងសាលាសង្កាត់បឹងទំពុន ជាច្រើនកុះករ។
លោក គួច ចំរើន បានមានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ កុមារកំព្រា ក៏ដូចជាបងប្អូនជនពិការ នៃសមាគមសំនៀងជនពិការ ដែលបានទទួលអំណោយនាឱកាសនោះថា មូលហេតុដែលប្រតិភូសម្ព័ន្ធយុវជនក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាខណ្ឌមានជ័យ កំណត់យកថ្ងៃបុណ្យនៃក្តីស្រឡាញ់ មកចែកអំណោយជូនដល់បងប្អូនជនពិការ និងក្មួយៗ កុមារកំព្រានាពេលនេះ គឺជាការផ្សាភ្ជាប់នូវក្តីស្រឡាញ់គ្នាទៅវិញទៅមក និងក្នុងគោលបំណងអប់រំដល់យុវវ័យខ្មែរយើងកុំឲ្យយល់ច្រឡំថា ថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ ក្លាយទៅជាវប្បធម៌អ្វីមួយហួសពីទំនៀមទំលាប់ខ្មែរយើង ព្រោះពិធីបុណ្យនេះ ខ្មែរយើងចម្លងពីបរទេសមកទេ៕
ចែករំលែកព័តមាននេះ