ប្រភពព័ត៌មានបរទេសនាពេលថ្មីៗនេះបានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយ ខណៈដែលមានបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Alex Honnold បានឡើងតាមគែមជញ្ជាំងថ្មដែលមានកម្ពស់៤៥៧ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ៣ម៉ោង ដោយមិនមានពាក់ឧបករណ៍សុវត្ថិភាពសម្រាប់ទុកការពារមិនឱ្យធ្លាក់ចុះក្រោមឡើយ ។ សកម្មភាពឡើងលើ ជញ្ជាំងថ្មនេះ បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើនរង់ចាំទស្សនា។ តែក៏មានអ្នកខ្លះមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ Alex ពីព្រោះជញ្ជាំងថ្មមានកម្ពស់ខ្ពស់ ម្យ៉ាងគាត់ឡើងប្រើតែកម្លាំងដៃជើង ដោយគ្មានឧបករណ៍ណាមួយឡើយ ។
ប្រភពដដែលបានឱ្យដឹងទៀតថា «លោក Alex តែងតែស្វែងរកជញ្ជាំងថ្មណាដែលមានកម្ពស់ខ្ពស់ៗ ដើម្បីធ្វើការសាកល្បងឡើង ដោយខិតខំយ៉ាងណាប្រើរយៈពេលខ្លីបំផុត ។ យ៉ាងណាមិញ នាពេលថ្មីនេះ លោក Alex បានឡើងនៅតាមជញ្ជាំងថ្មមួយដែលស្ថិតនៅក្នុងប្រទេសម៉ិកស៊ិក ។ លោក Alex បានឡើងជញ្ជាំងថ្មមានកម្ពស់៤៥៧ម៉ែត្រ ដោយប្រើរយៈពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះ ហើយបើយោងនាពេលកន្លងមក អ្នកដែលធ្លាប់បានឡើងជញ្ជាំងថ្មនេះ គេបានចំណាយរយៈពេលរហូតដល់ទៅពីរសប្តាហ៍ ពីព្រោះនៅតាមគែមជញ្ជាំងថ្មនោះខ្ពស់ពិបាកឡើង ម្យ៉ាងមានសត្វល្អិតមួយចំនួនទិចទៀតផង ។ ការឡើងដល់ចំណុចកំពូលនៃជញ្ជាំងថ្មនេះ ប្រសិនបើអ្នកឡើងមិនមានភាពអំណត់អត់ធ្មត់ និងគ្មានសេចក្តីធក្លាហានខ្ពស់នោះទេ គឺមិនអាចឡើងឈានទៅដល់គោលដៅរបស់ខ្លួនឡើយ»។
លោក Alex បាននិយាយដែរថា «គាត់ពិតជាមានអារម្មណ៍សប្បាយចិត្តណាស់ ដែលបានឡើងដល់ចំណុចកំពូលនៃជញ្ជាំងថ្ម ហើយបានចំណាយពេលតិចជាងគេបង្អស់ក្នុងចំណោមមនុស្សជាច្រើនដែលបានសាកល្បងឡើងនាពេលកន្លងមក ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់នៅតែខិតខំហ្វឹកហាត់ឡើងតាមជញ្ជាំងថ្មដែលមានកម្ពស់ខ្ពស់ជាងនេះទៅទៀត ព្រោះ គាត់មានបំណងចង់ជាប់ឈ្មោះនៅក្នុងកំណត់ត្រាពិភពលោក Guinness នាពេលខាងមុខឆាប់ៗនេះ» ៕
ចែករំលែកព័តមាននេះ