ខេត្តតាកែវ ៖ យុវសិស្សម្នាក់ស្លាប់ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវជនសង្ស័យដែលជាសិស្សដូចគ្នាចំនួន៥នាក់ចាក់ត្រូវចំដើមទ្រូងខាងស្តាំ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសាររឿងលេបខាយស្រីស្នេហ៍របស់គេ កាលពីវេលាម៉ោង៧ និង២៥នាទីយប់ថ្ងៃទី១៣ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចលើផ្លូវលំក្នុងភូមិស្វាយចោរ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសុង សីហា អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១០ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ចំណែកឯជនបង្កទាំង៥នាក់ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗ ១-ឈ្មោះនាង សារ៉ាត់ អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិចា ឃុំចារ (ជាជនដៃដល់) ២-ឈ្មោះសាន រស្មី អាយុ១៦ឆ្នាំ ជាសិស្ស ៣-ឈ្មោះនួន ចាន់សិទ្ធិ អាយុ១៦ឆ្នាំ ជាសិស្ស ៤-ឈ្មោះសេន វណ្ណា អាយុ១៦ឆ្នាំ ជាសិស្ស និង៥-ឈ្មោះសៅ កែវ អាយុ១៦ឆ្នាំ ជាសិស្ស ។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិចំនួន៦នាក់បានឌឺដងលេបខាយដាក់នារីៗ៤នាក់ខណៈពេលដែលចេញពីសាលារៀន ក្រោយមកនារីៗទាំងនោះបានយករឿងនេះទៅប្រាប់សង្សាររបស់គេដែលជាក្រុមជនដៃដល់ទាំងនោះ ហើយក្រុមជនដៃដល់ក៏ខឹងសម្បារ ក៏នាំបក្សពួកនិងកាន់បិតផ្គាក់មកកាប់ចាក់ជាមួយជនរងគ្រោះតែម្តង ។
ចែករំលែកព័តមាននេះ