រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ២០១៤ សមត្ថកិច្ចខណ្ឌ៧មករារាប់សិបនាក់ បានទៅបណ្តេញប្រជាពលរដ្ឋរស់នៅក្នុងប្លុកបុរីកីឡាជាង១០០គ្រួសារ ដែលនាំគ្នារើអីវ៉ាន់ពីខាងក្រោមឡើងទៅនៅអគារទី៩ជាន់ទី០១ ដែលក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់មិនទាន់រួចរាល់ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពេលចុះទៅបណ្តេញនោះក៏មានការប្រទូសរ៉ាយកើតឡើង រវាងសន្តិសុខសាលាខណ្ឌ បានយកដំបងឈើ ដែក និងដំបងឆក់ វាយទៅលើអ្នកស្នាក់នៅក្នុងបុរីកីឡាចំនួន0៦នាក់ បណ្តាលឱ្យរងរបួសបែកក្បាល០២នាក់ និងសន្លប់០៤នាក់ ក្នុងនោះស្ត្រីមានផ្ទៃពោះ០៨ខែម្នាក់ ។
ជនរងគ្រោះទី១-ឈ្មោះ ហ៊ីង ឆីញ ភេទប្រុស អាយុ១៦៧ឆ្នាំ ជាអ្នកលក់ដូង ,ទី២-ឈ្មោះចៅ សុភា ភេទស្រី អាយុ២៦ឆ្នាំ អ្នកទាំង០២រងរបួសបែកក្បាល,ទី៣-ឈ្មោះ ហាស់ សុខចិន្តា ភេទស្រី អាយុ៣៥ឆ្នាំ ជាស្ត្រីមានផ្ទៃពោះ៨ខែ រងរបួសយ៉ាងដំណំដេកសន្លប់ស្តូកស្តឹង ,ទី៤-ឈ្មោះ ព្រំ ពេជ្រ ភេទស្រី អាយុ៦៧ឆ្នាំ ,ទី៥-ឈ្មោះ ប្រាក់ សុផា ភេទស្រី អាយុ៤៥ឆ្នាំ និងទី៦-ឈ្មោះ ញឹក ហ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ។
ទោះបីយ៉ាងណា កម្លាំងសមត្ថកិច្ចបានធ្វើការបណ្តេញក្រុមអ្នករស់នៅក្នុងប្លុកបុរីកីឡាជាង១០០គ្រួសារនោះ ចុះអស់ហើយ និងដាក់កម្លាំងយាមកាមយ៉ាងត្រឹមត្រូវ ហើយមកដល់វេលាម៉ោង៩និង៣០នាទីព្រឹក ស្ថានការណ៍នៅសហគមន៍បុរីកីឡា មានសភាពធូរស្រាលវិញហើយ ៕
សូមបញ្ជាក់ថា ក្រុមអ្នករស់នៅក្នុងប្លុកបុរីកីឡាប្រមាណជា១០០គ្រួសារ ដែលអះអាងថា កន្លងមកអាជ្ញាធរបានសន្យាខ្យល់ កាលពីថ្ងៃទី១២ កុម្ភៈ បាននាំគ្នារើអីវ៉ាន់ពីខាងក្រោមឡើងទៅនៅអគារទី៩ ដែលក្រុមហ៊ុនផានអ៊ីម៉ិច សាងសង់មិនទាន់រួចរាល់ បើទោះបីមានការរារាំងពីសមត្ថកិច្ចយ៉ាងណាក្តី ។
ចែករំលែកព័តមាននេះ