ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវចៅអធិការ…ស្រីស្នេហ៍​ប្រកាស​ថា ឈឺចាប់ពេលប្រុសដោះដៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ភិក្ខុ​នាម វ៉ា​ន វ​ន្នី ដែល​ជា​ចៅអធិការ​វត្ត​ពោធិ៍​ស​ត្ថា​រាម ហៅ វត្ត​ពោធិ៍​ចិន​តុង ដែល​​បាន​បែកធ្លាយ​ពាង​ប្រហុក​ឬ «​ល្បែង​លើ​គ្រែ​»…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ភិក្ខុ​នាម វ៉ា​ន វ​ន្នី ដែល​ជា​ចៅអធិការ​វត្ត​ពោធិ៍​ស​ត្ថា​រាម ហៅ វត្ត​ពោធិ៍​ចិន​តុង ដែល​​បាន​បែកធ្លាយ​ពាង​ប្រហុក​ឬ «​ល្បែង​លើ​គ្រែ​» ដ៏​អាស្រូវ​ជាមួយ​ស្រី​ស្នេហ៍​ជា​ច្រើន​សន្លឹក បណ្ដាល​ឲ្យ​កក្រើក​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក កាលពី​អំឡុង​ខែមិថុនា​កន្លង​ទៅ​នោះ​ បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​មក​ហើយ ។

គ្រប់​គ្នា​នៅ​ចាំ​កាលពី​ជាង​១​ខែ​មុន ដែល​ចៅអធិការ​ប្រកែក​ថា ​មិនមែន​ជា​រូប​ពិត​ទេ ដែល​បាន​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ ។ ចំណែក​ខាង​ស្ត្រី​ម្ចាស់​រូប​ឈ្មោះ លឹ​ម ធីតា ក៏​បាន​បដិសេធ​ថា ខ្លួន​មិន​ដែល​បាន​ស្គាល់​ចៅអធិការ​រូប​នេះ​ដែរ ហើយ​ខាង​មន្ត្រី​សង្ឃ​នៅ​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​មន្ត្រី​មន្ទីរ និង​ការិយាល័យ​ធម្មការ​និង​សាសនា រក​ឃើញ​ថា រូបភាព​ដែល​បែកធ្លាយ​ទាំង​ប៉ុន្មាន គឺជា​រូប​កាត់ត ដោយ​ជនខិលខូច​មាន​បំណង​អាក្រក់​មក​លើ​ចៅអធិការ​អង្គ​នោះ ។

ទោះបីជា​មានការ​ស្ងប់ស្ងាត់ ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​នៅ​តែ​មិន​អស់ចិត្ត​ចំពោះ​រឿង​នេះ​នៅឡើយ ព្រោះ​មិន​ជឿ​ថា​ជា​រូប​កាត់ត​ទេ កុំ​ភូត​លើគោក​អីចឹង ។ ចំណែក​ផ្ទៃក្នុង​វត្ត​ខាងលើ​ក៏​មិន​បាន​ស្ងប់ស្ងាត់​ឡើយ ក្រោយ​ពី​បែកធ្លាយ​រឿងអាស្រូវ​ផ្លូវភេទ​បាន​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ចៅអធិការ​អង្គ​នោះ បាន​ដាក់​លិខិត​មួយ​ច្បាប់ ចូល​ទៅ​កាន់​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សុំ​លាលែង​ពី​តំណែង​ចៅអធិការ​វត្ត បន្ទាប់​មក​ក៏​បាន​សឹក​ចាក​សិក្ខាបទ​បាត់​ទៅ ​។ យោង​តាម​លិខិតស្នើ​សុំ​របស់​គ្រូសូត្រស្ដាំ និង​ឆ្វេង ព្រមទាំង​គណៈកម្មការ​អាចារ្យវត្ត​នោះ សាលា​អនុគណ​ខណ្ឌ​ក៏​បាន​តែងតាំង​ចៅអធិការ​វត្ត​ស្ដីទី​រួចរាល់​ហើយ​ដែរ នាម​ព្រះ​ភិក្ខុ ឆាន ឆ​ន ។


រហូត​មក​ដល់​ថ្ងៃ​ទី​៥ សីហា ស្រាប់តែ​រឿងរ៉ាវ​ខាងលើ​បាន​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ បន្ទាប់​ពី​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Jou Mary» ដែល​សង្ស័យ​ថា​ជា​របស់​ស្ត្រី​ឈ្មោះ លឹ​ម ធីតា ដែល​បែកធ្លាយ​រូប​ដេក​កៀកកើយ​ជាមួយ​អតីត​ចៅអធិការ​នៅ​លើ​គ្រែ​នោះ បាន​បង្ហោះ​រូបភាព​អតីត​ចៅអធិការ​ខាងលើ​ស្លៀក​ស្បង់ និង​ពាក់អាវ​ផាមួង​ពណ៌​ទឹកមាស រួម​ជាមួយ​រូបភាព​អាវយឺត និង​រូប​លោក វ៉ា​ន វ​ន្នី នោះ​ក្រោយ​សឹក​ចាក​សិក្ខាបទ​អង្គុយ​លើ​បង់​ផង​ដែរ ។ ស្ត្រី​ជា​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​បង្ហោះ​សារ​រៀបរាប់​ពី​ការ​ឈឺចាប់​ពេល​ប្រុស​ថ្លៃ​បោះបង់​នាង​ចោល ព្រោះតែ​ខាង​ប្រុស​ជឿ​តាម​ការ​បំបែកបំបាក់​របស់​គ្រួសារ ។

ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ត្រី​រូប​នេះ​បាន​បង្ហាញ​ច្បាស់​ហើយ​ថា មុន​នេះ​មានការ​បដិសេធ​ទាំង​បំពាន ដើម្បី​បំភាន់​រឿងអាស្រូវ​របស់​ខ្លួន​ចំពោះ​មុខ​មហាជន ។ លុះដល់​ប្រុស​ថ្លៃ «​អ​ន្ទិ​ត​អតីត​ចៅអធិការ​» ដោះដៃ​ចោល​​បាត់​មិន​ស្រណោះ​គ្រែ​ក៏​ទម្លាយ​ការ​ពិត​អស់​គ្មាន​សល់ មិន​ខុស​ពី​បទ​ចម្រៀង​ដែល​មាន​ទំនុក​ថា «​សា​ឡ​ន​ៗ​អើយ កុំ​ស្រឡាញ់​លោក កំលោះ​គ​គោក ទុក​លោក​ធ្វើបុណ្យ​» ។

ខ្លឹមសារ​ដែល​ស្ត្រី​ឈ្មោះ លឹ​ម ធីតា សរសេរ​រៀបរាប់​ថា «​អូន​ជា​អ្នកទិញ​អាវ​ឱ្យ​បង បង​ថា​ស្រឡាញ់​អាវ និង​ឆាត​ឱ្យ​អូន​ទិញ​ឱ្យ​ទុក​ពាក់​ពេល​បង​សឹក​ទៅ តែ​ឥឡូវ​ម្តេច​ក៏​បង​ធ្វើ​ដាក់​អូន​អុ​ី​ចឹ​ង ! អូន​លែង​មាន​ន័យ​សម្រាប់​បងហើយ​មែន​បង ? អរគុណ​គ្រប់យ៉ាង​សម្រាប់​ការ​បោកប្រាស់ អរគុណ​ព្រហ្ម​លិខិត​ដែល​ធ្វើបាប​ខ្ញុំ​កម្សត់កម្រ​ជាមួយ​គ្នា​ជិត​មួយ​ឆ្នាំ មាន​ទាំង​ផ្អែម​បាន​ទាំង​ជូរ​ចត់ ដោះស្រាយ​បង្ហាញ​ជាមួយ​គ្នា ពេល​ចប់​រឿង​បាន​សឹក បង​បោះបង់​អូន​ចោល ព្រោះ​ជឿ​គ្រួសារ​បង អរគុណ​មេរៀន​ជីវិត​» ។

កាលពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៩ អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Jou Mary» នេះ​ក៏​បាន​បង្ហោះ​សារ​ដ៏​ឈឺ​ចាប់​មួយ​ដោយ​ភ្ជាប់​ជាមួយ​និង​រូបភាព​ទារក​ដែល​ទើប​ពន្លូត​ចោល ព្រមទាំង​ដៃ​ដាក់​សេរ៉ូម​និង​នំ​ខួប​កំណើត​ផង​ដែរ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​សង្ស័យ​ថា ទារក​នោះ​ជា​កូន​របស់​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​នេះ ផ្ទាល់​ជាមួយនឹង​អតីត​ចៅអធិការ​រូប​នោះ​ទៀត​ផង ហើយ​បើ​តាម​ការ​ពិនិត្យ​មើលឃើញ​ថា សារ​នោះ​បាន​បង្ហោះ​ក្រោយ​ពេល​ដែល​នាង​បាន​ជួប​ក្រុម​គ្រួសារ​ខាង​ប្រុស តែ​គេ​មិន​ស្វាគមន៍ ។ ចំណែក​ប្រុស​ស្នេហ៍​រូប​នោះ​ក៏​មិន​ព្រម​ចេញ​មក​ជួប​នាង​ថែម​ទៀត ឱ ! ព្រហ្ម​លិខិត​អើយ​…​។

សារ​នោះ​មាន​ខ្លឹមសារ​ថា «​ថ្ងៃនេះ​ហើយ​បានដឹង​ការ​ពិត​ហើយ​ជា​ថ្ងៃ​ដែល​ឈឺ​បំផុត​សម្រាប់​ខ្ញុំ ពេល​បាន​ជួប​គ្រួសារ​បង​ផ្ទាល់ គ្រួសារ​បង​មិន​ស្វាគមន៍​ខ្ញុំ បង​មិន​ចេញ​មក​ជួប​ខ្ញុំ អ្នក​ស្គាល់​បង មិត្ដភក្ដិ​បង​គេ​សុទ្ធតែ
​ដឹង​ថា យើង​ស្រឡាញ់​គ្នា មាន​តែ​បង​នឹង​គ្រួសារ​បង​ទេ​ថា មិន​ធ្លាប់​ស្គាល់​ខ្ញុំ ខ្ញុំ​នៅ​ចាំ​បាន​ទាំង​អស់រឿង​សប្បាយ​​នឹង​ជូរ​ចត់ ខួបកំណើត​ខ្ញុំ​បង​ជា​អ្នក​ធ្វើ​ឱ្យ ខួបកំណើត​បង ខ្ញុំ​ជា​អ្នក​ធ្វើ​ឱ្យ​បង ថ្ងៃ​ដែល​អូន​ចេញពី​ពេទ្យ​វិញ​ជា​ថ្ងៃ​អូន​ឈឺចាប់​បំផុត បង​ជា​អ្នក​មើលថែ​ខ្ញុំ បង​ថា បង​សុំ​ទោស​ដែល​បង​ឈឺ​ជំនួស​ខ្ញុំ​មិន​បាន បង​សន្យា​ថា​នឹង​មិន​ចោល​ខ្ញុំ​គ្រប់ពេល ព្រោះ​យើង​ធ្លាប់​កម្សត់កម្រ​នឹង​គ្នា បង​តែងតែ​ប្រាប់​ខ្ញុំ​ថា​ នឹង​សាង​គ្រួសារ​រួម​គ្នា យើង​នឹង​មាន​បុត្រ​ជាមួយ​គ្នា​ម្ដងទៀត មិន​ដូច​លើក​នេះ​ឡើយ ថ្ងៃ​ដ៏​សែន​ចង​ចាំ​បំផុត​នៅ​ពេល​មួយ​បង​បាន​អះអាង​ថា បង​នឹង​មិន​ចោល​ខ្ញុំ​នៅ​មុខ​គេ​គ្រប់​គ្នា តែ​នៅ​ថ្ងៃនេះ​បង​បាន​បោះបង់​ខ្ញុំ​ចោល ពិតមែន​ហើយ​បង​ស្បថ​បំពាន​ខ្លួនឯង (១៧ កក្កដា ២០១៩) ចាំ​លុះ​ថ្ងៃ​ស្លាប់​» ។

ទីបំផុត​រឿងរ៉ាវ​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង ឬ​ដំរី​ស្លាប់​មិន​អាច​យក​ចង្អេរ​បិទ​បាំង​ជិត​ឡើយ ហើយ​រូបភាព​ល្បែង​លើ​គ្រែ​ដ៏​ត្រេកត្រអាល​រវាង​អតីត​ចៅអធិការ​វត្ត​ខាងលើ​ជាមួយ​ស្រី​ស្នេហ៍​ដែល​បាន​បែកធ្លាយ​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩​កន្លង​មកនេះ គឺជា​រូបភាព​ពិត​មិនមែន​ក្លែងក្លាយ​កាត់ត​ឡើយ ព្រោះ​កាល​ណោះ​ខាង​ស្រី បាន​ប្រកែក​ថា​មិន​ធ្លាប់​ដែល​ស្គាល់​ចៅអធិការ ប៉ុន្តែ​ពេល​នេះ បែរជា​ចេញ​សារ​សម្ដែង​ការ​ឈឺចាប់ ពេល​ដែល​អតីត​ចៅអធិការ​បោកប្រាស់​ស្នេហ៍​បែប​នេះ​ទៅ​វិញ ។

ព្រះ​ភិក្ខុ​កល្យាណ​ធ​ម្មោ ធី ឃឿ​ន លេខាធិការដ្ឋាន​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មាន​សង្ឃដីកា​ថា ក្រោយ​ពី​រឿង​នេះ​កើតឡើង​អតីត​ចៅអធិការ​អង្គ​នោះ​បាន​ដាក់​លិខិត​មួយ​ច្បាប់​លេខ​០១២/១៩ ល​.​ស​.​វ​.​ព​.​ស​.​រ ចុះ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ ចូល​ទៅ​កាន់​សាលា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សុំ​លាលែង​ពី​តំណែង​ចៅអធិការ​វត្ត និង​យោង​លើ​លិខិតស្នើ​សុំ​របស់​ព្រះ​គ្រូសូត្រស្ដាំ និង​ឆ្វេង ព្រមទាំង​គណៈកម្មការ​អាចារ្យវត្ត​នោះ សាលា​អនុគណ​ខណ្ឌ​ក៏​បាន​តែងតាំង​ព្រះ​ចៅអធិការ​វត្ត​ស្ដីទី​រួចរាល់​ហើយ​ដែរ កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ។ ម្យ៉ាង​រឿងរ៉ាវ​នេះ​បាន​កើតឡើង​នៅ​ចំ​ពេល​ដែល​ព្រះ​អនុគណ​ជាប់រវល់​នៅ​ឯ​សហរដ្ឋអាមេរិក​ឯណោះ ហើយ​ព្រះ​អង្គ​បាន​ធ្វើ​ប្រតិភូកម្ម​អំណាច​ប្រគេន​ទៅ​ព្រះ​វិន័យ​ធម៌ ហើយ​ព្រះ​វិន័យ​ធម៌​បាន​ធ្វើ​រឿង​នេះ​ចប់​សព្វគ្រប់​រួចរាល់​អស់ហើយ​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នាង លឹ​ម ធីតា បាន​បង្ហោះ​សារ​បដិសេធ​មួយ​នៅ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Jou Mary» នេះ​កាលពី​បែកធ្លាយ​រឿងអាស្រូវ​ផ្លូវភេទ​ថ្មី​ៗ​នោះ ដែល​មាន​ខ្លឹមសារ​ថា «​ពេល​ឃើញ​រូបភាព​នេះ​លេចឡើង នាង​ខ្ញុំ​ពិតជា​តក់ស្លុត​យ៉ាង​ខ្លាំង ដែល​រូប​នេះ​នាង​ខ្ញុំ​មិន​ដែល​បាន​ស្គាល់​លោក​អង្គ​នោះ និង​មិន​ដែល​ប្រព្រឹត្ត​ដូច​រូបថត​ទាំងនោះ​ឡើយ ។ នាង​ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង ចំពោះ​រូបភាព​ទាំងនេះ​ព្រោះ​មាន​ជន ឬ​ក្រុម​ណាមួយ​ក្នុង​គោលបំណង​បរិហារកេរ្តិ៍​បង្ខូច​កិត្តិយស​នាង​ខ្ញុំ​និង​ក្រុម​គ្រួសារ ។ សូម​បណ្ដាញ​សារ​ព័ត៌មាន និង​ផេ​ក​ទាំងឡាយ បញ្ឈប់​ការ​ចែកចាយ​រូប​មិន​ពិត​ទាំងនេះ ព្រោះ​ជា​រូប​កាត់ត​ប៉ុណ្ណោះ ហើយ​នាង​ខ្ញុំ​មិន​ទទួលខុសត្រូវ​ចំពោះ​រូបភាព​ទាំង​អស់នេះ​ឡើយ​» ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ