ខេត្តបាត់ដំបង ៖ នៅម៉ោងស្ទើរប្រហាក់ប្រហែលគ្នា កាលពីល្ងាចម្សិលមិញ ថ្ងៃទី០១ ឧសភា ខ្យល់កន្ត្រាក់ នាដើមរដូវវស្សា បានវាយប្រហារមួយដង្ហើមចង្រិត ប៉ះទង្កិចទៅលើស្រុកចំនួន០២ ក្នុងខេត្តបាត់ដំបង ធ្វើឲ្យលំនៅឋានចំនួន០៩ខ្នង បានរងការខូចខាត តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។ នេះបើតាមសេចក្ដីរាយការណ៍ពីមន្ត្រីមូលដ្ឋាន ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ស្រុកចំនួន០២ ដែលរងការវាយប្រហារដោយខ្យល់កន្ត្រាក់នៅមានស្រុកបាណន់ និងស្រុកបវេល រីឯតាមបណ្ដាស្រុកដទៃទៀត គេមិនទាន់ទទូលដំណឹងពីគ្រោះធម្មជាតិនេះនៅឡើយទេ ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅស្រុកបាណន់ខ្យល់កន្ត្រាក់ ដែលមានលាយឡំជាមួយនឹងភ្លៀងផ្គរ រន្ទះខ្លះៗផង បានវាយលុកចូលទឹកដី ភូមិស្នឹងកើត និងភូមិស្នឹងលិច ឃុំស្នឹង ធ្វើឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ចំនួន០៤ខ្នង (របើកដំបូល) តែពុំមានគ្រោះថ្នាក់ដល់មនុស្សឬសត្វពាហៈណៈទេ ។

ដោយឡែក នៅស្រុកបវេលឯណោះវិញ បើតាមសេចក្ដីរាយការណ៏ដដែលនេះបានឲ្យដឹងដែរថា ខ្យល់កន្ត្រាក់ ដែលមានលក្ខណៈស្រដៀងៗគ្នានេះ បានប៉ះទង្គិចទៅលើទឹកដី ឃុំអំពិលប្រាំដើម ធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋខូចខាតអស់ចំនួន០៥ខ្នង ក្នុងនោះ មានចំនួន០៣ខ្នងខូចខាតធ្ងន់ធ្ងរ តែក៏ពុំបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វដូចគ្នា ។

យ៉ាងណាក្ដី ពេលវេលានេះ គឺជារដូវវស្សា ដែលអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ កើតឡើងគ្រប់ពេល។ ដូច្នេះ ប្រជាពលរដ្ឋរស់នៅគ្រប់ទីកន្លែង គូរតែមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតឡើងបង្កឲ្យមានគ្រោះថ្នាក់ដោយថាហេតុ ៕
ចែករំលែកព័តមាននេះ