ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ នេត្រ ភក្ត្រា ​៖ ​សេរីភាព​សារព័ត៌មាន​កម្ពុជា មិន​ឋិត​នៅ​លើ​បបូរមាត់​បុគ្គល ឬ​ក្រុម​ណា​ ដែលតែងតែ​លាប​ពណ៌​កម្ពុជា​ទេ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គូសបញ្ជាក់​ថា សេរីភាព​សារព័ត៌មាន​កម្ពុជា មិន​ឋិត​នៅ​លើ​បបូរមាត់​របស់​បុគ្គល ឬ​ក្រុម​ណាមួយ​ទេ ជា​ពិសេស​សកម្មភាព​ដែល​មាន​ចរិត និង​របៀបវារៈ​នយោបាយ ចំពោះ​មន្ត្រី​របស់​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គូសបញ្ជាក់​ថា សេរីភាព​សារព័ត៌មាន​កម្ពុជា មិន​ឋិត​នៅ​លើ​បបូរមាត់​របស់​បុគ្គល ឬ​ក្រុម​ណាមួយ​ទេ ជា​ពិសេស​សកម្មភាព​ដែល​មាន​ចរិត និង​របៀបវារៈ​នយោបាយ ចំពោះ​មន្ត្រី​របស់​កម្ពុជា គឺ​មិនមែន​អង្គុយ​ស្រមើល​ស្រមៃ​ធ្វើ​របាយការណ៍​ឱ្យ​ក្លាយជា​កំហុស​នោះ​ទេ​ ។

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ការ​ផ្សព្វផ្សាយ​របាយការណ៍ «​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ឆ្នាំ​២០២៥» កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៥​នី​ទីស្តីការក្រសួង​ថា កម្ពុជា​ជា​និច្ចកាល​តែងតែ​រង​នូវ​ភាព​អយុត្តិធម៌​ពី​របាយការណ៍​អង្គការ​អន្តរជាតិ​មួយ​ចំនួន ដែល​ចេញផ្សាយ​ទាក់ទង​ទៅ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស សេរីភាព​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន កម្ពុជា​ចាំបាច់ ត្រូវ​បាន​របាយការណ៍​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដើម្បី​បង្ហាញ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​របស់​ខ្លួន​ ។

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ខ្លាច​តែ​អ្នក​ដែល​គាត់​វាយតម្លៃ ឬ​លើក​ឡើង​ពី​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា គឺ​មិន​គ្រាន់តែ​នៅ​លើ​បបូរមាត់​ទេ តែ​ការ​ពិត​ប្រហែល​គាត់​អត់​មាន​ឯកសារ ឬ​ភស្តុ​តាង​ណាមួយ​បញ្ជាក់​ឱ្យ​ច្បាស់ ដូច​អ្វី​ដែល​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ផង តែ​អាច​ត្រឹមតែ​អង្គុយ​សរសេរ​ស្រមើល​ស្រមៃ ហើយ​វាយតម្លៃ​ជុំវិញ​គ្នា​ឯង​តែ​២ ឬ​៣​នាក់ នោះ​គឺជា​កំហុស​រឿង​ឆ្គង​» ​។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បន្ថែម​ថា កម្ពុជា ជា​រើ​យ​ៗ ត្រូវ​បាន​បរទេស និង​ក្រុម​ជន​មួយ​ចំនួន​តូច​ដែល​ទទួល​បាន​ជំនួយ​ពី​ម្ចាស់​ជំនួយ​របស់​ខ្លួន សរសេរ​វាយប្រហារ លាប​ពណ៌ នៅ​ក្នុង​កម្រិត​នៃ​របៀបវារៈ​នយោបាយ​របស់​ពួក​គេ ក៏​ប៉ុន្តែ កម្ពុជា គឺ​របស់​កម្ពុជា​។ កម្ពុជា​ពិត គឺ​ប្រជាជន​នៅ​ក្នុង​ប្រទេស​បានដឹង​ច្បាស់លាស់​នៃ​ស្ថានភាព​ពិត​របស់​ខ្លួន​ ។

រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ស្ថានភាព​ពិត​នៃ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា គឺ​ស្ថិត​នៅ​ក្នុង​របាយការណ៍ តែ​មិនមែន​ស្ថិត​នៅ​លើ​បបូរមាត់ របស់​មន្ត្រី​រដ្ឋាភិបាល និយាយ​តាមតែ​ចិត្ត​ង់​នោះ​ទេ របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន គឺ​ឈរ​នៅ​លើ​ការ​ពិត ឈរ​នៅ​លើ​វិធីសាស្ត្រ​វិទ្យាសាស្ត្រ និង​ឈរ​លើ​មូលដ្ឋាន​នៃ​ចម្លើយ​ដែល​ផ្តល់​ពី​អ្នក​សារព័ត៌មាន ដែល​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ពិតប្រាកដ ពី​តំណាង​អ្នក​សារព័ត៌មាន​ទូ​ទាំង​ប្រទេស បាន​ឆ្លើយ​នឹង​កម្រង​សំណួរ​ស្តី​ពី​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២៥ ហើយ​លទ្ធផល​ដែល​បាន​មកនេះ គឺជា​លទ្ធផល​ពិតប្រាកដ ដែល​កម្ពុជា​ត្រូវ​តែ​មាន​របាយការណ៍​ខ្លួនឯង​ ។

ពាក់ព័ន្ធ​វិស័យ​ព័ត៌មាន​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ ៖ «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា មន្ត្រី​ខ្មែរ​របស់​យើង គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ដោយ​មិន​ចាំបាច់​មាន​ជំនួយ​ពី​បរទេស​ទេ របាយការណ៍​នេះ​ជា​ស្នាដៃ​របស់​មន្ត្រី​ខ្មែរ ជា​កូន​ខ្មែរ ពីព្រោះ​កូន​ខ្មែរ​របស់​យើង​មក​ដល់​ម៉ោង​នេះ គឺ​មាន​សមត្ថភាព ពេញលេញ​ហើយ​»​ ។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​បន្ត​ថា យើង​មិន​ត្រូវ​រង​ចាំ​ពឹង​លើ​ជំនួយ​បរទេស​នោះ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ និង​មន្ត្រី​ខ្មែរ គឺ​ត្រូវ​រួម​គ្នា​កសាង​កម្ពុជា របស់​យើង​ទៅ​ជា​ប្រទេស​ដែល​មាន​មោទនភាព ជា​សង្គម​រស់​រវើក ប្រជាជន​មាន​សមត្ថភាព​។ ជាក់ស្តែង​តាម​រយៈ​របាយការណ៍​ស្តី​ពី​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ឆ្នាំ​២០២៥ ដែល​ស្រាវជ្រាវ កង​ក្រង​ដោយ​មន្ត្រី​ខ្មែរ វា​ជា​មោទនភាព​។

ក្រសួង​ព័ត៌មាន គឺ​មិន​មាន​អ្នក​ជំនាញការ ឬ​ទីប្រឹក្សា​ជា​ជនជាតិ​បរទេស​មក​ជួយ​លើ​ការងារ​ផ្នែក​ព័ត៌មាន និង​សោត​ទស្សន៍​នោះ​ទេ ពោល​គឺ​មន្ត្រី​ខ្មែរ​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​ដោយ​ខ្លួនឯង ដូច្នេះ ចំណុច​នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​ពេញលេញ​របស់​មន្ត្រី​ខ្មែរ ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំបូល​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ពេញលេញ ដែល​បាន​ផ្តល់​ឱកាស​ដល់​កូន​ខ្មែរ​អាច​សិក្សា​ស្រាវជ្រាវ រហូត​យកចំណេះ​ដឹង​ទាំងនេះ​មក​បម្រើប្រជាជន និង​ប្រទេស​ជាតិ​ ។

ជាមួយ​គ្នា​នេះ ចំពោះ​កិច្ចការ​ស្ទង់​មតិ​នេះ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា ធ្វើ​ឡើង​ដោយ​មន្ត្រី​របស់​ក្រសួង​ព័ត៌មាន​ផ្ទាល់ ខណៈ​ដែល​អ្នក​រៀបចំ​ធ្វើ​កិច្ច​ការងារ​ទាំងនេះ គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដោយ​មិន​ចាំបាច់​មាន​ជំនួយ​ពី​បរទេស​នោះ​ទេ​ ។

របាយការណ៍​ស្តី​ពី «​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ឆ្នាំ​២០២៥» គឺជា​ការ​ផ្តោត​ទៅ​លើ​អ្វី​ដែល​ជា​ស្ថានភាព​ពិតប្រាកដ នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​កម្ពុជា​គឺ​មាន​របៀបរបប នៃ​ការ​គ្រប់គ្រង​របស់​កម្ពុជា មិន​អាច​ធ្វើការ​ប្រៀបធៀប​កម្ពុជា ទៅ​បណ្តា​ប្រទេស​ផ្សេង​ៗ ហើយ​មាន​តែ​ប្រជាជន​កម្ពុជា ជា​ពិសេស​អ្នក​សារព័ត៌មាន ស្ថិត​ក្នុង​វិស័យ​ព័ត៌មាន ដឹង​ច្បាស់ តាម​រយៈ​ការ​ស្ទង់​មតិ​រក​ឃើញ​ថា​មាន​រហូត​ទៅ​ដល់ ៨១.០៤% បាន​និយាយ​ថា សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ​របាយការណ៍​ស្តី​ពី​ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា បញ្ជាក់​យ៉ាង​ច្បាស់​ពី​ស្ថានភាព​ពិត​នៃ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ