ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បើកចំហ​ចំពោះ​ការ​ចរចា​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ជា​មុន​សិន

2 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ ថា ខ្លួន​បើកចំហ​ចំពោះ​កិច្ចចរចា​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​គូសបញ្ជាក់​ថា ការ​ចរចា​នឹង​មិន​អាច​ចាប់ផ្តើម​ទេ លុះត្រាតែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​យល់ព្រម​ដក​ពន្ធ​ឯកតោភាគី​ដែល​បាន​រំខាន​ដល់ទី​ផ្សារ​ពិភពលោក…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ ថា ខ្លួន​បើកចំហ​ចំពោះ​កិច្ចចរចា​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​គូសបញ្ជាក់​ថា ការ​ចរចា​នឹង​មិន​អាច​ចាប់ផ្តើម​ទេ លុះត្រាតែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​យល់ព្រម​ដក​ពន្ធ​ឯកតោភាគី​ដែល​បាន​រំខាន​ដល់ទី​ផ្សារ​ពិភពលោក និង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ចេញផ្សាយ​។

ការ​ដាក់​ពន្ធគយ​របស់​អា​មេ​រិ​ក​ដែល​បាន​ឈាន​ដល់ ១៤៥% លើ​ផលិតផល​ចិន​ជា​ច្រើន​បាន​ចូល​ជា​ធរមាន​កាលពី​ខែ​មុន ខណៈ​ទីក្រុង​ប៉េ​កាំ​ង​បាន​ឆ្លើយ​តប​ជាមួយនឹង​ពន្ធ​សងសឹក​ថ្មី ១២៥% លើ​ការ​នាំ​ចូល​ពី​អា​មេ​រិ​ក​។ យ៉ាងណាមិញ ផលិតផល​បច្ចេកវិជ្ជា​កម្រិត​ខ្ពស់​ដូច​ជា ស្មា​ត​ហ្វូ​ន គ្រឿង​អេ​ឡិច​ត្រូ​និក និង​កុំព្យូទ័រ​ជាដើម បាន​ទទួល​ការ​ដក​ចេញ​ជា​បណ្តោះអាសន្ន​ពី​ពន្ធ​របស់​អា​មេ​រិ​ក​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​ម្តង​ហើយ​ម្តងទៀត​ថា ប្រទេស​ចិន​បាន​ឈាន​ដល់​កិច្ច​ពិភាក្សា​ពន្ធ​ជាមួយ​អា​មេ​រិ​ក ហើយ​ក្នុង​ស​ប្តា​ហ៍​នេះ លោក​បាន​លើក​ឡើង​ថា លោក​ជឿជាក់​ថា​មានឱកាស​ដ៏​ល្អ​ដែល​ភាគី​ទាំង​ពីរ​នឹង​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​។

ក្រសួងពាណិជ្ជកម្ម​ចិន នៅ​ថ្ងៃ​ទី​២ ខែឧសភា​នេះ បាន​ប្រកាស​ថា ករណី​នេះ​គឺជា​អា​មេ​រិ​ក​ដែល​បាន​ចង់​ចរចា​ពន្ធ ហើយ​ថែម​ទាំង​អះអាង​ថា ចិន​កំពុង​តែ​វាយតម្លៃ​ការ​ផ្តល់​ជូន​នេះ​។ ក្រសួង​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ប្រសិនបើ​អា​មេ​រិ​ក​ចង់​ចរចា ពួក​គេ​គួរតែ​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ក្នុង​ការ​ធ្វើ​ដូច្នេះ ដោយ​ត្រៀមខ្លួន​ដើម្បី​កែតម្រូវ​ការ​អនុវត្ត​ខុស​របស់​ពួក​គេ និង​លុប​ចោល​ពន្ធ​ឯកតោភាគី​»​។ ក្រសួង​បន្ថែម​ថា «​នៅ​ក្នុង​ការ​ចរចា ឬ​កិច្ច​ពិភាក្សា​ណាមួយ​អាច​កើត​មាន ប៉ុន្តែ​ប្រសិនបើ​ភាគី​អា​មេ​រិ​ក​មិន​កែតម្រូវ​វិធានការ​ពន្ធ​ឯកតោភាគី​ទេ វា​គ្រាន់តែ​មាន​ន័យ​ថា ភាគី​អា​មេ​រិ​ក​គ្មាន​ភាព​ស្មោះត្រង់​ទាំងស្រុង ហើយនឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ទំនុកចិត្ត​ទៅ​វិញ​ទៅ​មករ​វាង​ភាគី​ទាំង​ពីរ​បន្ថែម​ទៀត​»​។

សូម​ជម្រាប​ថា ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​មាន​ពេល​៩០​ថ្ងៃ ដែល​នឹង​ផុតកំណត់​នៅ​ក្នុង​ខែកក្កដា​ខាង​មុខ​នេះ ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ជាមួយ​អា​មេ​រិ​ក ដើម្បី​ជៀសវាង​ការ​រង​ពន្ធ​ថ្មី​អត្រា​ខ្ពស់​។ ផ្ទុយ​ទៅ​វិញ ប្រទេស​ចិន​ក្នុង​នាម​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​២​ពិភពលោក បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក​ដល់ទី​បញ្ចប់ ដូចដែល​ក្រសួងការបរទេស​ចិន​បាន​ប្តេជ្ញា​កន្លង​មក​ថា «​មិន​លុតជង្គង់​ចុះ​ជា​ដាច់ខាត​! ជំហរ​របស់​ប្រទេស​ចិន​តែងតែ​ស្របគ្នា​ឥត​ខ្ចោះ ប្រសិនបើ​គេ​ប្រយុទ្ធ យើង​នឹង​ប្រយុទ្ធ​ដល់ទី​បញ្ចប់ ប្រសិនបើ​ពិភាក្សា​គ្នា យើង​ទ្វារ​បើកចំហរ​ជា​និច្ច​។ សង្គ្រាម​ពន្ធគយ និង​សង្គ្រាម​ពាណិជ្ជកម្ម​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​ភាគី​អា​មេ​រិ​ក​ជា​ឯកតោភាគី​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ