រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខ និងប្រជាពលរដ្ឋឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទ តែមិនបានសម្រេច កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅទល់មុខធនាគារប្រៃសណីយ៍កម្ពុជា លើកំណាត់ផ្លូវលេខ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័តមានពីសន្តិសុខរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដេកយាមធនាគារខាងលើ បន្ទាប់មក ក៏ងើបដើរទៅបត់ជើងតូច រួចត្រឡប់មកកន្លែងយាមវិញ ភ្លាមៗនោះគាត់បានក្រឡេកឃើញជនសង្ស័យកំពុងជិះកង់សំដៅមកទីតាំងរបស់គាត់។
សន្តិសុខបានបន្តថា ដោយឃើញជនសង្ស័យមិនស្រួល អាចមានបំណងមិនល្អ គាត់ក៏បានបន្លំធ្វើជាគេងលក់ រួចដាក់ទូរស័ព្ទនៅក្បែរខ្លួន ។ មួយស្ទុះក្រោយមក ជនសង្ស័យខាងលើ ក៏បានជិះកង់មកដល់ រួចវាយចន្ទល់កង់ ធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់គាត់ ប៉ុន្តែមិនបានសម្រេច ត្រូវគាត់ចាប់បានរួចស្រែកអោយគេជួយផ្អើលពេញផ្លូវ ។ ភ្លាមៗនោះជនសង្ស័យក៏បានធ្វើសកម្មភាពដកកូនកាំបិតស្រួចមួយ ចាក់មកលើគាត់ តែត្រូវគាត់យកដៃរងទាន់ បណ្តាលឲ្យរបួសកូនដៃបន្តិច ទើបពលរដ្ឋនៅក្បែរនោះឃើញ ក៏នាំគ្នាជួយចាប់ក្របួចបាន ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកក់១ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធី ៕





ចែករំលែកព័តមាននេះ