រដូវវស្សាដែលកំពុងតែបោះជំហានមកដល់នៅពេលនេះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គឺអាចកាចជាងឆ្នាំមុនដូច្នេះសូមជ្រាប ។ ការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បី ចែករំលែក និងការរំលឹកឲ្យប្រុងប្រយ័ត្ន ពីព្រោះអ្វីដែលនឹងកើត គឺ វាអាចគ្រោះថ្នាក់ដល់អាយុជីវិតយើងទាំងអស់គ្នា ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងបានឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៥នេះ បរិមាណទឹកភ្លៀងមានខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ២០២៤ ប៉ុន្ដែអ្វីដែលជាការគួរឲ្យកត់សំគាល់នោះគឺបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់អាចកើតឡើងច្រើនផងដែរ ។
នោះហើយគឺជារឿងដែលចាំបាច់យើងត្រូវតែដឹង ហើយលើកកម្ពស់ការបង្ការនិងត្រៀមខ្លួន។
សេចក្ដីជូនដំណឹងបានបញ្ជាក់លម្អិតពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវវស្សាចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២៥ថា យោងលើការព្យាករណ៍ស្ដីពីស្ថានភាពវិវត្ដន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញថា ចាប់ពីខែឧសភាបាតុភូតឡានីញ៉ានឹងថយចុះមកត្រឹម១០ភាគរយ ហើយបាតុភូតអែនសូឡើងដល់៨០ភាគរយ។
ប្រភពដដែលបានសង្កត់ធ្ងន់ថា រដូវវស្សាឆ្នាំនេះអាចនឹងចាប់ផ្ដើមនៅក្នុងសប្ដាហ៍ទី១នៃខែឧសភា ឆ្នាំ២០២៥ ដែលលឿនជាងឆ្នាំ២០២៤ រីឯបរិមាណទឹកភ្លៀងនៅខែឧសភាដល់ខែមិថុនា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ហើយចាប់ពីខែកក្កដាដល់ខែសីហា បរិមាណទឹកភ្លៀងក៏ មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ដោយឡែកនៅចុងរដូវវស្សាពីខែកញ្ញាដល់តុលា បរិមាណទឹកភ្លៀងមានកម្រិតខ្ពស់ជាងឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។
ចំពោះស្ថានភាពអាកាសធាតុបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ដែលអាចកើតមានច្រើន។
បាតុភូតរន្ទះនេះសាហាវ។ នៅពេល វាកើតមានឡើងម្តងៗមិនថាជីវិតមនុស្ស និងសត្វនោះទេ នឹងអាចស្លាប់និងរបួស ។ ជាក់ស្តែងកាលពីឆ្នាំ២០២៤កន្លងទៅ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថា បាតុភូតរន្ទះនេះវាបានសម្លាប់ជីវិតមនុស្សសរុបដល់ទៅ ៦៨ នាក់ និងរបួស៥០ នាក់ រីឯខ្យល់កន្ត្រាក់នោះសម្លាប់មនុស្ស៧ នាក់ ។ ក្រៅពីត្រូវប្រុងប្រយ័ត្ននឹងបាតុភូតផ្គរន្ទះ ខ្យល់កន្ត្រាក់ហើយនោះ យើងក៏គួរប្រយ័ត្នដែរអំពីបញ្ហាទឹកជំនន់។
ក្រសួងមិនបាននិយាយចំៗអំពីបញ្ហាទឹកជំនន់ទេ ប៉ុន្តែបញ្ជាក់ថា របាយទឹកភ្លៀងអាច មានច្រើន ដូច្នេះករណីគ្រោះដែលងាយនឹងប្រឈមមុខនឹងស្ថានភាពអាកាសធាតុបែបនេះបំផុតគឺ ទឹកជំនន់ ។ កាលពីឆ្នាំទៅ កម្ពុជាពិតជាសំណាងមែនទែន។ ទោះបីជាគ្រោះទឹកជំនន់វាបានកើតមានឡើងជុំទិស គឺទាំងវៀតណាម ទាំងឡាវ និង ថៃ ប៉ុន្តែកម្ពុជាបានរួចខ្លួន ។
កម្ពុជារងគ្រោះដែរ ប៉ុន្តែគ្រាន់តែជាជំនន់ទឹកភ្លៀងធម្មតា ឫតូចតាចមិនបង្កគ្រោះមហន្តរាយធំដុំដូចជាប្រទេសជិតខាងនិងប្រទេសនៅក្នុងតំបន់ឡើយ។ ប៉ុន្តែធម្មជាតិពិបាកព្យាករណ៍ ដូច្នេះ ការប្រុងប្រៀបរៀបចំផែនការ និងសកម្មភាពសម្រាប់ឆ្លើយតបគួរតែរួចរាល់ ដើម្បីបង្ការនិងកាត់បន្ថយផលប៉ះពាល់ពីធ្ងន់ធ្ងរមកមធ្យម ពីមធ្យមមកស្រាល ពីស្រាលមកអត់មាន។
សង្ឃឹថា កម្ពុជានឹងមិនប្រឈមបញ្ហាអ្វីធំដុំនៅក្នុងរដូវវស្សានេះឡើយ ហើយគ្រោះធម្មជាតិទាំងអស់នឹងមិនមកបៀតបៀនប្រជាជនកម្ពុជាយើងឡើយ៕
ចែករំលែកព័តមាននេះ