រាជធានីភ្នំពេញ ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកាត់បន្ថយការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការចុះទប់ស្កាត់ និងឃាត់ម៉ូតូ ដែលកែច្នៃខុសបច្ចេកទេសចំនួន១០គ្រឿងនៅខណ្ឌដូនពេញ ។

ជាក់ស្តែង ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនាព្រឹកថ្ងៃទី០៤ ខែធ្នូ្នថា ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានទប់ស្កាត់ម៉ូតូប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន១០គ្រឿង ដែលបង្កជាសំឡេងបំពងរំខានដល់អ្នកដទៃ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។

សមត្ថកិច្ចបានណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ ។
ចំណាត់ការនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដោយសង្ឃឹមថាវា នឹងក្លាយជាសារព្រមានដល់អ្នកបើកបរដទៃទៀត ឱ្យចូលរួមគោរពច្បាប់ និងបញ្ឈប់ការកែច្នៃយានយន្តដែលបង្កការរំខានដល់សង្គមជាតិ ៕



ចែករំលែកព័តមាននេះ