លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខា្នតយក្សរបស់អាមេរិកមួយនេះ បានអះអាងថា ភាគច្រើន iPhone សម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិកនៅប៉ុន្មានខែខាងមុខនេះ នឹងត្រូវដំឡើងក្នុងប្រទេសឥណ្ឌាជំនួសវិញ ខណៈប្រទេសវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ផលិតផលផ្សេងទៀតដូចជា iPad និង Apple Watche ជាដើម។ នេះគឺជាដំណើរការដ៏សំខាន់ឆ្លើយតបនឹងផែនការរបស់ក្រុមហ៊ុន ដើម្បីរើរោងចក្រដំឡើង iPhone ទាំងអស់សម្រាប់ផ្គង់ផ្គង់ទីផ្សារអាមេរិកទៅកាន់ប្រទេសឥណ្ឌាទាំងស្រុង ដូចដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Financial Times កាលពីចុងខែមេសាកន្លងទៅ។
ការផ្លាស់ប្តូរទិសដៅផលិតកម្មនេះ កើតឡើងនៅពេលដែលក្រុមហ៊ុន Apple បានប៉ាន់ប្រមាណឃើញថា ពន្ធនាំចូលរបស់អាមេរិកអាចបន្ថែមការចំណាយប្រហែល ៩០០លានដុល្លារក្នុងត្រីមាសនេះ បើទោះបីជាការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការលើកលែងគ្រឿងអេឡិចត្រូនិកសំខាន់ៗពីពន្ធថ្មីយ៉ាងណាក៏ដោយ។ រដ្ឋបាលលោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនចង់ឱ្យក្រុមហ៊ុន Apple ផ្លាស់ប្តូរផលិតកម្មមកកាន់ទឹកដីសហរដ្ឋអាមេរិក។
នៅក្នុងការហៅទូរស័ព្ទជាមួយបណ្តាអ្នកវិនិយោគកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិភាក្សាពីដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple នោះ លោក Tim Cook ហាក់ដូចជាចង់ទាក់ទាញការយកចិត្តទុកដាក់ចំពោះការវិនិយោគរបស់ខ្លួននៅសហរដ្ឋអាមេរិកផងដែរ។ នាយកប្រតិបត្តិវ័យ៦៤ឆ្នាំរូបនេះ បានបើកការពិភាក្សាជាមួយនឹងការរំលឹកអំពីផែនការរបស់ក្រុមហ៊ុន Apple ក្នុងការវិនិយោគលើទំហំទឹកប្រាក់ដ៏៥០០ពាន់លានដុល្លារនៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល៤ឆ្នាំខាងមុខ។
សម្រាប់ផលិតកម្មនៅប្រទេសឥណ្ឌា លោក Tim Cook បានបញ្ជាក់ថា Apple កំពុងតែផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតផលភាគច្រើនលក់នៅអាមេរិកចេញពីប្រទេសចិន ហើយប្រទេសឥណ្ឌា និងវៀតណាម ដែលត្រៀមខ្លួនជាអ្នកទទួលបានផលដ៏សំខាន់នៃការផ្លាស់ប្តូរនោះ។ លោកថ្លែងថា «យើងរំពឹងថា iPhone ភាគច្រើនដែលលក់នៅអាមេរិកនឹងមានប្រភពដើមពីប្រទេសឥណ្ឌា។ ទន្ទឹមនឹងនេះដែរ វៀតណាមត្រូវបានរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ផលិតផលស្ទើរតែទាំងអស់រួមមាន iPad, Mac, Apple Watch និង AirPods ដែលលក់នៅអាមេរិកដូចគ្នា។ ទោះយ៉ាងណាក៏ដោយ លោកបន្ថែមថា ប្រទេសចិននឹងនៅតែជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ផលិតផលសរុបភាគច្រើនដែលលក់នៅទីផ្សារក្រៅពីសហរដ្ឋអាមេរិក។
ចែករំលែកព័តមាននេះ