ទីក្រុងញូដេលី៖ រដ្ឋមន្ត្រីការបរទេសអាមេរិកដែលទើបតែឡើងតំណែងបន្ថែមជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកផងដែរនោះបានអំពាវនាវឱ្យឥណ្ឌា និងប៉ាគីស្ថានខិតខំដោះស្រាយភាពតានតឹងក្រោយការបាញ់ប្រហារនៅកាស់ស្មៀ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីមានសញ្ញាថាឥណ្ឌាត្រៀមវាយប្រហារប៉ាគីស្ថានជាលក្ខណៈព្រមាន និងបញ្ចេញប្រតិកម្មតបចំពោះប្រទេសនេះដែលឥណ្ឌាចោទប្រកាន់ថាជាអ្នកនៅពីក្រោយខ្នងពួកភេរវកម្ម។
នៅក្នុងស្ថានភាពដែលអាចនឹងរងការវាយប្រហារបែបនេះ ប៉ាគីស្ថានក៏បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់កាំភ្លើងពិតក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់អគ្គបញ្ជាការកងទ័ព។ លោករូប៊ីយ៉ូស្នើសុំឱ្យនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងរដ្ឋមន្ត្រីការបរទេសឥណ្ឌាខិតខំបន្ធូរបន្ថយភាពតានតឹង។ ថ្មីៗនេះ ឥណ្ឌាប្រកាសថាខ្លួនត្រូវតែប្រៀនប្រដៅប៉ាគីស្ថានឱ្យស្គាល់ដៃម្ដង។
ប្រទេសនុយក្លេអ៊ែរទាំង២នេះបានបណ្ដេញអ្នកការទូត និងប្រជាជនប្រទេសម្ខាងទៀតចេញពីទឹកដីរបស់ខ្លួនជាប្រញាប់ និងបញ្ជាឱ្យបិទច្រកព្រំដែនទាំងអស់។ នៅក្នុងការហៅទូរស័ព្ទទៅសមភាគីឥណ្ឌារបស់គាត់ លោករូប៊ីយ៉ូបានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិតមនុស្ស។ លោកក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាមេរិកដើម្បីរួមកម្លាំងគ្នាជាមួយឥណ្ឌាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជាបន្តទៀត។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រីថេមី ប្រ៊ូស (Tammy Bruce)។
ប្រមុខការទូតឥណ្ឌា លោកជេសាន់កា (Jaishankar) បញ្ជាក់ថានៅក្នុងការហៅទូរស័ព្ទនោះ លោកប្រាប់លោករូប៊ីយ៉ូថាជនដៃដល់, អ្នកនៅពីក្រោយខ្នង និងអ្នករៀបផែនការបាញ់ប្រហារនោះត្រូវតែចាប់យកមកផ្ដន្ទាទោសឱ្យខាងតែបាន។ លោករូប៊ីយ៉ូក៏បានហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីប៉ាគីស្ថានផងដែរ និងសង្កត់ធ្ងន់ថាភាគីទាំង២គួរតែបន្តជជែកគ្នាដើម្បីធ្វើឱ្យមានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ នេះបើយោងតាមការប្រកាសរបស់ប៉ាគីស្ថាន។
នៅក្នុងការសន្ទនានោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានច្រានចោលការចោទប្រកាន់ពីសំណាក់ឥណ្ឌា។ លោកក៏បានស្នើសុំឱ្យអាមេរិកដាក់សម្ពាធទៅលើឥណ្ឌាដើម្បីកាត់បន្ថយការបំផ្លោងវោហារសាស្ត្រចោទប្រកាន់ ហើយត្រូវធ្វើអ្វីចេះគិតមុខគិតក្រោយផង (ចង់សំដៅទៅលើគម្រោងវាយប្រហាររបស់ឥណ្ឌាទៅលើប៉ាគីស្ថាន)។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ