រាជធានីភ្នំពេញ ៖ សូមបងប្អូនជួយស៊ែរដំណឹងនេះបន្តផង ដើម្បីស្វែងរកសាច់ញាតិមកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យផង បន្ទាប់ពីមានករណីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យជាង៤០ឆ្នាំ ដើររសាត់អណ្តែតតាមផ្លូវ ទំនងអស់កម្លាំងពេក ក៏ឡើងទៅដេកលើកង់បីគេ ដែលម្ចាស់ចតទុកក្រោមផ្ទះ លុះម្ចាស់កង់បីមកដាស ទើបដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចបេឡានផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីម្ចាស់កង់បីខាងលើបានអោយដឹងថា មុនកើតហេតុ គាត់បានចតកង់បីទុកក្រោមផ្ទះដូចសព្វមួយដង ហើយបានឡើងទៅសម្រាកនៅបន្ទប់ជួលបាត់ទៅ ។ លុះចុះមកក្រោមផ្ទះវិញ ក៏ស្រាប់តែឃើញបុរសខាងលើបានដេកលើកង់បីរបស់គាត់ ។ ភ្លាមៗ គាត់បានដាស់មួយសន្ទុះធំតែជនរងគ្រោះមិនព្រមភ្ញាក់សោះ ដោយកើតមានចិត្តសង្ស័យ គាត់ក៏ទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ចុះពិនិត្យ រួចពេទ្យក៏ប្រាប់ថា « បុរសខាងលើរូបនោះបានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ » ទើបគាត់ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍តែម្តងទៅ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះដល់ចំណុចកើតហេតុខាងលើ បានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះពិនិត្យ និងធ្វើកំណត់ហេតុរួចក៏បានសន្និដ្ឋានស្លាប់ដោយសារខ្យល់គរ សមត្ថកិច្ចក៏បានប្រគល់សពអោយរថយន្ដសាមុយដឹកទៅវត្តទួលសង្កែរង់ចាំសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី៕



ចែករំលែកព័តមាននេះ